កាល​បង​ប្រុស​របស់​មិត្ត​ភក្តិ​ខ្ញុំ នៅ​ពី​ក្មេង គាត់​បាន​ធានា​ដល់​ប្អូន​ស្រី​គាត់​ថា បើ​នាង​លោត​ចុះ​ពី​កន្លែង​ខ្ពស់​ណា​មួយ ដោយ​ប្រើ​ឆ័ត្រ នោះ​ឆ័ត្រ​នឹង​ជួយ​ឲ្យ​នាង​ធ្លាក់​ចុះ​មក​ដី​យឺត​ៗ ដោយ​សុវត្ថិ​ភាព បើ​សិន​ជា​នាង គ្រាន់​តែ “ជឿ” ប៉ុណ្ណោះ។ ដូច​នេះ នាង​ក៏​បាន​លោត​ចុះ​ពី​លើ​ដំបូល​ជម្រុក ដោយ “ជំនឿ” ហើយ​ក៏​បាន​សន្លប់​បាត់​ស្មារតី ដោយ​មានរបួស​ស្រាល នៅ​ត្រង់​ក្បាល​។

កាល​ណា​ព្រះ​ទ្រង់​សន្យា ឬ​ធានា​អ្វី​ដល់​យើង​ហើយ នោះ​អ្វី​ដែល​ទ្រង់​មាន​បន្ទូល គឺ​ជា​ការ​ពិត។ ប៉ុន្តែ យើង​ត្រូវ​ប្រាកដ​ថា យើង​កំពុង​តែ​មាន​ជំហរ​នៅ​លើ​ព្រះ​បន្ទូល​ដ៏​ពិត​របស់​ព្រះ ពេល​ដែល​យើង​ចង់​ឲ្យ​ព្រះ​បន្ទូល​សន្យា​ទ្រង់ សម្រេច​ក្នុង​ជីវិត​យើង ព្រោះ​ទាល់​តែ​យ៉ាង​ដូច្នេះ ទើប​យើង​ដឹង​ច្បាស់​ថា ព្រះ​ទ្រង់​នឹង​ធ្វើ ឬ​ប្រទាន​អ្វី​ដែល​ទ្រង់​បាន​សន្យា។ សេចក្តី​ជំនឿ​មាន​អំណាច នៅ​ពេល​ដែល​យើង​ប្រើ​វា។ សេចក្តី​ជំនឿ​យើង​មាន​ប្រយោជន៍ នៅ​ពេល​ដែល​វា​ផ្អែក​ទៅ​លើ​ព្រះបន្ទូល​សន្យា​ដ៏​ច្បាស់​លាស់ និង​មាន​ន័យ​របស់​ព្រះ។ ពុំ​នោះ​ទេ ជំនឿ​យើង​គ្រាន់​តែ​ជាការ​គិតប្រាថ្នា​ចង់បាន​ប៉ុណ្ណោះ។

សូម​យើងស្តាប់​ហេតុផលដូច​តទៅ។ ព្រះ​ទ្រង់​បាន​សន្យា​ថា “ចូរ​សូម​អ្វី​តាម​តែ​ប្រាថ្នា​ចុះ សេចក្តី​នោះ​នឹង​បាន​សំរេចដល់​អ្នករាល់​គ្នា​ជា​មិន​ខាន។ ព្រះវរបិតា​ខ្ញុំ​បាន​ដំកើង​ឡើង ដោយ​សេចក្តី​នេះ​ឯង គឺ​ដោយ​អ្នក​រាល់​គ្នា​បង្កើត​ផល​ជា​ច្រើន យ៉ាង​នោះ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​សិស្ស​ខ្ញុំ​មែន”(យ៉ូហាន ១៥:៧-៨)។ ខគម្ពីរ​នេះ​មិន​មែន​ជា​ការ​សន្យា​ថា ព្រះ​ទ្រង់​នឹង​ឆ្លើយ​តប​រាល់​ការ​អធិស្ឋាន​របស់​យើង​នោះ​ឡើយ ប៉ុន្តែ តាម​ពិត ខ​គម្ពីរ​នេះ​ជា​ការ​សន្យា​ថា​ ទ្រង់​នឹង​ឆ្លើយ​តប​ ចំពោះ​រាល់​ការ​ស្រេក​ឃ្លាន​ចង់​បាន​សេចក្តី​សុច​រិត ដែល​សាវ័ក​ប៉ុល​បាន​ហៅថា “ផល​ផ្លែ​នៃ​ព្រះ​វិញ្ញាណ”(កាឡាទី ៥:២២-២៣)។ បើ​យើង​ស្រេក​ឃ្លាន​ចង់​បាន​សេចក្តី​បរិសុទ្ធ ហើយ​ទូល​សូម​សេចក្តី​បរិសុទ្ធ​ពី​ព្រះ នោះ​ទ្រង់​នឹង​ប្រទាន​សេចក្តី​បរិសុទ្ធ​ដល់​យើង យ៉ាង​គាប់​ចិត្ត។ ការ​លូត​លាស់​ខាង​វិញ្ញាណ​ត្រូវ​ការ​ពេល​វេលា និង​កើត​មាន​បន្តិច​ម្តង​ៗ គឺមិន​ខុស​ពី​ការ​លូត​លាស់​របស់​រូប​កាយ​មនុស្ស​ឡើយ។ ចូរ​កុំ​បោះ​បង់​ការ​តស៊ូ​ឡើយ។ ចូរ​បន្ត​ទូល​សូម ឲ្យ​ព្រះ​ទ្រង់​ជួយអ្នក ឲ្យ​មាន​សេចក្តី​បរិសុទ្ធ។ ទ្រង់​នឹង​សម្រេច​ឲ្យ​នូវ​សេចក្តី​បរិសុទ្ធ​នោះ ក្នុង​ពេលទ្រង់ និង​តាមជំហាន​របស់​ទ្រង់។ ព្រះ​ទ្រង់​មិនធ្វើ​ការសន្យា ដោយ​មិន​គោរព​តាម​ព្រះ​បន្ទូល​សន្យា​នោះ​ឡើយ។—DAVID H. ROPER