ចាប់​តាំង​ពី​ពេល​ដែល​អ្នក​ស្រី​រស់(Ruth) បាន​ឈឺ​ចាប់​ដោយ​សារ​ជម្ងឺ​មហារីក​ កាល​ពី​បី​បួន​ឆ្នាំ​មុន គាត់​មិន​អាច​ញាំ​អា​ហារ និង​ផឹក​ទឹក ឬសូម្បី​តែ​លេប​ឲ្យ​បាន​ស្រួល​ឡើង។ គាត់​ក៏​បាន​បាត់​បង់​កម្លាំង​កាយ​ជា​ច្រើន ហើយ​ការ​វៈ​កាត់ ​និងការ​ព្យា​បាល​ជា​ច្រើន បាន​ធ្វើ​ឲ្យ​គាត់ នៅ​សល់​តែ​ស្រមោល​នៃ​ខ្លួន​គាត់ ដែល​គាត់​ធ្លាប់​មាន​ពី​មុន​មក។

តែ​អ្នក​ស្រី​រស់​ នៅ​តែ​អាច​សរសើរ​ដំកើង​ព្រះ។ ក្តី​ជំនឿ​របស់​គាត់​នៅ​តែ​ខ្លាំង ហើយ​ក្តី​អំណរ​របស់​គាត់​ក៏​បាន​ឆ្លង​ទៅ​ដល់អ្នក​ដទៃ​ទៀត។ គាត់​បាន​ពឹង​ផ្អែក​លើ​ព្រះ​ជា​រៀង​រាល់​ថ្ងៃ ហើយ​បាន​តោង​ជាប់​សេចក្តី​សង្ឃឹម​ថា ថ្ងៃ​ណា​មួយ គាត់​នឹង​បាន​ជា​សះ​ស្បើយ​ទាំង​ស្រុង។ គាត់​បាន​អធិ​ស្ឋាន​សូម​ការ​ប្រោស​ឲ្យ​ជា ហើយ​បាន​ទុក​ចិត្ត​ថា មិន​យូរ​មិន​ឆាប់ ព្រះ​ទ្រង់​នឹង​ឆ្លើយ​តប​គាត់​មិន​ខាន។ សេចក្តី​ជំនឿ​របស់​គាត់ គឺ​ពិត​ជា​គួរ​ឲ្យ​កោត​សរសើរ​មែន។

អ្នក​ស្រី​រស់​​​បាន​ពន្យល់​ថា ជំនឿ​របស់​គាត់​នៅ​តែ​រឹង​មាំ គឺ​ដោយ​សារ​ការ​ដឹង​ច្បាស់​ថា ព្រះ​ទ្រង់​នឹង​មិន​គ្រាន់​តែ​បំពេញ​ព្រះ​បន្ទូល​សន្យា​របស់​ទ្រង់ ក្នុង​ពេល​​ទ្រង់​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ទ្រទ្រង់​គាត់ ទាល់​តែ​ដល់​ពេល​ដែល​ទ្រង់​សម្រេច​ព្រះ​បន្ទូល​សន្យា​ទ្រង់។ រាស្រ្ត​របស់​ព្រះ​ក៏​មាន​សេចក្តី​សង្ឃឹម​ដូច​នេះ​ផង​ដែរ ពេល​ដែល​ពួក​គេ​បាន​រង់​ចាំ​ទ្រង់ សម្រេច​ផែន​ការ​ទ្រង់(អេសាយ ២៥:១) ដោយ​រំដោះ​ពួក​គេ ឲ្យ​រួច​ពី​ខ្មាំង​សត្រូវ (ខ.២) និង​ជូត​ទឹក​ភ្នែក​របស់​ពួក​គេ ហើយ​ដក​សេចក្តី​អាម៉ាស់​របស់​ពួក​គេ​ចេញ ព្រម​ទាំង “បំផ្លាញ​សេចក្តី​ស្លាប់​ឲ្យ​សូន្យ​បាត់”(ខ.៨)។

នៅ​ពេល​នោះ​ ព្រះ​ទ្រង់​ក៏​បាន​ប្រទាន​រាស្រ្ត​ទ្រង់ នូវ​ទីជ្រក​កោន និង​ជម្រក(ខ.៤) ពេល​ដែល​ពួក​គេ​រង់​ចាំ​ទ្រង់។ ទ្រង់​បាន​កម្សាន្ត​ចិត្ត​ពួក​គេ នៅ​ក្នុង​ទុក្ខ​លំបាក​របស់​ពួក​គេ និង​ប្រទាន​នូវ​កម្លាំង ឲ្យ​អាច​អត់​ទ្រំា ហើយ​ប្រទាន​ពួក​គេ​នូវ​ការ​ធានា​ថា ទ្រង់​គង់​នៅ​ជា​មួយ​ពួក​គេ​ជា​និច្ច។

សរុប​មក ព្រះ​បន្ទូល​សន្យា​ទ្វេរ​គុណ ដែល​ទ្រង់​បាន​ប្រទាន​យើង នាំ​ឲ្យ​យើង​មាន​ក្តី​សង្ឃឹម​ថា ទ្រង់​នឹង​រំដោះ​យើង​ឲ្យ​រួចពី​ការ​អាក្រក់​ នៅ​ថ្ងៃ​មួយ ព្រម​ទាំង​ប្រទាន​នូវ​ការ​កម្សាន្ត​ចិត្ត កម្លាំង និង​ជម្រក ពេញ​មួយ​ជីវិត​យើង​ផង។—LESLIE KOH