ក្នុងបទចម្រៀងដែលមានចំណងជើងថា “ចូរមើលទៅទ្រង់” លោករូបេន សូតេឡូ(Rubén Sotelo) ដែលជាអ្នកនិពន្ធបទភ្លេង និងជាជនជាតិមិចស៊ិចកូបានពិពណ៌នា អំពីព្រះយេស៊ូវ នៅពេលទ្រង់ត្រូវគេឆ្កាង។ គាត់បានអញ្ជើញយើង ឲ្យមើលទៅព្រះយេស៊ូវ ហើយនៅស្ងាត់ស្ងៀម ព្រោះយើងពិតជាគ្មានពាក្យអ្វី ដែលសក្តិសមនឹងពិពណ៌នាអំពីសេចក្តីស្រឡាញ់ ដែលព្រះយេស៊ូវបានបង្ហាញចេញនៅឈើឆ្កាងឡើយ។ យើងអាចស្រមៃអំពីព្រឹត្តិការណ៍ ដែលបានរៀបរាប់ក្នុងកណ្ឌគម្ពីរដំណឹងល្អ។ យើងអាចនឹកស្រមៃអំពីឈើឆ្កាង ព្រះលោហិត ដែកគោល និងការឈឺចាប់របស់ទ្រង់។
ពេលដែលព្រះយេស៊ូវផុតដង្ហើម អស់អ្នកដែលបានឃើញការដែលកើតឡើង “ក៏វិលទៅវិញទាំងគក់ដើមទ្រូងបណ្តើរ”(លូកា ២៣:៤៨)។ ហើយក៏មានអ្នកដទៃទៀត ដែលបាន “ឈរមើលពីចម្ងាយ”(ខ.៤៩)។ ពួកគេបានមើលទៅទ្រង់ ហើយក៏នៅស្ងាត់ស្ងៀម។ អ្នកដែលនិយាយស្តីនៅពេលនោះ គឺមេទ័ព ដែលបានមានថ្លែងថា “មនុស្សនេះសុចរិតពិតមែន”(ខ.៤៧)។
មានបទចម្រៀង និងបទកំណាព្យត្រូវបានគេនិពន្ធឡើង ដើម្បីពិពណ៌នាអំពីសេចក្តីស្រឡាញ់ដ៏អស្ចារ្យនេះ។ អស់កាលជាច្រើនឆ្នាំ មុនពេលទ្រង់សុគត លោកយេរេមាបានសរសេរ អំពីការឈឺចាប់របស់ទីក្រុងយេរូសាឡិម ក្រោយពីបានទទួលរងការបំផ្លិចបំផ្លាញ។ គឺដូចដែលគាត់មានប្រសាសន៍ថា “ឱអ្នករាល់គ្នា ដែលដើរបង្ហួសអើយ តើមិនអំពល់ដល់អ្នករាល់គ្នាទេឬ”(បរិទេវ ១:១២)។ ត្រង់ចំណុចនេះ គាត់កំពុងប្រាប់គេឲ្យមើលទៅទីក្រុងយេរូសាឡិម ហើយពិចារណា ព្រោះគាត់គិតថា គ្មានទុក្ខវេទនាណា ដែលខ្លាំងដូចទុក្ខវេទនារបស់ទីក្រុងយេរូសាឡិមឡើយ។ ទោះជាយ៉ាងណាក៏ដោយ តើមានទុក្ខវេទនាណា ដែលអាចប្រៀបផ្ទឹមនឹងទុក្ខវេទនារបស់ព្រះយេស៊ូវ?
យើងរាល់គ្នាដែលបានឮដំណឹងល្អ គឺកំពុងតែដើរកាត់តាមផ្លូវ ដែលគេបានឆ្កាងទ្រង់។ តើយើងនឹងមើលទៅទ្រង់ ហើយមើលឃើញសេចក្តីស្រឡាញ់របស់ទ្រង់ឬទេ? ក្នុងពិធីបុណ្យព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ នៅឆ្នាំនេះ ចូរយើងចំណាយពេល ពិចារណាអំពីការសុគតរបស់ព្រះយេស៊ូវចុះ ហើយនៅក្នុងភាពស្ងាត់ស្ងៀមនៃចិត្តរបស់យើង ចូរយើងទូលទ្រង់ អំពីការលះបង់ដ៏ជ្រាលជ្រៅបំផុតរបស់យើងចុះ។—KEILA OCHOA