ខ្ញុំ​ចង់​ឲ្យ​ពេល​នោះ ស្ថិត​ក្នុង​ចំណោម​ពេល​ដែល​រំភើប​រីក​រាយ​បំផុត ក្នុង​ជីវិត​ខ្ញុំ។ តែ​ផ្ទុយ​ទៅ​វិញ វា​ស្ថិត​ក្នុង​ចំណោម​ពេល​ដែល​ខ្ញុំ​មាន​ភាព​ឯក​កោ​បំផុត។ ខ្ញុំ​ទើប​តែ​មាន​ការ​ងារ “ពិត​ប្រាកដ” ជា​លើក​ទី​មួយ បន្ទាប់​ពី​បាន​បញ្ចប់មហា​វិទ្យា​ល័យ នៅ​ក្នុង​ទីក្រុង​មួយ ដែល​មាន​ចម្ងាយ​រាប់​រយ​គីឡូ​ម៉ែត្រ ពី​កន្លែង​ដែល​ខ្ញុំ​ធំ​ធាត់។ ប៉ុន្តែ ភាព​រំភើប​រីក​រាយ នៅ​ក្នុង​ការ​បោះ​ជំហាន​ដ៏​ធំ​នោះ ក៏​បាន​រលាយ​ទៅ​វិញ​យ៉ាង​ឆាប់​រហ័ស។ ខ្ញុំ​មាន​ខុន​ដូ​ដ៏​តូច​មួយ​សម្រាប់​ស្នាក់​នៅ ដោយ​គ្មាន​គ្រឿង​សង្ហា​រឹម​សម្រាប់​ប្រើ​ប្រាស់។ ខ្ញុំ​មិន​ស្គាល់​ទី​ក្រុង​ដែល​ខ្ញុំ​ទើប​ផ្លាស់​មក​រស់​នៅនោះ ហើយ​​ក៏​មិ​ន​ស្គាល់នរណា​ម្នាក់សោះ។ ការ​ងា​រ​ថ្មី​នោះ មាន​លក្ខណៈ​គួរ​ឲ្យ​ចាប់​អារម្មណ៍ តែ​ភាព​ឯក​កោ​បាន​ធ្វើឲ្យ​ខ្ញុំបាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង។

នៅ​ពេល​យប់​ថ្ងៃ​មួយ ខ្ញុំ​បាន​អង្គុយ​នៅ​ផ្ទះ ផ្អែក​ទៅ​លើ​ជញ្ជាំង។ ខ្ញុំ​ក៏​បាន​បើក​ព្រះ​គម្ពីរ​របស់​ខ្ញុំ ហើយ​ក៏​បាន​បើក​ចំ​បទ​គម្ពីរ ទំនុក​ដំកើង ជំពូក​១៦ ដែល​ក្នុង​នោះ ខ.១១ បាន​សន្យា​ថា ព្រះ​ទ្រង់​នឹង​បំពេញ​សេចក្តី​ត្រូវ​ការ​របស់​យើង។ ខ្ញុំ​ក៏​បាន​អធិ​ស្ឋាន​ថា “ឱ​ព្រះ​អម្ចាស់ ទូល​បង្គំ​គិត​ថា ការ​ងារ​នេះសក្តិ​សម​នឹង​ទូល​បង្គំ តែ​ទូល​បង្គំ​មាន​អារម្មណ៍​ឯ​ក​កោ​ណាស់​។ សូម​ជួយ​ឲ្យ​ទូល​បង្គំ​នឹក​ចាំ​ថា ទ្រង់​គង់​នៅ​ក្បែរ​ទូល​បង្គំ​ជា​និច្ច”។ ខ្ញុំ​ក៏​បាន​អធិស្ឋាន​ទូល​អង្វរ​យ៉ាង​កំសត់ ដូច​នេះ អស់​ជា​ច្រើន​សប្តាហ៍។ នៅ​យប់​ខ្លះ អារម្មណ៍​ឯ​ក​កោ​របស់​ខ្ញុំ​ក៏​បាន​ថម​ថយ ហើយ​ខ្ញុំ​ក៏​បាន​ពិសោធ​នឹង​ព្រះ​វត្ត​មាន​របស់​ព្រះ។ នៅ​យប់​ខ្លះ​ទៀត ខ្ញុំ​មាន​អារម្មណ៍​ថា ឯក​កោ​យ៉ាង​ខ្លាំង។

ប៉ុន្តែ ខ្ញុំ​ក៏​បាន​វិល​ត្រឡប់​មក​រក​ខគម្ពីរ​នោះ​វិញ ដោយ​ការ​នឹក​ចាំ ជា​រៀង​រាល់​យប់ ហើយ​ព្រះទ្រ​ង់​ក៏​បាន​ជួយ​ឲ្យ​ខ្ញុំ​មាន​ជំនឿ​លើ​ទ្រង់​កាន់​តែ​ខ្លាំង បន្តិច​ម្តង​ៗ​។ ខ្ញុំបាន​ពិសោធ​នឹង​ភាព​ស្មោះ​ត្រង់​របស់​ទ្រង់ តាម​របៀប​ដែល​ខ្ញុំមិ​ន​ធ្លាប់​ពី​មុន​មក។ ហើយ​ខ្ញុំ​ក៏​រៀន​បាន​ថា កិច្ច​ការ​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​នោះ គឺ​ត្រូវ​ថ្វាយ​ចិត្ត​ដាច់​ដល់​ទ្រង់ ហើយ​រង់​ចាំ​ការ​ឆ្លើយ​តប​ដ៏​ស្មោះត្រង់​របស់​ទ្រង់ ដោយ​ការ​បន្ទា​បខ្លួន ដោយ​ទុក​ចិត្ត​លើ​ព្រះ​បន្ទូល ដែល​ទ្រង់​បាន​សន្យា​ថា នឹង​បំពេញ​យើង​ដោ​យព្រះ​វិញ្ញាណ​ទ្រង់​។-Adam Holz