សព្វ​ថ្ងៃ​នេះ យើង​អាច​មាន​លទ្ធ​ភាព​ទាក់​ទង​ទៅ​អ្នក​ដទៃ ដែល​នៅ​ឆ្ងាយ​ពី​យើង ដោយ​សេរី តាម​រយៈ​ទូរ​ស័ព្ទ​ដៃ។ នេះ​គឺ​ជា​អត្ថ​ប្រយោជន៍​មួយ ក្នុង​ចំណោម​អត្ថ​ប្រយោជន៍​ជា​ច្រើន​របស់​ទូរ​ស័ព្ទ​ដៃ។ ហេតុ​នេះ​ហើយ​ បាន​ជា​មនុស្ស​ជា​ច្រើន ​បាន​និយាយ​តាម​ទូរ​ស័ព្ទ ឬ​ថែម​ទាំង​ផ្ញើ​សារ​ទៅ​អ្នក​ដទៃ ពេល​កំពុ​ងបើ​ក​បរ ហើយ​ជា​ញឹក​ញាប់ ការ​នេះ​បាន​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​សា​ហាវ។ ដើម្ប​ជាស​វាង​មហន្ត​រាយ​ដូច​នេះ មាន​តំបន់​ជា​ច្រើន​ក្នុង​ពិភព​លោក បាន​បង្កើត​ច្បាប់ ហាម​មិ​នឲ្យ​ប្រើ​ទូរស័ព្ទ​ពេល​កំពុង​បើក​បរ។ ​ជា​តួ​យ៉ាង នៅ​សហ​រដ្ឋ​អាមេរិក នៅ​តាម​ផ្លូវ​ហាយ​វេយ មាន​ផ្លាក​​សញ្ញា​ចរាចរណ៍ ដែល​រំឭក​អ្នក​បើក​បរ​ទាំង​ឡាយ​ថា ពួក​គេ​បាន​មក​ដល់​តំបន់​ពិសេស សម្រាប់​ទូរស័​ព្ទ​ដៃ​ហើយ​ ដែ​ល​នៅ​ទីនោះ ពួក​គេ​អាច​បើក​អែប​ខាង​ហើយ​ឈប់​ឡាន ដើម្បី​និយាយ​តាម​ទូរ​ស័ព្ទ ឬ​ផ្ញើសារ ដោយ​សេរី។

ការ​ហាម​មិន​ឲ្យ​ទំនាក់​ទំនង​តាម​ទូរ​ស័ព្ទ ពេល​កំពុង​បើក​បរ គឺ​ជា​គំនិត​ដ៏​ល្អ ប៉ុន្តែ មាន​ទំនាក់​ទំនង​មួយ​ប្រភេទ​ទៀត ​ដែល​គ្មាន​អ្វី​អាច​ហាម​ឃាត់​បាន​ឡើយ គឺ​ការ​អធិ​ស្ឋាន។ ព្រះ​ទ្រង់​បាន​អញ្ជើញ​យើង ឲ្យ​អធិ​ស្ឋាន​ទៅ​​រក​ទ្រង់ ទោះ​ជា​យើ​ង​កំពុង​ធ្វើ​ដំណើរ​ទៅម​ក កំពុ​ង​ជាប់​រវល់​ដៃ ឬ​កំពុង​អង្គុ​យ​នៅ​ស្ងៀម​ក៏​ដោយ។ ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី សាវ័ក​ប៉ុល​បាន​បង្រៀន​មនុស្ស​ម្នា​ក់​ៗ ដែល​ចង់​ទំនាក់​ទំន​ងជា​មួយ​ព្រះ ឲ្យ “អធិស្ឋាន​ឥត​ឈប់​ឈរ” (១ថែស្សាឡូនិច ៥:១៧)។ នៅ​ក្នុង​ការ​បង្រៀន​ឲ្យ​អធិ​ស្ឋាន សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ “អរ​សប្បាយ​ជា​និច្ច”(ខ.១៦) ហើយ “អរ​ព្រះ​គុណ​ព្រះ គ្រប់​កាលៈ​ទេសៈ”(ខ.១៨)។ ព្រះ​ទ្រង់​បាន​ត្រាស​ហៅ​យើង​ ឲ្យ​មាន​អំណរ និង​អរ​ព្រះ​គុណ​ទ្រង់ ដែល​ជា​ការ​បង្ហាញ​ចេញ​នូវ​សេចក្តី​ជំនឿ ចំពោះ​ព្រះ តាម​រយៈ​ព្រះ​គ្រីស្ទ ដែល​តាំង​ជាប់​នៅ​ក្នុង​ការអ​ធិ​ស្ឋាន។

ព្រះ​ទ្រង់​តែង​តែ​មាន​ពេល សម្រាប់​ឲ្យ​យើង​ស្រែក​រក​ទ្រង់ ក្នុ​ងរ​យៈ​ពេល​ខ្លី ក៏​ដូច​ជា​សម្រាប់​ឲ្យ​យើង​សន្ទ​នា​ជា​មួយ​ទ្រង់ ក្នុង​រយៈ​ពេល​វែង។ ទ្រង់​បាន​ស្វាគមន៍​យើង ឲ្យ​ចូល​ទៅ​ក្នុង​ទំនាក់​ទំន​ងជា​មួយ​ទ្រង់ ដើម្បី​បង្ហាញ​ចេញ​ដ​ល់​ទ្រង់​នូវ​ក្តីអំណរ និង​ការ​ដឹ​ងគុណ តម្រូវ​ការ សំណួរ និង​ការ​ខ្វល់​ខ្វាយ​ទាំង​ឡាយ​(ហេព្រើរ ៤:១៥-១៦)។ យើង​តែង​តែ​ស្ថិត​នៅ​ក្នុង​តំបន់​នៃ​ការ​អធិស្ឋាន​ជា​និច្ច។—BILL CROWDER