កាលខ្ញុំបានទៅទស្សនាព្រះវិហារឆូរ៉ាដ៏ស្រស់ស្អាត ក្នុងទីក្រុងអ៊ីស្តានប៊ូល ជាលើកដំបូង ខ្ញុំបានមើលផ្ទាំងគំនូរលើជញ្ជាំង និងផ្ទាំងគំនូរការ៉ូបិទរបស់ចក្រភពប៊ីហ្សានធីន នៅលើពិដាន ហើយក៏អាចស្វែងយល់អំពីសាច់រឿងមួយចំនួន ក្នុងព្រះគម្ពីរ តាមរូបគំនូរទំាងនោះ។ ប៉ុន្តែ មានចំណុចជាច្រើន ដែលខ្ញុំបានមើលរំលង។ ទោះជាយ៉ាងណាក៏ដោយ នៅលើកទីពីរ ខ្ញុំមានអ្នកនាំដើរទស្សនាម្នាក់ ទៅជាមួយ។ គាត់បានចង្អុលបង្ហាញ អំពីភាពលម្អិតទាំងអស់ ដែលខ្ញុំបានមើលរំលង កាលពីមុន ហើយភ្លាមៗនោះ ខ្ញុំក៏បានយល់ច្បាស់អំពីសាច់រឿង នៅលើផ្ទាំងគំនូរ។ ឧទាហរណ៍ ផ្ទាំងគំនូរទីមួយ បានពិពណ៌នា អំពីដំណើរជីវិតរបស់ព្រះយេស៊ូវ ដូចដែលមានចែងក្នុងព្រះគម្ពីរដំណឹងល្អលូកា។
ជួនកាល ពេលយើងអានព្រះគម្ពីរ យើងមានការយល់ដឹង អំពីរឿងដែលជាមូលដ្ឋានគ្រឹះ ប៉ុន្តែ តើយើងយល់អំពីទំនាក់ទំនង ដែលជាភាពលម្អិតនៅក្នុងសាច់រឿង ដែលបានចាក់ស្រេស បង្កើតជាសាច់រឿងទាំងមូលឬទេ? យើងអាចស្វែងយល់អំពីចំណុចលម្អិតទាំងនោះ ដោយប្រើសៀវភៅដែលពន្យល់បទគម្ពីរ និងឧបករណ៍សម្រាប់សិក្សាព្រះគម្ពីរដទៃទៀត ប៉ុន្តែ យើងក៏ត្រូវការអ្នកនាំផ្លូវ ដែលបើកភ្នែកយើង ហើយជួយឲ្យយើងមើលឃើញភាពអស្ចារ្យនៃការបើកសម្តែងរបស់ព្រះ ដែលមានចែងនៅក្នុងព្រះគម្ពីរ។ អ្នកនាំផ្លូវរបស់យើង គឺជាព្រះវិញ្ញាណបរិសុទ្ធ ដែលបង្រៀនយើង “នូវគ្រប់សេចក្តីទាំងអស់”(យ៉ូហាន ១៤:២៦)។ សាវ័កប៉ុលបានមានប្រសាសន៍ផងដែរថា ព្រះវិញ្ញាណក៏ “ផ្ទឹមពន្យល់សេចក្តីខាងវិញ្ញាណ ដោយសារសេចក្តីខាងឯវិញ្ញាណ”(១កូរិនថូស ២:១៣)។
គឺពិតជាអស្ចារ្យណាស់ ដែលព្រះដ៏ជាអ្នកនិពន្ធព្រះគម្ពីរ បានបង្ហាញយើង ឲ្យស្គាល់ភាពអស្ចារ្យនៃព្រះបន្ទូលទ្រង់។ ព្រះទ្រង់មិនគ្រាន់តែបានប្រទានយើងនូវព្រះបន្ទូលរបស់ទ្រង់ និងការបើកសម្តែង នៅក្នុងព្រះគម្ពីរប៉ុណ្ណោះទេ តែទ្រង់ថែមទាំងបានជួយយើង ឲ្យយល់ព្រះបន្ទូលទ្រង់ ហើយក៏បានរៀនសូត្រផងដែរ។ ដូចនេះ ចូរយើងអធិស្ឋានតាមអ្នកនិពន្ធបទគម្ពីរទំនុកដំកើងថា “សូមបំភ្លឺភ្នែកទូលបង្គំ ឲ្យបានឃើញសេចក្តីអស្ចារ្យ នៅក្នុងក្រឹត្យវិន័យរបស់ទ្រង់”(ទំនុកដំកើង ១១៩:១៨)។—KEILA OCHOA