ខ្ញុំបានបន្តទុកចិត្តព្រះ តាមរយៈការតយុទ្ធរបស់ខ្ញុំ ជាមួយនឹងការឈឺចាប់ដ៏រាំរ៉ៃ ព្រោះការអន់ថយដ៏សាមញ្ញ ក៏អាចធ្វើឲ្យខ្ញុំមានអារម្មណ៍ថា ខ្ញុំកំពុងតែត្រូវខ្មាំងសត្រូវ វាយប្រហារយ៉ាងសាហាវមកលើខ្ញុំ។ បញ្ហាទីមួយបានចាក់ខ្ញុំ ពីខាងស្តាំ។ បញ្ហាទី២ បានច្រានខ្ញុំពីខាងក្រោយ។ បញ្ហាទី៣ បានដាល់ចំច្រមុះខ្ញុំ។ ក្នុងអំឡុងពេលនោះ ពេលដែលកម្លាំងរបស់ខ្ញុំបានអន់ថយទៅ ហើយភាពធូរស្បើយតែមួយភ្លែត បានរត់ចោលខ្ញុំ ខ្ញុំក៏បានគិតថា ការរត់ទៅពួនហាក់ដូចជាគំនិតដ៏ល្អ។ ប៉ុន្តែ ដោយសារខ្ញុំមិនអាចរត់គេចពីការឈឺចាប់របស់ខ្ញុំ ឬផ្លាស់ប្តូរកាលៈទេសៈរបស់ខ្ញុំ ឬមួយមិនអើពើរចំពោះអារម្មណ៍របស់ខ្លួនឯងបាន ខ្ញុំក៏បានរៀនពឹងផ្អែកលើព្រះបន្តិចម្តងៗ ដោយជឿថា ទ្រង់នឹងបីខ្ញុំឆ្លងកាត់បញ្ហាទាំងនោះ។
ពេលខ្ញុំត្រូវការការលើកទឹកចិត្ត ការកម្សាន្តចិត្ត និងសេចក្តីក្លាហាន ខ្ញុំក៏បានមើលបទចម្រៀង របស់អ្នកនិពន្ធព្រះគម្ពីរទំនុកដំកើង ដែលបាននាំបញ្ហារបស់ខ្លួន ថ្វាយដល់ព្រះ។ ក្នុងចំណោមបទគម្ពីរទំនុកដំកើង ដែលខ្ញុំចូលចិត្តជាងគេ មានបទគម្ពីរទំនុកដំកើង ដែលនិយាយ អំពីការដែលស្តេចដាវីឌរត់គេចពីអាប់សាឡំម ដែលជាបុត្រាទ្រង់ ដែលចង់ធ្វើគត់ទ្រង់ ដើម្បីដណ្តើមនគរពីទ្រង់។ ទោះស្តេចដាវីឌបានពោលទំនួញ អំពីស្ថានភាពដ៏ឈឺចាប់នេះក៏ដោយ(ទំនុកដំកើង ៣:១-២) ក៏ទ្រង់នៅតែទុកចិត្តការការពាររបស់ព្រះ ហើយរំពឹងថា ទ្រង់នឹងឆ្លើយតបសេចក្តីអធិស្ឋានរបស់ទ្រង់(ខ.៣-៤)។ ស្តេចអង្គនេះមិនបានបាត់ដំណេក ដោយសារការព្រួយបារម្ភ ឬភ័យខ្លាចការអ្វីដែលអាចកើតឡើងនោះឡើយ ព្រោះទ្រង់ទុកចិត្តថា ព្រះទ្រង់នឹងទ្រទ្រង់ ហើយជួយសង្រ្គោះទ្រង់(ខ.៥-៨)។
ជាញឹកញាប់ ការឈឺចាប់ផ្លូវកាយ និងផ្លូវអារម្មណ៍ អាចធ្វើឲ្យយើងមានអារម្មណ៍ថា យើងកំពុងជួបសត្រូវដ៏សាហាវ។ យើងអាចមានអារម្មណ៍ថា ចង់បោះបង់ចោល ឬចង់គេចចេញពីបញ្ហា ពេលដែលយើងមានការនឿយហត់ ហើយមិនអាចមើលឃើញចុងបញ្ចប់នៃសង្រ្គាមដែលយើងកំពុងតយុទ្ធនោះ។ ប៉ុន្តែ យើងអាចរៀនទុកចិត្តថា ព្រះទ្រង់នឹងលើកយើងឲ្យក្រោកឈរឡើង ហើយជួយយើងឲ្យសម្រាកក្នុងព្រះវត្តមានដ៏ស្ថិតស្ថេរ និងពេញដោយក្តីស្រឡាញ់។—XOCHITL DIXON