តើ​បាន​នរណា​ឱប​គេ​រាល់​គ្នា​ទៀត?” នេះ​ជា​សំណួរ​មួយ ក្នុង​ចំណោម​សំណួរ​ដែល​មិត្ត​ភក្តិ​របស់​យើង​ម្នាក់ បាន​សួរ​យើង បន្ទាប់​ពី​គាត់​បាន​ទទួល​ដំណឹង​ថា គាត់​មាន​ជម្ងឺ​មហារីក ហើយ​គាត់​ដឹង​ថា គាត់​នឹង​នៅ​ឆ្ងាយ​ពី​ពួក​ជំនុំ​របស់​យើង​មួយ​រយៈ។ លោក​ស្ទីវ​បាន​ធ្វើ​ឲ្យ​គេ​រាល់​គ្នា មាន​អារម្មណ៍​ថា បាន​ទទួល​ការ​ស្វាគមន៍​ដ៏​កក់​ក្តៅ ដោយ​ភាព​ចៅ​រ៉ៅ ការ​ចាប់​ដៃ​ដ៏​កក់​ក្តៅ ហើយ​ថែម​ទាំង “ការ​ឱប ​ដ៏​បរិសុទ្ធ”​ សម្រាប់​អ្នក​ខ្លះ ដើម្បី​អនុវត្ត​តាម​បទ​គម្ពីរ រ៉ូម ១៦:១៦ ដែលបាន​ប្រាប់ “ឲ្យ​ជំរាប​សួរ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ការ​ថើប​យ៉ាង​បរិសុទ្ធ”។

ហើយ​សព្វ​ថ្ងៃ​នេះ ពេល​យើង​បាន​អធិស្ឋាន​ឲ្យ​លោក​ស្ទីវ សូម​ឲ្យ​ព្រះ​ទ្រង់​ប្រោស​ជម្ងឺ​គាត់ គាត់​មាន​ការបារម្ភ​ថា យើង​នឹង​នឹក​ការ​ស្វាគមន៍ ដ៏​កក់​ក្តៅ​របស់​គាត់ ខណៈ​ពេល​ដែល​គាត់​ត្រូវ​ឆ្លង​កាត់​ការ​វះ​កាត់ និង​ការ​ព្យាបាល ហើយ​ត្រូវ​នៅឆ្ងាយ​ពី​ពួក​ជំនុំ​របស់​យើង មួយ​រយៈ ។

យើង​រាល់​គ្នា ប្រហែល​ជា​មិន​សុទ្ធ​តែ​បាត់​បង់​ឱកាស​ស្វាគម៍​គ្នា​ទៅ​វិញ​ទៅម​ក ដូច​លោក​ស្ទីវ​ឡើយ ប៉ុន្តែ ការ​ដែល​គាត់​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ដទៃ បាន​ធ្វើ​ជា​គំរូ​ដ៏​ល្អ ដែល​បាន​ជួយ​ក្រើន​រំឭក​យើង។ ចូរ​កត់​សំគាល់​ការ​បង្រៀន​របស់​សាវ័ក​ពេត្រុស ដែល​បាន​ប្រាប់​យើង​ឲ្យ “ប្រព្រឹត្ត​នឹង​គ្នា​ដោយ​សេចក្តី​ចៅរ៉ៅ ឥត​មាន​ត្អូញ​ត្អែរ” ឬ​ប្រព្រឹត្ត ដោយ​ផ្តោត​ទៅ​លើ​សេចក្តី​ស្រឡាញ់(១ពេត្រុស ៤:៩ មើល ភីលីព ២:១៤)។ បដិសណ្ឋារ​កិច្ច​របស់​ពួក​ជំនុំ នៅ​សតវត្សរ៍​ទី១ បាន​រាប់​បញ្ចូល​ការ​ផ្តល់​កន្លែង​ស្នាក់​អាស្រ័យ ដល់​អ្នក​ដំណើរ គឺ​ត្រូវ​ធ្វើ​ឡើង ដោយ​ការ​ស្វាគមន៍​ដ៏​កក់​ក្តៅ​ផង​ដែរ។

ខណៈ​ពេល​ដែល​យើង​ប្រាស្រ័យ​ទាក់​ទង​គ្នា ដោយ​សេចក្តី​ស្រឡាញ់​ ទោះ​ដោយ​ការ​ឱប​គ្នា ឬ​ការ​ញញឹម​ដ៏​ចៅ​រ៉ៅ​ក្តី យើង​ត្រូវ​ធ្វើ “ដើម្បី​ឲ្យ​ព្រះ​បាន​ថ្កើង​ឡើង ​ក្នុង​គ្រប់​ការ​ទាំង​អស់ ដោយសារ​ព្រះយេស៊ូវ​គ្រីស្ទ” (១ពេត្រុស ៤:១១)។—DAVE BRANON