កាលពីពេលកន្លងទៅ ខ្ញុំបានផ្ញើរសារមួយ ទៅខារី(Cari) ភរិយារបស់ខ្ញុំ ដោយប្រើសារសម្លេង ដែលទូរស័ព្ទប្រែវាទៅជាសារអក្សរ។ ខ្ញុំកំពុងតែដើរចេញទៅក្រៅ ដើម្បីទៅទទួលគាត់ ចេញពីធ្វើការ ហើយចង់ផ្ញើរសារប្រាប់គាត់ថា “តើអូនចង់ឲ្យបងទៅទទួលអូន នៅកន្លែងណា ស្រីចាស់?”
ខារីមិនប្រកាន់ទេ ពេលដែលខ្ញុំហៅគាត់ “ស្រីចាស់” ព្រោះវាជាឈ្មោះសម្រាប់ហៅក្រៅ ដោយក្តីស្រឡាញ់ដែលយើងប្រើនៅក្នុងផ្ទះយើង។ ប៉ុន្តែ ទូរស័ព្ទខ្ញុំចាប់មិនបានពាក្យដែលខ្ញុំនិយាយ ហើយបែរជាផ្ញើរពាក្យ “គោចាស់” ទៅគាត់។
តែអរព្រះគុណព្រះអង្គ ខារីឆាប់យល់អំពីបញ្ហា ដែលទើបកើតឡើង ហើយក៏គិតថា វាជារឿងដែលគួរឲ្យអស់សំណើច។ ក្រោយមក គាត់ក៏បានបង្ហោះសារនោះ នៅក្នុងបណ្តាញសង្គម ហើយក៏សួរគេថា តើគាត់គួរតែអន់ចិត្តឬទេ? យើងក៏បានអស់សំណើចទាំងអស់គ្នា ដោយសាររឿងនេះ។
ការឆ្លើយតបរបស់ភរិយាខ្ញុំ ដោយសេចក្តីស្រឡាញ់ ចំពោះពាក្យដែលឆ្គាំឆ្គង នៅថ្ងៃនោះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីព្រះ ដែលទ្រង់ជ្រាបអំពីសេចក្តីកម្សោយរបស់យើង ដោយសេចក្តីស្រឡាញ់ ពេលដែលយើងអធិស្ឋានទៅរកទ្រង់។ យើងប្រហែលជាមិនដឹងថា ត្រូវនិយាយអ្វីទេ ពេលដែលយើងអធិស្ឋាន ឬមិនដឹងថា ត្រូវទូលសូមអ្វីផង ប៉ុន្តែ ពេលដែលយើងក្លាយជាកម្មសិទ្ធិរបស់ព្រះគ្រីស្ទហើយ ព្រះវិញ្ញាណដែលគង់នៅក្នុងយើង “ទ្រង់ជួយអង្វរជំនួសយើង ដោយដំងូរដែលរកថ្លែងពុំបានវិញ”(រ៉ូម ៨:២៦) ហើយក៏ជួយយើង ដោយសេចក្តីស្រឡាញ់ ឲ្យទូលថ្វាយតម្រូវការដ៏ជ្រាលជ្រៅបំផុតរបស់យើង នៅចំពោះទ្រង់។
ពេលយើងទូលថ្វាយព្រះវរបិតានៃយើង ទ្រង់មិនរង់ចាំ ទាល់តែយើងប្រើពាក្យសម្តីដែលត្រូវគ្រប់ម៉ាត់ ទើបទ្រង់ឆ្លើយតបយើងវិញនោះឡើយ។ យើងអាចចូលទៅរកទ្រង់ ដោយទូលថ្វាយអំពីតម្រូវការគ្រប់យ៉ាងរបស់យើង ដោយដឹងច្បាស់ថា ទ្រង់យល់អំពីភាពកម្សោយរបស់យើង ហើយទទួលយើងដោយសេចក្តីស្រឡាញ់។ —JAMES BANKS