ក្នុងវប្បធម៌អឺរ៉ុប តាមធម្មតា គេសួរគ្នាថា “តើអ្នកមកពីណា?” យើងច្រើនតែប្រើសំណួរនេះ ដើម្បីឲ្យបានស្គាល់នរណាម្នាក់ ជាបន្ថែមទៀត។ ប៉ុន្តែ មនុស្សជាច្រើន មានការពិបាក នៅក្នុងការឆ្លើយសំណួរនេះ។ ជួនកាល យើងមិនចង់ផ្តល់ពត៌មានលម្អឹតអំពីខ្លួនយើងទេ។
ក្នុងកណ្ឌគម្ពីរពួកចៅហ្វាយ លោកយែបថា ប្រហែលជាមិនចង់ឆ្លើយសំណួរនេះ ទាល់តែសោះ។ បងប្អួនចុងរបស់គាត់ បានបណ្តេញគាត់ចេញពីស្រុកកំណើតរបស់គាត់ នៅស្រុកកាឡាត ដោយសារគាត់មានដើមកំណើតដ៏គួរឲ្យសង្ស័យ។ ពួកគេបានស្រែកដាក់គាត់ថា “ឯងជាកូនខាងក្រៅ”(ពួកចៅហ្វាយ ១១:២)។ ជាក់ស្តែង បទគម្ពីរបានចែងយ៉ាងច្បាស់ថា ម្តាយរបស់គាត់ គឺជាស្រ្តីរកស៊ីផ្លូវភេទ(ខ.១)។
ប៉ុន្តែ លោកយែបថា មានលក្ខណៈជាអ្នកដឹកនាំពីកំណើត ហើយនៅពេលដែលពួកសាសន៍ដទៃបានលើកគ្នាមកវាយស្រុកកាឡាត ពួកអ្នកដែលបានឲ្យគាត់វេចបង្វេច ចង់ឲ្យគាត់វិលត្រឡប់មកវិញភ្លាម។ ពួកគេប្រាប់គាត់ថា “សូមមកធ្វើជាមេទ័ព លើយើងរាល់គ្នា”(ខ.៦)។ លោកយែបថា ក៏បានសួរគេថា “តើអ្នករាល់គ្នាមិនបានស្អប់ខ្ញុំ ហើយបណ្តេញចេញពីផ្ទះឪពុកខ្ញុំទេឬអី?”(ខ.៧)។ បន្ទាប់ពីគាត់បានទទួលការធានាថា ពួកគេនឹងមិនប្រព្រឹត្តចំពោះគាត់ដូចមុនទៀតទេ គាត់ក៏បានយល់ព្រមដឹកនាំពួកគេ។ ព្រះគម្ពីរបានចែងថា “ព្រះវិញ្ញាណនៃព្រះយេហូវ៉ា ទ្រង់ក៏មកសណ្ឋិតលើយែបថា”(ខ.២៩)។ គាត់ក៏បានដឹកនាំពួកគេ ដោយសេចក្តីជំនឿ ឆ្ពោះទៅរកជ័យជម្នះដ៏អស្ចារ្យ។ ព្រះគម្ពីរសញ្ញាថ្មីក៏បានលើកឡើងអំពីគាត់ នៅក្នុងបញ្ជីឈ្មោះវីរៈបុរសនៃសេចក្តីជំនឿផងដែរ(ហេព្រើ ១១:៣២)។
ជាញឹកញាប់ ព្រះទ្រង់បានជ្រើសរើសមនុស្សដែលមិនសមទំនង ឲ្យធ្វើកិច្ចការរបស់ទ្រង់ តើពិតមែនទេ? វាមិនសំខាន់ថា យើងមកពីណា ហើយមកដល់ទីនេះ ដោយរបៀបណា ឬយើងបានធ្វើអ្វីឡើយ។ អ្វីដែលសំខាន់នោះ តើយើងបានឆ្លើយតប ដោយសេចក្តីជំនឿ ចំពោះសេចក្តីស្រឡាញ់របស់ទ្រង់ឬទេ?—TIM GUSTAFSON