សព្វថ្ងៃនេះ យើងអាចមានលទ្ធភាពទាក់ទងទៅអ្នកដទៃ ដែលនៅឆ្ងាយពីយើង ដោយសេរី តាមរយៈទូរស័ព្ទដៃ។ នេះគឺជាអត្ថប្រយោជន៍មួយ ក្នុងចំណោមអត្ថប្រយោជន៍ជាច្រើនរបស់ទូរស័ព្ទដៃ។ ហេតុនេះហើយ បានជាមនុស្សជាច្រើន បាននិយាយតាមទូរស័ព្ទ ឬថែមទាំងផ្ញើសារទៅអ្នកដទៃ ពេលកំពុងបើកបរ ហើយជាញឹកញាប់ ការនេះបានបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវ។ ដើម្បជាសវាងមហន្តរាយដូចនេះ មានតំបន់ជាច្រើនក្នុងពិភពលោក បានបង្កើតច្បាប់ ហាមមិនឲ្យប្រើទូរស័ព្ទពេលកំពុងបើកបរ។ ជាតួយ៉ាង នៅសហរដ្ឋអាមេរិក នៅតាមផ្លូវហាយវេយ មានផ្លាកសញ្ញាចរាចរណ៍ ដែលរំឭកអ្នកបើកបរទាំងឡាយថា ពួកគេបានមកដល់តំបន់ពិសេស សម្រាប់ទូរស័ព្ទដៃហើយ ដែលនៅទីនោះ ពួកគេអាចបើកអែបខាងហើយឈប់ឡាន ដើម្បីនិយាយតាមទូរស័ព្ទ ឬផ្ញើសារ ដោយសេរី។
ការហាមមិនឲ្យទំនាក់ទំនងតាមទូរស័ព្ទ ពេលកំពុងបើកបរ គឺជាគំនិតដ៏ល្អ ប៉ុន្តែ មានទំនាក់ទំនងមួយប្រភេទទៀត ដែលគ្មានអ្វីអាចហាមឃាត់បានឡើយ គឺការអធិស្ឋាន។ ព្រះទ្រង់បានអញ្ជើញយើង ឲ្យអធិស្ឋានទៅរកទ្រង់ ទោះជាយើងកំពុងធ្វើដំណើរទៅមក កំពុងជាប់រវល់ដៃ ឬកំពុងអង្គុយនៅស្ងៀមក៏ដោយ។ ក្នុងព្រះគម្ពីរសញ្ញាថ្មី សាវ័កប៉ុលបានបង្រៀនមនុស្សម្នាក់ៗ ដែលចង់ទំនាក់ទំនងជាមួយព្រះ ឲ្យ “អធិស្ឋានឥតឈប់ឈរ” (១ថែស្សាឡូនិច ៥:១៧)។ នៅក្នុងការបង្រៀនឲ្យអធិស្ឋាន សាវ័កប៉ុលបានលើកទឹកចិត្តយើង ឲ្យ “អរសប្បាយជានិច្ច”(ខ.១៦) ហើយ “អរព្រះគុណព្រះ គ្រប់កាលៈទេសៈ”(ខ.១៨)។ ព្រះទ្រង់បានត្រាសហៅយើង ឲ្យមានអំណរ និងអរព្រះគុណទ្រង់ ដែលជាការបង្ហាញចេញនូវសេចក្តីជំនឿ ចំពោះព្រះ តាមរយៈព្រះគ្រីស្ទ ដែលតាំងជាប់នៅក្នុងការអធិស្ឋាន។
ព្រះទ្រង់តែងតែមានពេល សម្រាប់ឲ្យយើងស្រែករកទ្រង់ ក្នុងរយៈពេលខ្លី ក៏ដូចជាសម្រាប់ឲ្យយើងសន្ទនាជាមួយទ្រង់ ក្នុងរយៈពេលវែង។ ទ្រង់បានស្វាគមន៍យើង ឲ្យចូលទៅក្នុងទំនាក់ទំនងជាមួយទ្រង់ ដើម្បីបង្ហាញចេញដល់ទ្រង់នូវក្តីអំណរ និងការដឹងគុណ តម្រូវការ សំណួរ និងការខ្វល់ខ្វាយទាំងឡាយ(ហេព្រើរ ៤:១៥-១៦)។ យើងតែងតែស្ថិតនៅក្នុងតំបន់នៃការអធិស្ឋានជានិច្ច។—BILL CROWDER