គាត់​មា​ន​ឈ្មោះដា​វីឌ ប៉ុន្តែ មនុស្ស​ភាគ​ច្រើន​បាន​ហៅ​ឈ្មោះ​គាត់​ថា “អ្នក​កូត​វីយូឡុង​តាម​ផ្លូវ”។ លោក​ដាវីឌ​ជា​បុរស​វ័យ​ចំណាស់ ដែល​ស្លៀក​ពាក់​ខោ​មិន​ខោ អាវ​មិន​អាវ ដែល​គេ​ហាក់​ដូច​ជា​ឃើញ​គាត់ មាន​វត្ត​មាន​ជា​ទៀត​ទាត់ នៅ​ទី​ប្រជុំ​ជន ក្នុង​ទីកុ្រង​របស់​ខ្ញុំ ដោយ​គាត់​កំដរ​អារម្មណ៍ អ្នក​ដំណើរ​ទាំង​ឡាយ ដោយ​ប្រើ​សមត្ថ​ភាព​មិន​ធម្មតា​របស់​គាត់ នៅ​ក្នុង​ការ​កូត​វីយូ​ឡុង។ ជា​ការ​តប​ស្នង​ចំពោះ​សម្លេង​តន្រ្តី​ដ៏​ពិរោះ​របស់​គាត់ ជួន​កាល អ្នក​ស្តាប់​ខ្លះ​បាន​ដាក់​លុយ​មួយ​ដុល្លា ចូល​ទៅ​ក្នុង​ប្រអប់​ដាក់​វីយ៉ូឡុង ដែល​គាត់​បាន​បើក​ចំហ​រ​នៅ​លើ​ផ្លូវ​ដើរ។ លោក​ដាវីឌ​ក៏​បាន​ញញឹម ហើយ​ងក់​ក្បាល​ដាក់​គេ ដើម្បី​អរ​គុណ ខណៈ​ពេល​ដែល​គាត់​បន្ត​លេង​ភ្លេ​ងទៀត​។

ពេល​លោក​ដាវីឌ​លា​ចាក​លោក កាល​ពី​ពេល​ថ្មី​ៗ​នេះ  ដំណឹង​មរណៈ​ភាព​របស់​គាត់ ក៏​ត្រូវ​បាន​គេ​ផ្សព្វ​ផ្សាយ នៅ​ក្នុង​កាសែត​ក្នុង​តំបន់​មួយ ដែល​បាន​បង្ហាញ​ថា គាត់​ចេះ​និយាយ​បាន​បួន​ប្រាំ​ភាសា ហើយ​បាន​បញ្ចប់​ការ​សិក្សា នៅ​សកល​វិទ្យាល័យ​ដ៏​ល្បី​មួយ ហើយ​ថែម​ទាំង​បាន​ឈរ​ឈ្មោះ ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​សមា​ជិក​ព្រឹទ្ធ​សភា​ប្រចាំ​រដ្ឋ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន។ អ្ន​កខ្លះ​បាន​បង្ហាញ​ពី​អារម្មណ៍​ភ្ញាក់​ផ្អើល ចំពោះ​ជោគ​ជ័យ​របស់​គាត់ ព្រោះ​ពី​មុន ពួក​គេ​បាន​វាយ​តម្លៃ​គាត់ តាម​តែ​សម្ប​ក​ក្រៅ។

ព្រះ​គម្ពី​របាន​ចែង​ថា “ព្រះ​ទ្រង់​បាន​បង្កើត​មនុស្ស​មក ឲ្យ​ដូច​រូប​អង្គ​ទ្រង់”(លោកុប្បត្តិ ១:២៧)។ ត្រង់​ចំណុច​នេះ ព្រះ​គម្ពីរ​បាន​បង្ហាញ​អំពី​តម្លៃ​ដែល​យើង​ម្នាក់​ៗ​មាន​ពី​កំណើត ទោះ​ជា​យើង​មាន​រូប​សម្បត្តិ​យ៉ាង​ណា ឬ​បាន​សម្រេចជោគ​ជ័យ ឬ​ក៏​អ្នក​ដទៃ​គិត​យ៉ាង​ដូច​ម្តេច ចំពោះ​យើ​ង​ក៏​ដោយ។ សូម្បី​តែ​នៅ​ពេល​ដែល​យើង​សម្រ​ចចិត្ត ងាក​បែរ​ចេញ​ពី​ព្រះ ដោយ​សារ​អំពើ​បាប​របស់​យើង ក៏​ព្រះ​ទ្រង់​នៅ​តែ​ឲ្យ​តម្លៃ​យើង យ៉ាង​ខ្លាំង បាន​ជា​ទ្រង់​ចាត់​ព្រះ​រាជ​បុត្រា​តែ​មួយ​របស់​ទ្រង់ ឲ្យ​បង្ហាញ​ផ្លូវ​យើង ទៅ​រក​សេចក្តី​សង្រ្គោះ និង​ជីវិត​អ​ស់​កល្ប​ជា​និច្ច ជា​មួយ​ទ្រង់។

ព្រះ​ទ្រង់​ស្រឡាញ់​យើង ហើយ​មនុស្ស​គ្រប់​គ្នា​នៅ​ជុំវិញ​យើង សុទ្ធ​តែ​មាន​តម្លៃ​ចំពោះ​ទ្រង់។ ចូរ​យើង​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​យើង ដ​ល់​ទ្រង់ ជា​ការ​តប​ស្នង ដោយ​ចែក​រំលែ​កសេចក្តី​ស្រឡាញ់​របស់​ទ្រង់ ដល់​អ្នក​ដទៃ។—JAMES BANKS