នៅ​ថ្ងៃ​ដែល​ខ្ញុំ​និង​ម៉ាធី(Martie)រៀប​ការ ខ្ញុំ​បាន​និយាយ​ពាក្យ​សម្បថ ដោយ​ចិត្ត​រីក​រាយ​ថា នឹង​ស្មោះ​ត្រង់​ចំពោះ​នាង “ទោះ​ល្អ ឬ​អាក្រក់ ទោះ​ឈឺ​ឬ​ជា ទោះ​មាន​ឬ​ក្រ”។ ស្តាប់​មើល​ទៅ វា​ដូច​ជា​ចម្លែក​បន្តិច ដែល​នៅ​ថ្ងៃ​មង្គល​ការ ពាក្យ​សម្បថ​របស់​យើង​បាន​និយាយ អំពី​ការ​អាក្រក់​ដែល​កើត​មាន​ក្នុង​ជីវិត​ពិត ដែល​មាន​ដូច​ជា ការ​អាក្រក់ ជម្ងឺ និង​ភាពក្រីក្រ។ ប៉ុន្តែ ពាក្យ​សម្បថ​នេះ​បាន​គូស​បញ្ជាក់ អំពី​ការ​ពិត ដែល​ថា ជីវិត​របស់​មនុស្ស​ច្រើន​តែ​ជួប​ការ​អាក្រក់​ជា​ញឹក​ញាប់។

ដូច​នេះ តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្តេច ពេល​ដែល​យើង​ជួប​ទុក្ខ​លំបាក ដែល​មិន​អាច​ជៀស​រួច ក្នុង​ជីវិត? ត្រង់​ចំណុច​នេះ សាវ័ក​ប៉ុល​បាន​ជម្រុញ​យើង ឲ្យ“​អរ​ព្រះគុណ​ក្នុង​គ្រប់​ការ​ទាំង​អស់” ក្នុង​ព្រះ​នាម​ព្រះ​យេស៊ូវ​(១ថែស្សាឡូនិច ៥:១៨)។ ការ​អរ​ព្រះ​គុណ​ព្រះ នៅ​ពេល​មាន​ទុក្ខ ​គឺ​មិន​ងាយ​ស្រួល​ឡើង ប៉ុន្តែ សូម​យើង​ស្វែង​យល់​អំពី​មូល​ហេតុ ដែលព្រះ​ទ្រង់​បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​មាន​វិញ្ញាណ​ដែល​អរ​ព្រះ​គុណ។ ការ​ដឹង​គុណ​ព្រះ គឺ​មាន​មូល​ដ្ឋាន​នៅ​ក្នុង​សេចក្តី​ពិត ដែល​ថា ព្រះ​អម្ចាស់​យើង “ទ្រង់​ល្អ” ហើយ “សេចក្តី​ស្រឡាញ់​ទ្រ​ង់ស្ថិ​ត​ស្ថេរ​ជា​ដរាប”(ទំនុកដំកើង ១១៨:១)។ ទ្រង់​គង់​នៅ​ជា​មួយ​យើង ហើយ​ចម្រើន​កម្លាំង​យើង នៅ​ពេល​យើង​មាន​ទុក្ខ​លំបាក(ហេព្រើរ ១៣:៥-៦) ហើយ ដោយ​សារ​សេចក្តី​ស្រឡាញ់ ទ្រង់​បាន​ប្រើ​ទុក្ខ​លំបាក​របស់​យើង ដើម្បី​ជួយ​យើង​ឲ្យ​មាន​ចរិយា​សម្បត្តិ​ដែល​កាន់​តែ​ល្អ​ឡើង កាន់​តែ​ដូច​ទ្រង់(រ៉ូម ៥:៣-៤)។

ពេល​ដែល​ជីវិត​យើង​ជួប​ការ​លំបាក ចូរ​យើង​សម្រេច​ចិត្ត​ដឹង​គុណ​ព្រះ ដោយ​ផ្តោត​ចិត្ត​របស់​យើង ទៅ​លើ​សេចក្តី​ល្អរបស់​ព្រះ ហើយ​ការ​ដឹង​គុណ​ព្រះ នឹង​ចម្រើន​កម្លាំង​យើង ឲ្យ​អាច​ឆ្លង​កាត់​ទុក្ខ​លំបាក​យើង ដោយ​ជោគ​ជ័យ។ យើង​អាច​ច្រៀង​តាម​អ្នក​និពន្ធ​ទំនុក​ដំកើង​ថា “ចូរ​សរសើរ​ដល់​ព្រះយេហូវ៉ា​ចុះ ដ្បិត​ទ្រង់​ល្អ សេចក្តី​សប្បុរស​របស់​ទ្រង់​ស្ថិតស្ថេរ​នៅ​ជា​ដរាប”(ទំនុកដំកើង ១១៨:២៩)។—JOE STOWELL