កាលបងប្រុសរបស់មិត្តភក្តិខ្ញុំ នៅពីក្មេង គាត់បានធានាដល់ប្អូនស្រីគាត់ថា បើនាងលោតចុះពីកន្លែងខ្ពស់ណាមួយ ដោយប្រើឆ័ត្រ នោះឆ័ត្រនឹងជួយឲ្យនាងធ្លាក់ចុះមកដីយឺតៗ ដោយសុវត្ថិភាព បើសិនជានាង គ្រាន់តែ “ជឿ” ប៉ុណ្ណោះ។ ដូចនេះ នាងក៏បានលោតចុះពីលើដំបូលជម្រុក ដោយ “ជំនឿ” ហើយក៏បានសន្លប់បាត់ស្មារតី ដោយមានរបួសស្រាល នៅត្រង់ក្បាល។
កាលណាព្រះទ្រង់សន្យា ឬធានាអ្វីដល់យើងហើយ នោះអ្វីដែលទ្រង់មានបន្ទូល គឺជាការពិត។ ប៉ុន្តែ យើងត្រូវប្រាកដថា យើងកំពុងតែមានជំហរនៅលើព្រះបន្ទូលដ៏ពិតរបស់ព្រះ ពេលដែលយើងចង់ឲ្យព្រះបន្ទូលសន្យាទ្រង់ សម្រេចក្នុងជីវិតយើង ព្រោះទាល់តែយ៉ាងដូច្នេះ ទើបយើងដឹងច្បាស់ថា ព្រះទ្រង់នឹងធ្វើ ឬប្រទានអ្វីដែលទ្រង់បានសន្យា។ សេចក្តីជំនឿមានអំណាច នៅពេលដែលយើងប្រើវា។ សេចក្តីជំនឿយើងមានប្រយោជន៍ នៅពេលដែលវាផ្អែកទៅលើព្រះបន្ទូលសន្យាដ៏ច្បាស់លាស់ និងមានន័យរបស់ព្រះ។ ពុំនោះទេ ជំនឿយើងគ្រាន់តែជាការគិតប្រាថ្នាចង់បានប៉ុណ្ណោះ។
សូមយើងស្តាប់ហេតុផលដូចតទៅ។ ព្រះទ្រង់បានសន្យាថា “ចូរសូមអ្វីតាមតែប្រាថ្នាចុះ សេចក្តីនោះនឹងបានសំរេចដល់អ្នករាល់គ្នាជាមិនខាន។ ព្រះវរបិតាខ្ញុំបានដំកើងឡើង ដោយសេចក្តីនេះឯង គឺដោយអ្នករាល់គ្នាបង្កើតផលជាច្រើន យ៉ាងនោះអ្នករាល់គ្នានឹងធ្វើជាសិស្សខ្ញុំមែន”(យ៉ូហាន ១៥:៧-៨)។ ខគម្ពីរនេះមិនមែនជាការសន្យាថា ព្រះទ្រង់នឹងឆ្លើយតបរាល់ការអធិស្ឋានរបស់យើងនោះឡើយ ប៉ុន្តែ តាមពិត ខគម្ពីរនេះជាការសន្យាថា ទ្រង់នឹងឆ្លើយតប ចំពោះរាល់ការស្រេកឃ្លានចង់បានសេចក្តីសុចរិត ដែលសាវ័កប៉ុលបានហៅថា “ផលផ្លែនៃព្រះវិញ្ញាណ”(កាឡាទី ៥:២២-២៣)។ បើយើងស្រេកឃ្លានចង់បានសេចក្តីបរិសុទ្ធ ហើយទូលសូមសេចក្តីបរិសុទ្ធពីព្រះ នោះទ្រង់នឹងប្រទានសេចក្តីបរិសុទ្ធដល់យើង យ៉ាងគាប់ចិត្ត។ ការលូតលាស់ខាងវិញ្ញាណត្រូវការពេលវេលា និងកើតមានបន្តិចម្តងៗ គឺមិនខុសពីការលូតលាស់របស់រូបកាយមនុស្សឡើយ។ ចូរកុំបោះបង់ការតស៊ូឡើយ។ ចូរបន្តទូលសូម ឲ្យព្រះទ្រង់ជួយអ្នក ឲ្យមានសេចក្តីបរិសុទ្ធ។ ទ្រង់នឹងសម្រេចឲ្យនូវសេចក្តីបរិសុទ្ធនោះ ក្នុងពេលទ្រង់ និងតាមជំហានរបស់ទ្រង់។ ព្រះទ្រង់មិនធ្វើការសន្យា ដោយមិនគោរពតាមព្រះបន្ទូលសន្យានោះឡើយ។—DAVID H. ROPER