អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលប្រជាជននៅក្នុងទីក្រុងរបស់ខ្ញុំ បានសាងសង់ផ្ទះ នៅក្នុងតំបន់ ដែលងាយនឹងមានគ្រោះថ្នាក់បាក់ដី។ អ្នកខ្លះបានដឹងអំពីគ្រោះថ្នាក់ ដែលអាចកើតឡើង ពីដីដែលមិនរឹងមាំ ខណៈពេលដែលអ្នកដទៃទៀត មិនបានដឹងអំពីរឿងនេះ។ “អ្នកសិក្សាអំពីសណ្ឋានដីបានធ្វើការដាត់តឿនប្រជាជនអស់រយៈពេល៤០ឆ្នាំមកហើយ ហើយបទបញ្ជារបស់សាលាក្រុងក៏ត្រូវបានគេបង្កើតឡើង ដើម្បីធានាការសាងសង់ឲ្យមានសុវត្ថិភាព” ប៉ុន្តែ គេមិនបានពន្យល់ប្រជាជនអំពីរឿងនេះ ហើយក៏មានអ្នកដែលមិនអើពើរនឹងរឿងនេះតែម្តង(ដកស្រង់ពីកាសែត The Gazette, Colorado Springs, ចេញថ្ងៃទី២៧ មេសា ឆ្នាំ ២០១៦)។ ដោយសារគេសង់ផ្ទះទាំងនោះ នៅលើភ្នំ នោះគេអាចទស្សនាទេសភាពដ៏ស្រស់ស្អាត ពីផ្ទះទាំងនោះ ប៉ុន្តែ ដីដែលពួកគេបានសង់ផ្ទះពីលើនោះ អាចបាក់ស្រុតនៅពេលណាមួយ ដោយមិនឲ្យដំណឹងជាមុន។
មានមនុស្សជាច្រើន នៅនគរអ៊ីស្រាអែល សម័យបុរាណបានព្រងើយកន្តើយ ចំពោះការដាស់តឿនរបស់ព្រះអម្ចាស់ ឲ្យងាកចេញពីការថ្វាយបង្គំរូបព្រះ ហើយឲ្យស្វែងរកទ្រង់ ដែលជាព្រះដ៏ពិត និងដ៏រស់។ ព្រះគម្ពីរសញ្ញាចាស់បានកត់ត្រាអំពីសោកនាដកម្ម ដែលជាលទ្ធផលនៃការមិនស្តាប់បង្គាប់នោះ។ ប៉ុន្តែ ទោះជាលោកិយកំពុងរង្គោះរង្គើរនៅជុំវិញពួកគេក៏ដោយ ក៏ព្រះអម្ចាស់ នៅតែបន្តឈោងទៅរករាស្រ្តទ្រង់ ដោយព្រះបន្ទូល អំពីការអត់ទោសបាប និងក្តីសង្ឃឹម បើសិនជាពួកគេងាកបែរមករកទ្រង់ ហើយដើរតាមផ្លូវទ្រង់។
ហោរាអេសាយបានថ្លែងថា “នឹងមានសេចក្តីសុខស្រួលនៅក្នុងគ្រាឯង ព្រមទាំងសេចក្តីសង្គ្រោះប្រាជ្ញា និងដំរិះជាបរិបូរដែរ សេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ា នោះនឹងបានជាឃ្លាំងរបស់ឯង”(អេសាយ ៣៣:៦)។
សព្វថ្ងៃនេះ មិនខុសពីគ្រាសញ្ញាចាស់ឡើយ ព្រះទ្រង់នៅតែប្រទានឲ្យយើងមានសេរីភាព នៅក្នុងការជ្រើសរើសយកគ្រឹះរបស់ទ្រង់ សម្រាប់សាងសង់ជីវិតយើងពីលើ។ យើងអាចដើរតាមសេចក្តីប៉ងប្រាថ្នារបស់យើង ឬយើងអាចឱបក្រសោបយក គោលការណ៍ដ៏អស់កល្បរបស់ទ្រង់ ដែលមានចែងក្នុងព្រះគម្ពីរ និងនៅក្នុងអង្គព្រះយេស៊ូវ គ្រីស្ទ។
គឺដូចមានបទចម្រៀងដែលសរសើរដំកើងថា “ខ្ញុំឈរនៅលើថ្មដាដ៏រឹងមាំ ដែលជាព្រះគ្រីស្ទ ពេលដែលដីទាំងអស់ នៅជុំវិញ កំពុងបាក់ស្រុត”(Edward Mote)។—DAVID C. MCCASLAND