សូម​យើង​ស្រមៃ​ថា យើង​កំពុង​តែ​ឈរ​បញ្ជ្រៀត​គ្នា​ជា​មួយ​នឹង​ហ្វូង​មនុស្ស ដែល​កំពុង​រង់​ចាំ​ស្វាគមន៍ នៅ​តាម​បណ្តោយ​ផ្លូវ​ដី​មួយ​ខ្សែ។ ស្រ្តី​ដែល​ឈរ​ពី​ក្រោយ​អ្នក កំពុង​ចំទើត​ជើង ខំ​រក​មើល​តើ​នរណា​កំពុង​តែ​ធ្វើ​ដំណើរ​មក។ អ្នក​ក៏​បាន​មើល​ឃើញ​បុរស​ម្នាក់ កំពុង​ជិះ​សត្វ​លា​មួយ​ក្បាល ​ពី​ចម្ងាយ​មក តាម​ផ្លូវ​នោះ។ ពេល​ដែល​គាត់​ចូល​មក​កាន់​តែ​ជិត មនុស្ស​ម្នា​ក៏​បាន​បោះ​អាវ​វែង​របស់​ខ្លួន ទៅ​លើ​ផ្លូវ។ ភ្លាម​ៗ​នោះ អ្នក​ក៏​បាន​ឮ​សម្លេង​មែក​ឈើ​បាក់ នៅ​ពី​ក្រោយ​អ្នក គឺ​ជា​មែក​ដើម​លម៉ើ​ដែល​គេ​បាន​កាច់​ចែក​គ្នា ហើយ​ពួក​បណ្តា​ជន​ក៏​បាន​យក​មែកលម៉ើ​ទាំង​នោះ​ មក​តម្រៀប​ពី​លើ​ផ្លូវ មុន​ពេល​សត្វ​លា​ដើរ​មក​ដល់។

អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ​បាន​ថ្វាយ​ព្រះ​កិត្ត​នាម​ដល់​ទ្រង់ យ៉ាង​អស់​ពី​ចិត្ត ខណៈ​ពេល​ដែល​ទ្រង់​យាង​ចូល​ទីក្រុង​យេរូសាឡិម ដោយ​គង់​នៅ​លើ​ខ្នង​សត្វ​លា រយៈ​ពេល​២​បី​ថ្ងៃ មុន​ពេល​គេ​យក​ទ្រង់​ទៅ​ឆ្កាង។ ហ្វូង​មនុស្ស​បាន​អរ​សប្បាយ និង​សរសើរ​ដំកើង​ព្រះ​ដោយ​សារ “ការ​អស្ចារ្យ​ទាំង​អស់ ដែល​ពួក​គេ​បាន​ឃើញ”(លូកា ១៩:៣៧)។ អ្នក​ដែល​មាន​ចិត្ត​ប្តូរ​ផ្តាច់​ចំពោះ​ព្រះ​យេស៊ូវ បាន​មក​ចោម​រោម​ទ្រង់ ហើយ​ស្រែក​ឡើង​ថា “ស្តេច​ដែល​យាង​មក ដោយ​នូវ​ព្រះ​នាម​ព្រះ​អម្ចាស់ ទ្រង់​ប្រកប​ដោយ​ព្រះ​ពរ”(ខ.៣៨)។ ការ​ដែល​ពួក​គេ​ថ្វាយ​ព្រះ​កិត្តិ​នាម ដោយ​ភាព​ក្លៀវ​ក្លា​យ៉ាង​ដូច​នេះ ធ្វើ​ឲ្យ​ប្រជា​ជន​នៅ​ក្រុង​យេរូសា​ឡិម​មាន​ការ​ប៉ះ​ពាល់​ចិត្ត​យ៉ាង​ខ្លាំង។ ពេល​ដែល​ព្រះ​យេស៊ូវ​យាង​មក​ដល់ “នោះ​កើត​មាន​សេចក្តី​ជ្រួល​ជ្រើម​ពេញ​ក្នុង​ទី​ក្រុង ហើយ​គេ​សួរ​ថា លោក​នេះ​ជា​អ្នក​ណា?”(ម៉ាថាយ ២១:១០)។

សព្វ​ថ្ងៃ​នេះ មនុស្ស​នៅ​តែ​ចង់​ដឹង ចង់​ស្គាល់​ព្រះ​យេស៊ូវ។ ទោះ​បី​ជា​យើង​មិន​អាច​ក្រាល​ផ្លូវ​របស់​ទ្រង់ ដោយ​មែក​ដើមលម៉ើ ឬ​ស្រែក​សរសើរ​ទ្រង់ នៅ​ចំពោះ​មុខ​ទ្រង់​ដោយ​ផ្ទាល់​ក៏​ដោយ ក៏​យើង​នៅ​តែ​អាច​ថ្វាយ​ព្រះ​កិត្តិ​នាម​ដល់​ទ្រង់។ យើង​អាច​ជជែក​ជា​មួយ​គេ អំពី​កិច្ច​ការ​ដ៏​គួរ​ឲ្យ​កត់​សំគាល់​ដែល​ទ្រង់​បាន​ធ្វើ  និងការ​ដែល​ទ្រង់​ជួយ​អ្នក​ដែល​ត្រូវ​ការ​ជំនួយ ហើយ​អត់​ទ្រាំ​នឹង​ការ​ប្រមាថ​មើល​ងាយ ព្រមទាំង​​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ បន្ទាប់​មក យើង​ត្រូវ​ត្រៀម​ខ្លួន​ឆ្លើយ​តប ចំពោះ​អ្នក​ដែល​សួរ​យើង​ថា “ព្រះ​យេស៊ូវ ជា​នរណា?” —JENNIFER BENSON SCHULDT