បន្ទាប់​ពី​ខ្ញុំ​បាន​ជូន​កូន​ស្រី​ខ្ញុំ ដល់​សាលា​ហើយ ខ្ញុំ​បាន​ដើរ​ជា​ច្រើន​គីឡូ​ម៉ែត្រ ត្រឡប់​មក​ផ្ទះ​វិញ។ ការ​នេះ​បាន​នាំ​ឲ្យ​ខ្ញុំ មាន​ឱកាស​ទន្ទេញ​ខគម្ពីរ​មួយ​ចំនួន ប្រសិន​បើ​ខ្ញុំ ចង់​ទន្ទេញ​ខគម្ពីរ​ទាំង​នោះ។ ពេល​ដែល​ខ្ញុំ​ចំណាយ​ពេល​ប៉ុន្មាន​នាទីនោះ ដើម្បី​រំឭក​ព្រះ​បន្ទូល​ព្រះ ក្នុង​គំនិត​ខ្ញុំ ជា​ញឹក​ញាប់ ខ្ញុំ​សង្កេត​ឃើញ​ថា ព្រះ​បន្ទូល​ទ្រង់​ច្រើន​តែ​វិល​ត្រឡប់​មក​រក​ខ្ញុំ​ទៀត នៅ​ថ្ងៃ​ដដែល​នោះ ដែល​នាំ​ឲ្យ​ខ្ញុំ​មាន​ការ​កម្សាន្ត​ចិត្ត និង​ប្រាជ្ញា។

ពេល​លោក​ម៉ូសេ​នំា​ពួក​អ៊ីស្រាអែល ឲ្យ​ត្រៀម​ខ្លួន​ចូល​ទឹក​ដី​សន្យា គាត់​បាន​ជំរុញ​ពួក​គេ ឲ្យ​នៅ​ជាប់​នឹង​ព្រះ​រាជ​បញ្ជា ​និង​ក្រឹត្យ​វិន័យ​របស់​ព្រះ​អម្ចាស់​(ចោទិយកថា ៦:១-២)។ គាត់​ចង់​ឲ្យ​ពួក​គេ​មាន​ភាព​សម្បូរ​សប្បាយ បាន​ជា​គាត់​ប្រាប់​ពួក​គេ​ថា​ ពួក​គេ​គួរ​តែ​រំឭក​ក្រឹត្យ​វិន័យ​របស់​ព្រះ នៅ​ក្នុង​គំនិត​របស់​ពួក​គេ ហើយ​បង្រៀន​កូន​ចៅ​ពួក​គេ ឲ្យ​ចេះ​ក្រឹត្យ​វិន័យ​ទ្រង់​ផង​ដែរ(ខ.៦-៧)។ គាត់​ថែម​ទាំង​បាន​ប្រាប់​ពួក​គេ ឲ្យ​សរសេរ​ក្រឹត្យ​វិន័យ​ទ្រង់​នៅ​លើ​ស្លាក ហើយ​ចងវា​នៅ​លើ​កដៃ និង​លើ​ថ្ងាស​ផង​ដែរ(ខ.៨)។ គាត់​មិន​ចង់​ឲ្យ​ពួក​គេ​ភ្លេច​ព្រះ​រាជ​បញ្ជា​របស់​ព្រះ ដែល​បាន​បង្គាប់​ពួក​គេ​ឲ្យ​រស់​នៅ ជា​រាស្រ្ត ដែល​ថ្វាយ​ព្រះ​កិត្តិ​នាម ដល់​ព្រះ​អម្ចាស់ ហើយ​អរ​សប្បាយ​នឹង​ព្រះ​ពរ​ទ្រង់។

តើ​អ្នក​ចង់​ពិចារណា​អំពី​ព្រះ​បន្ទូល​ព្រះ ដោយ​របៀប​ណា នៅ​ថ្ងៃ​នេះ? សូម​សរសេរ​ខ​គម្ពីរ យ៉ាង​ហោច​ណាស់​ឲ្យ​បាន​មួយ​ខ ហើយ​ពេល​ណា​អ្នក​លាង​ដៃ ឬ​បរិភោគ​ទឹក សូម​សូត្រ​ព្រះ​បន្ទូល​ទ្រង់ ហើយ​រំឭក​ខគម្ពីរ​នៅ​ក្នុង​គំនិត​អ្នក។ ពុំ​នោះ​ទេ ចូរ​ពិចារ​ណា​អំពី​បទ​គម្ពីរ​ដ៏​ខ្លី​មួយ ទុក​ជា​សកម្ម​ភាព​ចុង​ក្រោយ ប្រចាំ​ថ្ងៃ មុន​ពេល​ចូល​គេង។ មាន​វិធី​សាស្រ្តជា​ច្រើន​ទៀត ដើម្បី​ឲ្យ​ព្រះ​បន្ទូល​ព្រះ នៅ​ជាប់​ក្នុង​ចិត្ត​យើង! —AMY BOUCHER PYE