កាល​នៅ​ពី​ក្មេង ពេល​ដែល​ខ្ញុំ​មាន​អារម្មណ៍​ឯក​កោ ត្រូវ​គេ​បដិសេធន៍ ឬ​អាណឹត​ខ្លួន​ឯង ជួន​កាល​ ម្តាយ​ខ្ញុំ​បាន​ព្យាយាម​លើក​ទឹក​ចិត្ត​ខ្ញុំ ដោយ​ច្រៀង​ចម្រៀង​ខ្លី​ដ៏​ពេញ​និយម​មួយ​បទ ដែល​គេ​ច្រៀង​ថា “គ្មាន​នរណា​ចូល​ចិត្ត​ខ្ញុំ​ទេ គ្រប់​គ្នា​សុទ្ធ​តែ​ស្អប់​ខ្ញុំ។ ខ្ញុំ​គិត​ថា ខ្ញុំ​នឹង​ទៅ​ញាំ​ដង្កូវ​ហើយ”។ បន្ទាប់​ពី​ស្នាម​ញញឹម​បាន​លេច​ឡើង នៅ​លើ​ផ្ទៃ​មុខ​ដ៏ស្រពោន​របស់​ខ្ញុំ គាត់​ក៏​បាន​ជួយ​ឲ្យ​ខ្ញុំ​យល់ អំពី​ទំនាក់​ទំនង​ដ៏​ពិសេស​ជា​ច្រើន និង​មូល​ហេតុ​ដែល​ខ្ញុំ​ត្រូវ​ដឹង​គុណ ដែល​ខ្ញុំ​មាន​ស្រាប់​ហើយ។

ក្រោយ​មក​ ខ្ញុំ​ក៏​បាន​អាន​បទ​គម្ពីរ​ដែល​ចែង​អំពី​ស្តេច​ដាវីឌ។ មាន​ពេល​មួយ ទ្រង់​មាន​អារម្មណ៍​ថា គ្មាន​នរណា​ម្នាក់ខ្វល់​ពី​ទ្រង់​ទេ បទ​ចម្រៀង​ខ្លី​នោះ ក៏​បាន​បន្លឺ​ឡើង​នៅ​ក្នុង​ត្រចៀក​ខ្ញុំ។ ប៉ុន្តែ ស្តេច​ដាវីឌ​មិន​បាន​មាន​បន្ទូល​ពន្លើស អំពី​ការ​ឈឺ​ចាប់​របស់​ទ្រង់​សោះ​ឡើយ។ ពេល​ខ្ញុំ​មាន​អារម្មណ៍​ថា ឯកកោ​ ដែល​កើត​មាន​ជា​ធម្មតា នៅ​ក្នុង​វ័យ​របស់​ខ្ញុំ ខ្ញុំ​ក៏​បាន​នឹក​ចាំ​ថា ស្តេច​ដាវីឌ​មាន​អារម្មណ៍​ឯកោ ដោយ​សារ​មូល​ហេតុ​ដ៏​ច្បាស់​លាស់។ ទ្រង់​បាន​និពន្ធ​អំពី​សេចក្តី​នេះ នៅ​ក្នុង​ទី​ងងឹត ក្នុង​ជម្រៅ​នៃ​រូង​ភ្នំ ជា​កន្លែង​ដែល​ទ្រង់​កំពុង​លាក់​ខ្លួន​ពី​ស្តេច​សូល ដែល​បាន​ដេញ​តាម​សម្លាប់​ទ្រង់(១សាំយ៉ូអែល ២២:១ ២៤:៣-១០)។ ស្តេច​ដាវីឌ​បាន​ទទួល​ការ​ចាក់​ប្រេង​តាំង ឲ្យ​ធ្វើ​ជា​ស្តេច​របស់​សាសន៍​អ៊ីសា្រ​អែល បន្ទាប់​ពី​ស្តេច​សូល(១៦:១៣)។ ទ្រង់​ធ្លាប់​ធ្វើ​ការ​បម្រើ​ស្តេច​សូល​ជា​ច្រើន​ឆ្នាំ ប៉ុន្តែ ក្រោយ​មក ទ្រង់​ក៏​បាន​រត់​គេច ពី​កន្លែង​មួយ ទៅ​កន្លែង​មួយ​ទៀត ដើម្បី​ឲ្យ​រួច​ពី​ការ​តាម​សម្លាប់។ ស្ថិត​ក្នុង​ពេល​ដ៏​ឯក​កោ​នោះ ទ្រង់​ក៏​បាន​ស្រែក​រក​ព្រះ ដោយ​បន្លឺ​ឡើង​ថា ព្រះ​ទ្រង់ “ទី​ពឹង​ជ្រក”របស់​ទ្រង់ ហើយ “គឺ​ជា​ចំណែក​របស់ទ្រង់ នៅ​ក្នុង​ស្ថាន​របស់​មនុស្ស​រស់​នេះ”(ទំនុកដំកើង ១៤២:៥)។

យើង​ក៏​អាច​ស្រែក​រក​ព្រះ​ផង​ដែរ នៅ​ពេល​យើង​មាន​អារម្មណ៍​ឯក​កោ ដោយ​ទូល​ថ្វាយ​ទ្រង់ អំពី​អារម្មណ៍​របស់​យើង នៅ​ក្នុង​ភាព​សុខ​សាន្ត​នៃ​សេចក្តី​ស្រឡាញ់​ទ្រង់។ ព្រះ​ទ្រង់​មិន​កាត់​បន្ថយ​ភាព​ឯក​កោ​យើង ឲ្យ​នៅ​តិច​បំផុត​នោះ​ទេ ប៉ុន្តែ ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​ធ្វើ​ជា​អ្នក​រួម​ដំណើរ និង​គង់​នៅ​ជា​មួយ​យើង ក្នុង​រូង​ភ្នំ​ងងឹត​បំផុត នៃ​ជីវិត​យើង។ ព្រះ​ទ្រង់​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​យើង សូម្បី​តែ​នៅ​ពេល​ដែល​យើង​គិត​ថា គ្មាន​នរណា​ខ្វល់​ពី​យើង​ក៏​ដោយ។—KIRSTEN HOLMBERG