លោកគ្រូប្រាដឺ ចាស់ស្ទីស(Brother Justice) ជាមនុស្សស្មោះត្រង់។ គាត់មានការប្តូរផ្តាច់ចំពោះទំនាក់ទំនងប្តីប្រពន្ធរបស់គាត់ និងមានការប្តេជ្ញាចិត្ត ចំពោះការងារជាបុគ្គលិកប្រៃសណីយ៍ ហើយជារៀងរាល់ថ្ងៃអាទិត្យ គាត់បានឈរបម្រើព្រះ ក្នុងនាមជាអ្នកដឹកនាំពួកជំនុំ ក្នុងតំបន់។ កាលពីពេលថ្មីៗនេះ ខ្ញុំបានទៅលេងព្រះវិហារ ដែលខ្ញុំបានទៅថ្វាយបង្គំកាលពីក្មេង ហើយនៅលើព្យាណូនៅក្នុងព្រះវិហារនោះ មានជួងមួយ ដែលលោកគ្រូប្រាដឺ ចាស់ស្ទីស បានវាយកាលពីមុន ជាសញ្ញាឲ្យយើងដឹងថា ម៉ោងរៀនព្រះគម្ពីរ ជិតចប់ហើយ។ ជួងនោះ បានធន់នៅអស់កាលជាច្រើនឆ្នាំ។ ហើយទោះបីជាលោកប្រាដឺបានទៅនៅជាមួយព្រះអម្ចាស់ អស់រយៈពេលជាច្រើនឆ្នំាហើយក្តី កេរដំណែលនៃភាពស្មោះត្រង់របស់គាត់ បានស្ថិតស្ថេរនៅរហូតមកដល់សព្វថ្ងៃ។
បទគម្ពីរហេព្រើ ជំពូក ៣ បាននាំចិត្តអ្នកអាន ឲ្យពិចារណាអំពីអ្នកបម្រើ និងព្រះរាជបុត្រាដ៏ស្មោះត្រង់។ ក្នុងនាមជា “អ្នកបម្រើ” ព្រះ លោកម៉ូសេមានភាពស្មោះត្រង់ យ៉ាងពិតប្រាកដមិនអាចប្រកែកបាន ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ព្រះគម្ពីរបានបង្រៀនអ្នកជឿគ្រប់រូបឲ្យផ្តោតចិត្ត ទៅលើព្រះយេស៊ូវ។ “ដូច្នេះ បងប្អូនបរិសុទ្ធ ដែលមានចំណែកក្នុងការងារស្ថានសួគ៌អើយ ចូរពិចារណាពីព្រះយេស៊ូវចុះ”(ខ.១)។ នេះជាការលើកទឹកចិត្ត សម្រាប់អស់អ្នកដែលជួបការល្បួង(២:១៨)។ កេរដំណែលដ៏ល្អរបស់ពួកគេ អាចកើតមាន ដោយសារតែពួកគេបានដើរតាមព្រះយេស៊ូវ តែប៉ុណ្ណោះ ដែលទ្រង់ជាអង្គ ដ៏ស្មោះត្រង់។
តើអ្នកធ្វើដូចម្តេច ពេលដែលខ្យល់នៃការល្បួង កំពុងតែកួចជុំវិញយើង? តើអ្នកមានការនឿយហត់ និងអស់កម្លំាង ចង់បោះបង់ការតស៊ូឬទេ? បទគម្ពីរហេព្រើ បានបង្គាប់យើង ឲ្យពិចារណា អំពីព្រះយេស៊ូវ(៣:១)។ ចូរមើលទៅទ្រង់ ម្តងហើយម្តងទៀត។ ពេលដែលយើងមើលទៅព្រះយេស៊ូវម្តងហើយម្តងទៀត យើងឃើញព្រះរាជបុត្រានៃព្រះដែលគួរឲ្យយើងទុកចិត្ត ដែលបានប្រទានឲ្យយើងមានសេចក្តីក្លាហាន ក្នុងការរស់នៅ ក្នុងមហាគ្រួសារទ្រង់។—ARTHUR JACKSON