ថ្ងៃ​នេះ ជា​ថ្ងៃ​ទី​មួយនៃ​រដូវ​ផ្កា​រីក ក្នុង​តំបន់​ខាង​ជើង នៃ​ពិភព​លោក។ បើ​អ្នក​កំពុង​រស់​នៅ ក្នុង​ប្រទេស​អូស្រ្តាលី ថ្ងៃ​នេះជា​ថ្ងៃ​ទី​មួយ នៃ​រដូវ​ស្លឹក​ឈើ​ជ្រុះនៅ​តំបន់​ខាង​ត្បូង​នៃ​ពិភព​លោក។ នៅ​ថ្ងៃ​នេះ ព្រះ​អាទិត្យ​បញ្ចេញ​ពន្លឺ​ចំ​ពី​លើ​ខ្សែបន្ទាត់​អេក្វា​ទ័រ ហើយ​ម៉ោង​នៅ​ពេល​ថ្ងៃ និង​ម៉ោង​នៅ​ពេល​យប់ ស្ទើរ​តែ​មាន​ចំនួន​ស្នើ​គ្នា នៅ​ទូទាំង​ពិភព​លោក។

រដូវ​ថ្មី​មាន​សារៈ​សំខាន់​ចំពោះ​មនុស្ស​ជា​ច្រើន។ អ្នក​ខ្លះ​បាន​រាប់​ថយ​ក្រោយ នូវ​ចំនួន​ថ្ងៃដែល​នៅ​សល់ ព្រោះ​ពួក​គេ​សង្ឃឹម​ថានឹង​បាន​អ្វី​មួយ ពេល​រដូវ​កាល​ថ្មី​មក​ដល់។ អ្នក​ខ្លះ​ប្រហែល​ជា​បាន​គូស​ចំណាំ ពី​លើ​ប្រតិ​ទិន សម្រាប់​រដូវ​ផ្ការីក នៅ​រដ្ឋ​វីសខុនស៊ីន ដែល​ជា​សញ្ញា​បញ្ជាក់​អំពី​ការ​បញ្ចប់ ​នៃ​រដូវ​រងា។ ពុំ​នោះ​ទេ សម្រាប់​អ្នក​ដែល​រស់​នៅ​ក្នុង​ទី​ក្រុងមេល​បូន ពួក​គេ​កំពុង​រង់​ចាំ​រដូវ​ស្លឹក​ឈើជ្រុះ​យ៉ាង​អន្ទះ​សារ ដែល​នឹង​មកបញ្ចប់​រដូវ ដែល​មាន​កម្តៅ​ព្រះអាទិត្យ​ដ៏​ក្តៅ​នៅប្រទេស​អូស្រ្តាលី។

យើង​ក៏​ឆ្លង​កាត់​រដូវ​កាល​នៃ​ជីវិត ដែល​មិន​ជាប់​ទាក់​ទង​នឹង​អាកាស​ធាតុ​។ អ្នក​និពន្ធ​កណ្ឌ​គម្ពីរ​សាស្តា​បាន​ប្រាប់​យើង​ថា មាន​រដូវ​កាល​សម្រាប់​សកម្ម​ភាព​នីមួយ​ៗ នៅ​ក្រោម​ពន្លឺ​ថ្ងៃ គឺ​ពេល​ដែល​ព្រះ​ទ្រង់​បាន​កំណត់​ទុក សម្រាប់​ឲ្យ​ជីវិត​យើង​រស់​នៅ(៣:១-១១)។

លោក​ម៉ូសេ​បាន​មាន​ប្រសាសន៍ អំពី​រដូវ​កាល​ថ្មី​មួយ ក្នុង​ជីវិត​គាត់ បន្ទាប់​ពី​គាត់​បាន​ដឹក​នាំ​រាស្រ្ត​អ៊ីស្រា​អែល កាត់​តាម​វាល​រហោស្ថាន​(ចោទិយកថា ៣១:២) ហើយ​គាត់​ត្រូវ​ប្រគល់​ការ​ដឹក​នាំ​របស់​គាត់ ឲ្យ​លោក​យ៉ូស្វេ។ ចំណែក​លោក​ប៉ុល​វិញ គាត់​បាន​ជួប​រដូវ​កាល​ដ៏​ឯក​កោ ខណៈ​ពេល​ដែល​គាត់​កំពុង​ជាប់​នៅ​ក្នុង​ការ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ នៅ​ទី​ក្រុង​រ៉ូម ដោយគាត់​បាន​សូម​ឲ្យ​គេ​មក​សួរ​សុខ​ទុក្ខ​គាត់ តែ​គាត់​ក៏​បាន​ដឹង​ផង​ដែរ​ថា ព្រះ​ទ្រង់​បាន​គង់​នៅ​ក្បែរ​គាត់​ជា​និច្ច(២ធីម៉ូថេ ៤:១៧)។

ទោះ​ជីវិត​យើង​ស្ថិត​ក្នុង​រដូវ​កាល​ណា​ក៏​ដោយ ចូរ​យើង​អរ​ព្រះ​គុណ​ព្រះ សម្រាប់​ភាព​ធំ​ប្រសើរ ជំនួយ និង​ព្រះ​វត្ត​មានដែល​យាង​ទៅ​ជា​មួយ​យើង​ជា​និច្ច។—DAVE BRANON