មាន​ពេល​មួយ​គ្រូ​របស់​កូន​ប្រុស​ខ្ញុំ បាន​សុំ​ឲ្យ​ខ្ញុំ ទៅ​បម្រើ​ការ​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​សិស្ស ​នៅ​ក្នុង​ការ​បោះ​ជំរុំ​សម្រាប់​មុខ​វិជ្ជា​វិទ្យា​សាស្រ្ត។ ពេល​នោះ ខ្ញុំ​ក៏​មាន​ការ​ស្ទាក់​ស្ទើរ។ តើ​ខ្ញុំ​អាច​ធ្វើ​ជា​គំរូ​សម្រាប់​ពួក​គេ​យ៉ាង​ដូច​ម្តេច បើ​ខ្ញុំ​ធ្លាប់​មានកំហុស​ជា​ច្រើន​កាល​ពី​អតីត​កាល ហើយ​ខ្ញុំ​នៅ​មាន​ការ​តយុទ្ធ​យ៉ាង​ពិបាក ព្រម​ទាំង​ជំពប់​ដួល និង​រអិល​ដួល​ចូល​ទៅក្នុង​ទម្លាប់​ចាស់​ទៀត​នោះ? ព្រះ​ទ្រង់​បាន​ជួយ​ឲ្យ​ខ្ញុំ​ស្រឡាញ់ និង​ចិញ្ចឹម​កូន​ប្រុស​ខ្ញុំ ប៉ុន្តែ ខ្ញុំ​ច្រើន​តែ​មាន​ការ​សង្ស័យ ​ថា​តើ​ទ្រង់​អាច​ប្រើ​ខ្ញុំ នៅ​ក្នុង​ការ​បម្រើ​អ្នក​ដទៃ​ឬ​អត់។

មាន​តែ​ព្រះ​ទេ ជា​អង្គ​ដែល​ល្អ​ឥត​ខ្ចោះ ដែល​អាច​កែ​ប្រែ​ចិត្ត និង​ជីវិត​របស់​មនុស្ស។ ប៉ុន្តែ ជួន​កាល ខ្ញុំ​នៅ​តែ​មិន​អាចទទួល​ស្គាល់​ថា ព្រះ​ទ្រង់​អាច​ធ្វើ​ឲ្យ​ជីវិត​យើង​ផ្លាស់​ប្រែ។ ក្រោយមក ព្រះ​វិញ្ញាណ​បរិសុទ្ធ​ក៏​បាន​រំឭក​ខ្ញុំ​ អំពី​ការ​ដែល​សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​លោក​ធីម៉ូថេ ឲ្យ​ឱប​ក្រសោប​យក​ការ​ហ្វឹក​ហាត់​ក្នុង​ការងារ​បម្រើ​ព្រះ និង​អត់​ទ្រាំ ក្នុង​ជំនឿ ហើយ​ប្រើ​អំណោយ​ទាន ដែល​ព្រះ​ទ្រង់​បាន​ប្រទាន​គាត់(២ធីម៉ូថេ ១:៦)។ លោក​ធីម៉ូថេ អាច​មាន​ចិត្ត​ក្លា​ហាន ដោយ​សារ​ព្រះ​ទ្រង់​ជា​ប្រភព​នៃ​កម្លាំង​គាត់ ទ្រង់​ជួយ​គាត់ ឲ្យ​មាន​សេចក្តី​ស្រឡាញ់ ហើយ​មាន​ការ​លុត​ដំ នៅ​ពេល​ដែល​គាត់បន្ត​លូត​លាស់ និង​បម្រើ​អ្នក​ដែល​គាត់​អាច​ទៅ​ដល់(ខ.៧)។

ព្រះ​គ្រីស្ទ​បាន​សង្រ្គោះ និង​ប្រទាន​កម្លាំង​យើង ឲ្យ​ថ្វាយ​ព្រះ​កិត្តិ​នាម​ដល់​ទ្រង់ ដោយ​ប្រើ​ជីវិត​យើង​ មិន​មែន​ដោយ​សារ យើង​មាន​សមត្ថ​ភាព​ពិសេស​នោះ​ទេ តែ​ដោយ​សារ​យើង​ម្នាក់​ៗ ជា​សមាជិក​ដ៏​មាន​តម្លៃ​ក្នុង​មហា​គ្រួសារ​ទ្រង់(ខ.៩)។

យើង​អាច​អត់​ទ្រាំ ដោយ​ទំនុក​ចិត្ត ពេល​ដែល​យើង​ដឹង​ថា តួនាទី​របស់​យើង គឺ​ត្រូវ​ស្រឡាញ់​ព្រះ និង​អ្នក​ដទៃ។ តួនាទី​ព្រះ​គ្រីស្ទ គឺ​ជួយ​សង្រ្គោះ​យើង និង​ប្រទាន​យើង នូវ​គោល​បំណង ដែល​ល្អ​លើស​ចក្ខុ​វិស្ស័យ​ដ៏​តូច ដែល​យើង​មានសម្រាប់​លោកិយ។ ពេល​ដែល​យើង​ដើរ​តាម​ព្រះ​យេស៊ូវ​ជា​រៀង​រាល់​ថ្ងៃ ទ្រង់​កែ​ប្រែ​ជីវិត​យើង ហើយ​ទន្ទឹម​នឹង​នោះ ទ្រង់​ប្រើ​យើង ឲ្យ​លើក​ទឹក​ចិត្ត​អ្នក​ដទៃ ដោយ​ចែក​ចាយ​សេចក្តី​ស្រឡាញ់ និង​សេចក្តី​ពិត  នៅ​កន្លែង​ណា ដែល​ទ្រង់ចាត់​ឲ្យ​យើង​ទៅ។—XOCHITL DIXON