ថ្ងៃ​មួយ ខ្ញុំ​បាន​កត់​សំគាល់​ឃើញ​មាន​វត្ថុ​ពណ៌​លឿង កំពុង​បង្ហាញ​ខ្លួន នៅ​លើ​ចិញ្ចើម​ផ្លូវ​សម្រាប់​បើក​ឡាន ដែល​នៅខាង​ស្តាំ​ដៃ។ វា​គឺ​ជា​សម្រស់​នៃ​ផ្កា​ដាហ្វូឌីលប្រាំ​មួយ​ដើម ដែល​បាន​ដុះ​នៅ​ចន្លោះ​ថ្ម​ធំ​ៗ​ពីរ​ផ្ទាំង បាន​រីក​ឡើង​ និង​ដុះ​ខ្ពស់​ពី​ដី។ ដោយ​សារ​ខ្ញុំ​មិន​បាន​ដាំ ឬ​ដាក់​ជី និង​ស្រោច​ទឹក​ឲ្យ​ពួក​វា នោះ​ខ្ញុំ​ក៏​មិន​ដឹង​ថា ផ្កា​ទាំង​នោះ​បាន​ដុះ​ នៅក្នុង​ទីធ្លា​ផ្ទះ​របស់​ខ្ញុំ ដោយ​របៀប​ណា​ឡើយ។

ព្រះ​យេស៊ូវ​បាន​បក​ស្រាយ អំពី​អាថ៌​កំបាំង​នៃ​ការ​លូត​លាស់​ខាង​វិញ្ញាណ នៅ​ក្នុង​រឿង​ប្រៀប​ប្រដូច អំពី​គ្រាប់​ពូជ​ដែលគេ​បាន​សាប​ព្រោះ។ ទ្រង់​បាន​ប្រៀប​ធៀប​នគរ​ព្រះ ទៅ​នឹង​កសិករ​ម្នាក់ ដែល​កំពុង​ព្រោះ​គ្រាប់​ពូជ នៅ​លើ​ដី(ម៉ាកុស ៤:២៦)។ គាត់​ប្រហែល​ជា​បាន​ថែរ​ទាំ​ដី​សម្រាប់​ដាំ​គ្រាប់​ពូជ​នោះ។ ប៉ុន្តែ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា អ្នក​នោះ​ក៏​ដេក​រាល់​យប់​ក្រោក​ឡើង​រាល់​ថ្ងៃ តែ​មិន​ដឹង​ហេតុ​ដែល​ពូជ​ពន្លក​ដុះ​ឡើង​ជា​យ៉ាង​ណា​ទេ ដ្បិត​ដី​បង្កើត​ផល​ដោយ​ខ្លួន​ឯង មុន​ដំបូង​ចេញ​ជា​ពន្លក រួច​បែក​ជា​គួរ ក្រោយ​ទៀត​ចេញ​ជា​គ្រាប់ (ខ.២៧-២៨)។ លុះ​ដល់​កាល​ណា​ផ្លែ​ទុំ​ហើយ ក៏​ស្រាប់​តែ​គេ​យក​កណ្តៀវ​ទៅ​ច្រូត​តែ​ម្តង ព្រោះ​ដល់​រដូវ​ច្រូត​ហើយ(ខ.២៩)។

ភាព​ពេញ​វ័យ​នៃ​គ្រាប់​ពូជ នៅ​ក្នុង​រឿង​ប្រៀប​ប្រដូច​របស់​ព្រះ​យេស៊ូវ គឺ​មិន​ខុស​ពី​ដើម​ផ្កា​ដាហ្វូឌីល ដែល​ចេញ​ផ្កា​នោះ​ឡើយ។ វា​កើត​មាន​ភាព​ពេញ​វ័យ​ តាម​ពេល​ដែល​ព្រះ​កំណត់ និង​ដោយ​សារ​អំណាច​របស់​ព្រះ ដែល​ធ្វើ​ឲ្យ​វា​លូត​លាស់​។ យ៉ាង​ណា​មិញ ​យើង​គិត​អំពី​ការ​លូត​លាស់​ខាង​វិញ្ញាណ​របស់​យើង ឬ​អំពី​ផែន​ការ​របស់​ព្រះ សម្រាប់​ការ​រីក​លូត​លាស់​នៃ​ពូក​ជំនុំ រហូត​ដល់​គ្រា​ដែល​ព្រះ​យេស៊ូវ​យាង​មក​វិញ ប៉ុន្តែ ព្រះ​ទ្រង់​អាច​ធ្វើ​ការ​តាមរ​បៀប​អាថ៌​កំបាំង ដែល​មិន​ពឹង​ផ្អែក​ទៅ​លើ​សមត្ថ​ភាព ឬ​ការ​យល់​ដឹង ដែល​យើង​មាន​ចំពោះ​ព្រះ​រាជ​កិច្ច​របស់​ទ្រង់​ឡើយ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ព្រះ​ទ្រង់​នៅ​តែ​ត្រាស​ហៅ​យើង ឲ្យ​ស្គាល់ បម្រើ និង​សរសើរ​ទ្រង់ ដែល​ជា​អ្នក​ធ្វើ​ឲ្យ​មាន​ការ​រីក​លូត​លាស់ ហើយ​ទន្ទឹម​នឹង​នោះ យើង​ទទួល​ផល​នៃ​ភាព​ពេញ​វ័យ​ខាង​វិញ្ញាណ ដែល​ទ្រង់​បណ្តាល​ឲ្យ​មាន នៅ​ក្នុង និង​តាម​រយៈ​យើង។—XOCHITL DIXON