អ្នកស្រីហ្គ្រេស(Grace) ជាស្រ្តីម្នាក់ ដែលមានលក្ខណៈពិសេសណាស់។ ពេលខ្ញុំគិតដល់គាត់ មានពាក្យមួយដែលលេចឡើងក្នុងគំនិតខ្ញុំ គឺពាក្យ សន្តិភាព ។ ភាពស្ងាត់ស្ងៀម និងស្ងប់សុខ ដែលបានបង្ហាញចេញនៅទឹកមុខគាត់ កម្រនឹងប្រែប្រួលណាស់ ក្នុងរយៈពេល៦ខែ ដែលខ្ញុំបានស្គាល់គាត់ ទោះជាស្វាមីគាត់ បានពិនិត្យសុខភាព រកឃើញជម្ងឺដ៏កម្រ ហើយត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យក៏ដោយ។
ពេលខ្ញុំសួរអ្នកស្រីហ្គ្រេស អំពីអាថ៌កំបាំងនៃសន្តិភាព ដែលមានក្នុងចិត្តគាត់ គាត់ក៏បានប្រាប់ថា គ្មានអ្វីអាថ៌កំបាំងទេ។ គឺដោយសារអង្គព្រះយេស៊ូវគ្រីស្ទ ដែលគង់នៅក្នុងជីវិតគាត់។ គាត់មានភាពស្ងប់សុខ នៅក្នុងពេលមានព្យុះភ្លៀងដ៏ខ្លាំងយ៉ាងនេះ គឺដោយសារព្រះវត្តមានព្រះយេស៊ូវ ក្នុងជីវិតគាត់។
អាថ៌កំបាំងនៃសន្តិភាព ឬសេចក្តីសុខសាន្ត នៅក្នុងចិត្តយើង គឺជាទំនាក់ទំនង ដែលយើងមានជាមួយព្រះយេស៊ូវគ្រីស្ទ។ ទ្រង់ជាសន្តិភាពរបស់យើង។ ពេលដែលព្រះយេស៊ូវក្លាយជាព្រះអង្គសង្រ្គោះ និងព្រះអម្ចាស់ ហើយយើងផ្លាស់ប្រែកាន់តែមានលក្ខណៈដូចទ្រង់ សន្តិភាពក៏បានកើតមានពិតមែន។ ការអាក្រក់ ដូចជា ជម្ងឺ ការលំបាកផ្នែកហិរញ្ញវត្ថុ ឬគ្រោះថ្នាក់អាចកើតមាន ប៉ុន្តែ សន្តិភាពដែលយើងនឹងទទួល គឺជាការធានាថា ព្រះទ្រង់បានដាក់ជីវិតយើងក្នុងព្រះហស្តទ្រង់(ដានីយ៉ែល ៥:២៣) ហើយយើងអាចទុកចិត្តថា ការគ្រប់យ៉ាងនឹងផ្សំគ្នាមក ដើម្បីជាប្រយោជន៍យើង។
តើយើងបានពិសោធន៍នឹងសន្តិភាព ដែលហួសពីការយល់ដឹង និងការវិភាគរកហេតុផលដែរឬទេ? តើអ្នកមានទំនុកចិត្តថា ព្រះទ្រង់កំពុងគ្រប់គ្រងអ្វីៗគ្រប់យ៉ាងដែរឬទេ? ខ្ញុំសូមអធិស្ឋាន តាមសាវ័កប៉ុលថា “”សូមឲ្យព្រះអម្ចាស់ ដែលទ្រង់ផ្តល់សេចក្តីសុខសាន្ត ទ្រង់ប្រទានឲ្យអ្នករាល់គ្នាបានសេចក្តីសុខសាន្តគ្រប់យ៉ាងជានិច្ច សូមឲ្យព្រះអម្ចាស់គង់ជាមួយនឹងអ្នករាល់គ្នាទាំងអស់(២ថែស្សាឡូនិច ៣:១៦)។—KEILA OCHOA