ខ្ញុំធ្វើការជាមួយក្រុមការងារ ដែលរៀបចំពិធីប្រចំាឆ្នាំរបស់សហគមន៍។ យើងបានចំណាយពេល១១ខែ ដើម្បីរៀបគម្រោងលម្អឹតជាច្រើន ដើម្បីធ្វើយ៉ាងណា ឲ្យមានជោគជ័យ នៅក្នុងការប្រារព្ធពិធី។ យើងបានជ្រើសរើសកាលបរិច្ឆេទ និងទីកន្លែងដ៏ល្អ។ យើងកំណត់តម្លៃសំបុត្រចូលរួម។ យើងបានជ្រើសរើសអ្វីៗគ្រប់យ៉ាង រាប់ចាប់ពីអ្នកលក់អាហារ ដល់អ្នកបច្ចេកទេសផ្នែកសម្លេង។ ខណៈពេលដែលពិធីកាន់តែជិតចូលមកដល់ យើងក៏បានឆ្លើយតប សំណួររបស់សាធារណៈជន ហើយក៏បានផ្តល់ឲ្យនូវការណែនាំ។ ក្រោយមក យើងក៏បានប្រមូលមតិរបស់អ្នកចូលរួម។ មតិខ្លះល្អ។ មតិខ្លះទៀត មិនពិរោះស្តាប់។ ក្រុមការងាររបស់យើងបានឮថា អ្នកចូលរួមមានចិត្តរំភើបរីករាយ ហើយក៏បានឮពាក្យរអ៊ូរទាំផងដែរ។ ការឆ្លើយតបអវិជ្ជមាន អាចធ្វើឲ្យយើងបាក់ទឹកចិត្ត ហើយជួនកាល ធ្វើឲ្យយើងចង់បោះបង់ចោលការងារយើង។
យ៉ាងណាមិញ លោកនេហេមា ក៏មានអ្នករិះគន់ផងដែរ ខណៈពេលដែលគាត់ដឹកនាំក្រុមការងារ សាងសង់កំផែងក្រុងយេរូសាឡិមឡើងវិញ។ គេពិតជាបានសើចចម្អកឲ្យលោកនេហេមា និងអ្នកដែលធ្វើការជាមួយគាត់ ដោយនិយាយថា “បើគ្រាន់តែមានចចកមួយឡើងទៅលើកំផែងថ្ម ដែលគេកំពុងតែធ្វើនោះឲ្យរលំទៅហើយ”(នេហេមា ៤:៣)។ ពេលដែលខ្ញុំបានរៀនសូត្រអំពីរបៀបដែលគាត់ឆ្លើយតប ចំពោះអ្នករិះគន់ ខ្ញុំក៏ចេះឆ្លើយតប ចំពោះអ្នករិះគន់របស់ខ្ញុំ។ គឺគាត់បានឆ្លើយតប ដោយងាកបែរទៅរកព្រះ ដើម្បីទទួលជំនួយពីទ្រង់ ជាជាងមានអារម្មណ៍ពិបាកចិត្ត ឬខំតបតចំពោះពាក្យសម្តីរបស់គេ។ គាត់មិនបានឆ្លើយតប ដោយត្រង់ៗតែម្តងទេ ផ្ទុយទៅវិញ គាត់បានទូលដល់ព្រះថា គេកំពុងតែប្រព្រឹត្តមកលើរាស្រ្តរបស់ទ្រង់ យ៉ាងដូចម្តេចខ្លះ(ខ.៤)។ បន្ទាប់ពីគាត់បានថ្វាយក្តីកង្វល់ទាំងអស់នោះដាច់ដល់ព្រះហើយ គាត់ និងក្រុមការងាររបស់គាត់ ក៏បានបន្តការងារជួសជុលកំផែងទីក្រុង អស់ពីចិត្ត (ខ.៦)។
យើងអាចរៀនពីលោកនេហេមា ដោយនៅតែបន្តធ្វើការ ដោយអំណរ ដោយគ្មានអារម្មណ៍រំខាន ដោយសារការរិះគន់ មកលើការងាររបស់យើង។ ពេលដែលគេរិះគន់ ឬសើចចម្អកឲ្យយើង យើងមិនត្រូវឆ្លើយតប ដោយចិត្តឈឺចាប់ ឬកំហឹងឡើង ផ្ទុយទៅវិញ យើងអាចទូលសូមឲ្យព្រះទ្រង់ ការពារយើង ឲ្យរួចពីការបាក់ទឹកចិត្ត ដើម្បីឲ្យយើងអាចបន្តការងារយើង ដោយចិត្តជ្រះស្អាត។—KIRSTEN HOLMBERG