លោកគ្រូ​ប្រាដឺ ចាស់ស្ទីស(Brother Justice) ជា​មនុស្ស​ស្មោះ​ត្រង់។ គាត់​មាន​ការ​ប្តូរ​ផ្តាច់​ចំពោះ​ទំនាក់​ទំនង​ប្តី​ប្រពន្ធ​របស់​គាត់ និង​មាន​ការ​ប្តេជ្ញា​ចិត្ត ចំពោះ​ការងារ​ជា​បុគ្គលិក​ប្រៃសណីយ៍ ហើយ​ជា​រៀង​រាល់​ថ្ងៃ​អាទិត្យ គាត់​បាន​ឈរ​បម្រើ​ព្រះ ក្នុង​នាម​ជា​អ្នក​ដឹក​នាំ​ពួក​ជំនុំ ក្នុង​តំបន់។ កាល​ពី​ពេល​ថ្មី​ៗ​នេះ ខ្ញុំ​បាន​ទៅ​លេង​ព្រះ​វិហារ ដែល​ខ្ញុំ​បាន​ទៅ​ថ្វាយ​បង្គំ​កាល​ពី​ក្មេង ហើយ​នៅ​លើ​ព្យាណូ​នៅ​ក្នុង​ព្រះវិហារ​នោះ មាន​ជួង​មួយ ដែល​លោក​គ្រូ​ប្រាដឺ ចាស់​ស្ទីស បាន​វាយ​កាល​ពី​មុន ជា​សញ្ញា​ឲ្យ​យើង​ដឹង​ថា ម៉ោង​រៀន​ព្រះ​គម្ពីរ ជិត​ចប់​ហើយ។ ជួង​នោះ បាន​ធន់​នៅ​អស់​កាល​ជា​ច្រើន​ឆ្នាំ។ ហើយ​ទោះ​បី​ជា​លោក​ប្រាដឺ​បាន​ទៅ​នៅ​ជា​មួយ​ព្រះ​អម្ចាស់ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នំា​ហើយ​ក្តី កេរ​ដំណែល​នៃ​ភាព​ស្មោះ​ត្រង់​របស់​គាត់ បាន​ស្ថិត​ស្ថេរ​នៅ​រហូត​មក​ដល់​សព្វ​ថ្ងៃ។

បទ​គម្ពីរ​ហេព្រើ ជំពូក ៣ បាន​នាំ​ចិត្ត​អ្នក​អាន ឲ្យ​ពិចារណា​អំពី​អ្នក​បម្រើ និង​ព្រះ​រាជ​បុត្រា​ដ៏​ស្មោះ​ត្រង់។ ក្នុង​នាម​ជា “អ្នក​បម្រើ” ព្រះ លោក​ម៉ូសេ​មាន​ភាព​ស្មោះ​ត្រង់ យ៉ាង​ពិត​ប្រាកដ​មិន​អាច​ប្រកែក​បាន ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ព្រះ​គម្ពីរ​បាន​បង្រៀន​អ្នក​ជឿ​គ្រប់​រូប​ឲ្យ​ផ្តោត​ចិត្ត ទៅ​លើ​ព្រះ​យេស៊ូវ។  “ដូច្នេះ បង​ប្អូន​បរិសុទ្ធ ដែល​មាន​ចំណែក​ក្នុង​ការងារ​ស្ថានសួគ៌​អើយ ចូរ​ពិចារណា​ពី​ព្រះយេស៊ូវចុះ”(ខ.១)។ នេះ​ជា​ការ​លើក​ទឹក​ចិត្ត សម្រាប់​អស់​អ្នក​ដែល​ជួប​ការ​ល្បួង(២:១៨)។ កេរ​ដំណែល​ដ៏​ល្អ​របស់​ពួក​គេ អាច​កើត​មាន ដោយ​សារ​តែ​ពួក​គេ​បាន​ដើរ​តាម​ព្រះ​យេស៊ូវ តែប៉ុណ្ណោះ ដែល​ទ្រង់​ជា​អង្គ ដ៏​ស្មោះ​ត្រង់។

តើ​អ្នក​ធ្វើ​ដូច​ម្តេច ពេល​ដែល​ខ្យល់​នៃ​ការ​ល្បួង កំពុង​តែ​កួច​ជុំវិញ​យើង? តើ​អ្នក​មាន​ការ​នឿយ​ហត់ និង​អស់​កម្លំាង ចង់​បោះ​បង់​ការ​តស៊ូ​ឬ​ទេ? បទ​គម្ពីរ​ហេព្រើ បាន​បង្គាប់​យើង ឲ្យ​ពិចារ​ណា អំពី​ព្រះ​យេស៊ូវ(៣:១)។ ចូរ​មើល​ទៅ​ទ្រង់ ​ម្តង​ហើយ​ម្តង​ទៀត។ ពេល​ដែល​យើង​មើល​ទៅ​ព្រះ​យេស៊ូវ​ម្តង​ហើយ​ម្តង​ទៀត យើង​ឃើញ​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​ដែល​គួរ​ឲ្យ​យើង​ទុក​ចិត្ត ដែល​បាន​ប្រទាន​ឲ្យ​យើង​មាន​សេចក្តី​ក្លាហាន ក្នុង​ការ​រស់​នៅ​ ក្នុង​មហា​គ្រួសារ​ទ្រង់។—ARTHUR JACKSON