មាន​ពេល​មួយ ខ្ញុំ​បាន​ទៅ​អង្គុយ​លេង​ជា​មួយ​មិត្ត​ភក្តិ​របស់​ខ្ញុំ​ម្នាក់ នៅ​មាត់​សមុទ្រ ដែល​មាន​ភាព​ស៊ី​សង្វាក់​បែប​ធម្មជាតិ​ឥត​ឈប់​ឈរ។ ពេល​ដែល​ថ្ងៃ​លិច នៅ​ឯ​នាយ​ជើង​មេឃ ទឹក​រលក​បាន​បក់​មក​ឆ្នេរ មួយ​ហើយ​មួយ​ទៀត ដោយ​ចំកោង​ខ្លួន​ឡើង​ទៅ​លើ ហើយ​ក៏​រលា​ខ្លួន​ចុះ​មក​ក្រោម​វិញ មក​រក​ម្រាម​ជើង​របស់​យើង ដោយ​ការ​ផ្អាក​តែ​បន្តិច​ប៉ុណ្ណោះ នៅ​ចន្លោះ​រលក​នីមួយ​ៗ។ នាង​ក៏​បាន​និយាយ​ទាំង​ញញឹម​ថា “ខ្ញុំ​ស្រឡាញ់​សមុទ្រ​ណាស់។ វា​មាន​ចលនា​ឥត​ឈប់​ឈរ ធ្វើ​ឲ្យ​ខ្ញុំ​អាច​ឈប់​សម្រាក”។

មនុស្ស​ជា​ច្រើន​ព្យាយាម​ឈប់​សម្រាក ទំាង​ពិបាក។​ យើង​ធ្វើ​នេះ ធ្វើ​នោះ ទៅ​នេះ ទៅ​នោះ​ឥត​ឈប់​ឈរ ​ដោយ​ការ​ភ័យ​ខ្លាច​ថា យើង​នឹង​បាត់​បង់​អ្វី​ម្យ៉ាង បើ​សិន​ជា​យើង​បញ្ឈប់​ការ​ប្រឹង​ប្រែង​របស់​យើង។ ពុំ​នោះ​ទេ យើង​ខ្លាច​មិន​ហ៊ាន​ប្រឈម​មុន​នឹង​ការ​ពិត នៅ​ពេល​បច្ចុប្បន្ន ដែល​យើង​បាន​ព្យាយាម​ធ្វើ​ការ​គេច​វេស ដោយ​ការ​ប្រឹង​ប្រែង​របស់​យើង។

ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ៤៦:៨-៩ ព្រះ​ទ្រង់​បាន​បង្ហាញ​អំណាច​ដ៏​ខ្ពស់​បំផុត​របស់​ទ្រង់។ ដូច​មាន​សេចក្តី​ចែង​ថា “ចូរ​មក​ពិចារណា​មើល​អស់​ទាំង​ការ​នៃ​ព្រះយេហូវ៉ា ជា​ការ​ហិនវិនាស ដែល​ទ្រង់​បាន​ធ្វើ​នៅ​ផែនដី ទ្រង់​បណ្តាល​ឲ្យ​ការ​សង្គ្រាម​ស្ងប់​រំងាប់ រហូត​ដល់​ចុង​ផែនដី ទ្រង់​បំបាក់​ធ្នូ ហើយ​កាច់​លំពែង ក៏​ដុត​អស់​ទាំង​រទេះ​ចំបាំង​នៅ​ក្នុង​ភ្លើង”។ ព្រះ​នៃ​យើង​ទ្រង់​ជា​ព្រះ​ដែល​សកម្ម​ជា​និច្ច ដែល​បាន​ធ្វើ​ការ​របស់​ទ្រង់ ដើម្បី​បង្កើត​ភាព​ស្ងប់​សុខ នៅ​ក្នុង​ភាព​វឹក​វរ នៅ​ក្នុង​ជីវិត​យើង។

ហើយ​នៅ​ក្នុង ខ.១០ ទ្រង់​បាន​មាន​បន្ទូល​ថា “ចូរ​បង្អង់​សិន ឲ្យ​បាន​ដឹង​ថា អញ​ជា​ព្រះ”។ ជា​ការ​ពិត​ណាស់ យើង​មិន​អាច​ស្គាល់​ព្រះ​ច្បាស់​ឡើយ បើ​យើង​ចេះ​តែ​រត់​ទៅ​រត់​មក​ចុះ​ឡើង​ៗ មិន​ចេះ​ឈប់​នោះ។ ប៉ុន្តែ ក្នុង​ខ​នេះ ព្រះ​ទ្រង់​បាន​បង្គាប់​យើង ឲ្យ​ឈប់​បង្អង់​សិន ដើម្បី​ឲ្យ​មាន​ការ​យល់​ដឹង។ គឺ​ឲ្យ​ដឹង​ថា យើង​អាច​ឈប់​បង្អង់ ហើយ​ស្ងៀម​នៅ ព្រោះព្រះ​ទ្រង់​សកម្ម​ជា​និច្ច។ ហើយ​ដឹង​ថា អំណាច​ចេស្តា​របស់​ទ្រង់​បាន​ប្រទាន​យើង នូវ​តម្លៃ ការ​ការពារ និង​សន្តិ​ភាព​ដ៏​ពិត​ប្រាកដ។ —ELISA MORGAN