ក្នុង​អំឡុង​ពេល​នៃ​សប្តាហ៍​ដ៏​បរិសុទ្ធ យើង​នឹក​ចាំ​អំពី​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ មុន​ពេល​ព្រះ​យេស៊ូវ​សុគត​នៅ​លើ​ឈើ​ឆ្កាង។ គេ​បាន​បណ្តើរ​ព្រះ​យេស៊ូវ ទៅ​រក​កន្លែង​ឆ្កាង តាម​ផ្លូវ​នៅ​ទីក្រុង​យេរូសាឡិម ដែល​សព្វ​ថ្ងៃ​នេះ គេ​ហៅ​ផ្លូវ​នោះ​ជា​ភាសា​ឡាតាំង​ថា ​វីអា ដូឡូរ៉ូសា(Via Dolorosa) ដែល​មាន​ន័យ​ថា ផ្លូវ​នៃ​ទុក្ខ​វេទនា។

ប៉ុន្តែ អ្នក​និពន្ធ​ព្រះ​គម្ពីរ​ហេព្រើរ បាន​ពិពណ៌នា​ថា ផ្លូវ​ដែល​ព្រះ​យេស៊ូវ​បាន​យាង​ទៅ​រក​ឈើ​ឆ្កាង​ មិន​គ្រាន់​តែ​ជា​ផ្លូវ​នៃទុក្ខ​វេទនា​ប៉ុណ្ណោះ​ឡើយ។ ផ្លូវ​នៃ​ទុក្ខ​វេទនា​ដែល​ព្រះ​យេស៊ូវ​បាន​ស្ម័គ្រ​ព្រះ​ទ័យ​ យាង​ទៅ​រក​កាល់​វ៉ារី បាន​ក្លាយ​ជា “ផ្លូវ​ថ្មី និង​ផ្លូវ​ដ៏​រស់” ក្នុង​ព្រះ​វត្ត​មាន​នៃ​ព្រះ សម្រាប់​យើង​រាល់​គ្នា(ហេព្រើរ ១០:២០)។

អស់​រយៈ​ពេល​ជា​ច្រើន​សតវត្សរ៍​មក​ហើយ ដែល​ជន​ជាតិ​យូដា​បាន​ព្យាយាម​ចូល​ទៅ​ក្នុង​ព្រះ​វត្ត​មាន​នៃ​ព្រះ តាម​រយៈ​ការ​យក​សត្វ​ធ្វើ​យញ្ញ​បូជា និង​ដោយ​ព្យាយាម​កាន់​តាម​ក្រឹត្យ​វិន័យ។ ប៉ុន្តែ ក្រឹត្យ​វិន័យ​គ្រាន់​តែ​ជា “​ស្រមោល ពី​សេចក្តី​ល្អ​ដែល​ត្រូវ​មក” ដ្បិត “ឈាម​គោ​ឈ្មោល និង​ពពែ​ឈ្មោល នោះ​ពុំ​អាច​នឹង​ដោះ​បាប​បាន​ឡើយ”(ខ.១,៤)។

ដំណើរ​របស់​ព្រះ​យេស៊ូវ តាម​ផ្លូវ​ទៅ​រក​ឈើ​ឆ្កាង បាន​នាំ​ទៅ​រក​ការ​សុគត និង​ការ​មាន​ព្រះ​ជន្ម​ឡើង​វិញ​របស់​ទ្រង់។ ដោយ​សារ​ការ​លះ​បង់​របស់​ទ្រង់ នោះ​យើង​អាច​មាន​ភាព​បរិសុទ្ធ​ខាង​វិញ្ញាណ ពេល​ដែល​យើង​ទទួល​ជឿ​ទ្រង់ ដើម្បី​ទទួល​ការ​អត់​ទោស​បាប។​ ទោះ​បី​ជា​យើង​មិន​អាច​កាន់​តាម​ក្រឹត្យ​វិន័យ​ឲ្យ​បាន​មួយ​រយ​ភាគ​រយ​ក៏​ដោយ ក៏​យើង​នៅ​តែ​អាច​ចូល​ទៅ​ជិត​ព្រះ ដោយ​គ្មាន​ការ​ភ័យ​ខ្លាច ដោយ​ទំនុក​ចិត្ត​ទាំង​ស្រុង​ថា យើង​បាន​ទទួល​ការ​ស្វាគមន៍ និង​ក្តី​ស្រឡាញ់(ខ.១០,២២)។

ផ្លូវ​នៃ​ទុក្ខ​វេទនា​របស់​ព្រះ​គ្រីស្ទ បើក​ផ្លូវ​ឲ្យ​យើង​មាន​ផ្លូវ​ថ្មី និង​ផ្លូវ​ដ៏​រស់ ទៅ​រក​ព្រះ។—AMY PETERSON