បន្ទាប់ពីខ្ញុំបានបាត់បង់ការងារជាអ្នកកែសម្រួលអត្ថបទ ខ្ញុំក៏បានអធិស្ឋាន សូមព្រះទ្រង់ជួយខ្ញុំ ឲ្យរកបានការងារថ្មី។ ប៉ុន្តែ ជាច្រើនសប្តាហ៍បានកន្លងផុតទៅ ហើយខ្ញុំក៏មិនបានព្យាយាមស្វែងរកបណ្តាញ និងបំពេញពាក្យសុំការងារឡើយ។ ពេលនោះខ្ញុំក៏បានចាប់ផ្តើមរអ៊ូរទាំ។ ខ្ញុំក៏បានឱបដៃ ដោយការមិនសប្បាយចិត្ត ចំពោះការអធិស្ឋាន ដែលមិនបានទទួលការឆ្លើយតប ហើយក៏បានទូលសួរព្រះអង្គថា “តើព្រះអង្គជ្រាបទេ ថាការងារ មានសារៈសំខាន់ប៉ុណ្ណាចំពោះទូលបង្គំ?”
លោកឪពុករបស់ខ្ញុំ ច្រើនតែបានរំឭកខ្ញុំ ឲ្យទុកចិត្តព្រះបន្ទូលសន្យារបស់ព្រះអម្ចាស់ អំពីស្ថានភាពនៃការងាររបស់ខ្ញុំ។ ពេលដែលខ្ញុំបានជជែកគ្នាជាមួយគាត់ គាត់ក៏បានប្រាប់ខ្ញុំថា “ប៉ាចង់ឲ្យកូនឈានទៅដល់ចំណុច ដែលកូនទុកចិត្តអ្វីដែលព្រះអង្គបានមានបន្ទូល”។
ពាក្យណែនាំរបស់ឪពុកខ្ញុំ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីបទគម្ពីរសុភាសិត ជំពូក៣ ដែលបានចែងអំពីការប្រឹក្សាប្រកបដោយប្រាជ្ញា ពីឪពុកម្តាយ ទៅកាន់កូនជាទីស្រឡាញ់របស់ខ្លួន។ ជាពិសេស បទគម្ពីរនេះត្រូវនឹងស្ថានភាពរបស់ខ្ញុំ។ គឺដូចមានសេចក្តីចែងថា “ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ។ ត្រូវឲ្យទទួលស្គាល់ទ្រង់នៅគ្រប់ទាំងផ្លូវឯងចុះ នោះទ្រង់នឹងដំរង់អស់ទាំងផ្លូវច្រករបស់ឯង”(សុភាសិត ៣:៥-៦)។ ព្រះទ្រង់នឹងតម្រង់អស់ទាំងផ្លូវរបស់យើង គឺមានន័យថា ព្រះទ្រង់នឹងនាំផ្លូវយើង ឆ្ពោះទៅរកគោលដៅរបស់ទ្រង់ ដើម្បីការលូតលាស់របស់យើង។ គោលដៅសំខាន់បំផុតរបស់ទ្រង់ គឺដើម្បីឲ្យខ្ញុំបានផ្លាស់ប្រែ កាន់តែមានលក្ខណៈដូចទ្រង់។
ការនេះមិនមានន័យថា ផ្លូវដែលទ្រង់បានជ្រើសរើសឲ្យយើង នឹងមានភាពងាយស្រួលសម្រាប់យើងនោះទេ។ ប៉ុន្តែ ខ្ញុំអាចទុកចិត្តថា ការដឹកនាំ និងការរៀបចំពេលវេលារបស់ទ្រង់ គឺដើម្បីប្រយោជន៍ខ្ញុំទេ។
តើអ្នកកំពុងតែរង់ចាំ ព្រះទ្រង់ឆ្លើយតបការអធិស្ឋានរបស់អ្នកឬទេ? ចូរសម្រេចចិត្តចូលទៅក្បែរទ្រង់ ហើយទុកចិត្តថា ទ្រង់នឹងដឹកនាំអ្នក។—LINDA WASHINGTON