នៅ​សម័យ​សង្រ្គាម​លោក​លើក​ទី​២ មាន​យុវជន​អាមេរិក​ជា​ច្រើន​នាក់ ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​ចូល​ក្នុង​ជួរ​ទ័ព។ នៅ​ក្នុងការ​ហ្វឹក​ហាត់​មូល​ដ្ឋាន នៅ​ប្រទេស​ឆ្ងាយ​ពី​ស្រុក​កំណើត ពួក​គេ​ក៏​បាន​ប្រែ​ជា​មាន​ការ​លេង​សើច និង​មាន​ទំនាក់​ទំនង​តាម​សំបុត្រ ដើម្បី​ជម្នះ​នឹង​ការ​លំបាក​ដែល​ពួក​គេ​ជួប​ប្រទះ។ ពេល​ដែល​យុវជន​ម្នាក់​បាន​សរសេរ​សំបុត្រ​មួយ​ច្បាប់​ផ្ញើទៅ​ផ្ទះ គាត់​បាន​ពិពណ៌​នា អំពី​ដំណើរ​ការ​នៃ​ការ​ចាក់​វ៉ាក់​សាំង ដោយ​ការ​និយាយ​បំភ្លើស ដ៏​គួរ​ឲ្យ​អស់​សំណើច​ថា “មាន​មន្ត្រី​ពេទ្យ​យោធា​ពីនាក់​បាន​ដេញ​ចាប់​យើង  ដោយ​ប្រើ​ស្ន។ ពួក​គេ​បាន​ចាប់​យើង​ទាំង​កញ្ឆក់ ហើយ​ផ្តួល​ទៅ​លើកម្រាល​ឥដ្ឋ ហើយ​ក៏​បាន​យក​ស្ន​ចាក់​ដៃ​របស់​យើង”។

ប៉ុន្តែ មាន​ទាហាន​ម្នាក់​បាន​ចាប់​ផ្តើម​ដឹង​ខ្លួន​ថា ការ​លេង​សើច​នេះ ដូច​ជា​ជ្រុល​បន្តិច​។ បន្ទាប់​មក​គាត់​ក៏​ទទួល​បានព្រះ​គម្ពីរ​មួយ​ក្បាល។ គាត់​ក៏​បាន​សរសេរ​នៅ​ក្នុង​សំបុត្រ​គាត់​ថា “ខ្ញុំ​ចូល​ចិត្ត​អាន​ព្រះ​គម្ពីរ​មួយ​ក្បាល​នេះ​ខ្លាំង​ណាស់ ហើយ​ខ្ញុំ​បាន​អាន​ព្រះ​គម្ពីរ​នេះ​ជា​រៀង​រាល់​យប់។ ខ្ញុំ​មិន​ដែល​ដឹង​ថា ខ្ញុំ​អាច​រៀន​សូត្រ​ពី​ព្រះ​គម្ពីរ បាន​ច្រើន​យ៉ាង​នេះ​សោះ”។

កាល​ពី​យូរ​មក​ហើយ ប្រជា​ជន​យូដា​ដែល​គេ​បាន​និរទេស បាន​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ បន្ទាប់​ពី​បាន​រស់​នៅជា​ទាសករ​អស់​ជា​ច្រើន​ឆ្នាំ នៅ​ចក្រ​ភព​បាប៊ីឡូន។ ខណៈ​ពេល​ដែល​ពួក​គេ​ខិត​ខំ​កសាង​កំផែង​ក្រុង​យេរូសាឡិម​ឡើង​វិញ ពួក​គេ​ក៏​បាន​ជួប​ការ​ប្រឆាំង​ជា​ច្រើន ពី​ពួក​ខ្មាំង​សត្រូវ ភាព​អត់​ឃ្លាន និង​អំពើ​បាប​របស់​ខ្លួន​ឯង។ ក្នុង​ពេល​ដែល​ពួក​គេ​កំពុង​ជួប​ទុក្ខ​លំបាក ពួក​គេ​ក៏​បាន​ងាក​បែរ​ទៅ​រក​ព្រះ​បន្ទូល​ព្រះ។ ពួក​គេ​ក៏​មាន​ការ​ភ្ញាក់​ផ្អើល ចំពោះ​ការ​អ្វី​ដែលពួក​គេ​បាន​រៀន​ពី​ព្រះ​គម្ពីរ។ ពេល​ដែល​ពួក​សង្ឃ​របស់​ព្រះ អាន​កណ្ឌ​គម្ពីរ​ក្រឹត្យ​វិន័យ​របស់​ព្រះ ពួក​បណ្តា​ជន​ក៏​បាន​ប៉ះ​ពាល់​ចិត្ត ហើយ​ក៏​នាំ​គ្នា​យំ(នេហេមា ៨:៩)។ ប៉ុន្តែ ពួក​គេ​ក៏​រក​បាន​នូវ​ការ​កម្សាន្ត​ចិត្ត​ផង​ដែរ។ លោក​នេហេមា​ ដែល​ជា​អភិបាល​ក្រុង ក៏​បាន​ប្រាប់​ពួក​គេ​ថា “ក៏​កុំ​ឲ្យ​មាន​ចិត្ត​ព្រួយ​ឡើយ ពី​ព្រោះ​សេចក្តី​អំណរ​របស់​ព្រះយេហូវ៉ា​ជា​កំឡាំង​នៃ​អ្នក​រាល់​គ្នា”(ខ.១០)។

យើង​អាច​ស្តាប់​ព្រះ​បន្ទូល​ព្រះ​បាន​គ្រប់​ពេល គឺ​មិន​ចាំ​បាច់​ទាល់​តែ​មាន​បញ្ហា​នោះ​ឡើយ។ តាម​រយៈ​ព្រះ​គម្ពីរ យើង​អាច​រៀន​សូត្រ​អំពី​ចរិយា​សម្បត្តិ ការ​អត់​ទោស​បាប និង​ការ​កម្សាន្ត​ចិត្ត​របស់​ទ្រង់។ ពេល​យើង​អាន​ព្រះ​បន្ទូល​ទ្រង់ យើង​នឹង​មាន​ការ​ភ្ញាក់​ផ្អើល ចំពោះ​ការ​អ្វី ដែល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​នឹង​បើក​សម្តែង​ឲ្យ​យើង​ដឹង នៅ​ក្នុង​ទំព័រ​នៃ​ព្រះ​គម្ពីរ​។—TIM GUSTAFSON