ខ្ញុំ​ធ្វើ​ការ​ជា​មួយ​ក្រុម​ការងារ ដែល​រៀប​ចំ​ពិធី​ប្រចំា​ឆ្នាំ​របស់​សហ​គមន៍។ យើង​បាន​ចំណាយ​ពេល​១១​ខែ ដើម្បី​រៀប​គម្រោង​លម្អឹត​ជា​ច្រើន ដើម្បី​ធ្វើ​យ៉ាង​ណា ឲ្យ​មាន​ជោគ​ជ័យ នៅ​ក្នុង​ការ​ប្រារព្ធ​ពិធី។ យើង​បាន​ជ្រើស​រើស​កាល​បរិច្ឆេទ​ និង​ទីកន្លែង​ដ៏​ល្អ។ យើង​កំណត់​តម្លៃ​សំបុត្រ​ចូល​រួម។ យើង​បាន​ជ្រើស​រើស​អ្វី​ៗ​គ្រប់​យ៉ាង រាប់​ចាប់​ពី​អ្នក​លក់​អាហារ​ ដល់​អ្នក​បច្ចេក​ទេស​ផ្នែក​សម្លេង។ ខណៈ​ពេល​ដែល​ពិធី​កាន់​តែ​ជិត​ចូល​មក​ដល់ យើង​ក៏​បាន​ឆ្លើយ​តប សំណួរ​របស់​សាធារណៈ​ជន ហើយ​ក៏​បាន​ផ្តល់​ឲ្យ​នូវ​ការណែនាំ។ ក្រោយ​មក យើង​ក៏​បាន​ប្រមូល​មតិ​របស់​អ្នក​ចូល​រួម។ មតិ​ខ្លះ​ល្អ។ មតិ​ខ្លះ​ទៀត មិន​ពិរោះ​ស្តាប់។ ក្រុម​ការងារ​របស់​យើង​បាន​ឮ​ថា​ អ្នក​ចូល​រួម​មាន​ចិត្ត​រំភើប​រីក​រាយ ហើយ​ក៏​បាន​ឮ​ពាក្យរអ៊ូ​រទាំ​ផង​ដែរ។ ការ​ឆ្លើយ​តប​អវិជ្ជ​មាន អាច​ធ្វើ​ឲ្យ​យើង​បាក់​ទឹក​ចិត្ត ហើយ​ជួន​កាល ធ្វើ​ឲ្យ​យើង​ចង់​បោះ​បង់​ចោល​ការងារ​យើង។

យ៉ាង​ណា​មិញ លោក​នេហេមា ក៏​មាន​អ្នក​រិះ​គន់​ផង​ដែរ ខណៈ​ពេល​ដែល​គាត់​ដឹក​នាំ​ក្រុម​ការងារ សាង​សង់​កំផែង​ក្រុង​យេរូសាឡិម​ឡើង​វិញ។ គេ​ពិត​ជា​បាន​សើច​ចម្អក​ឲ្យ​លោក​នេហេមា និង​អ្នក​ដែល​ធ្វើ​ការ​ជា​មួយ​គាត់ ដោយ​និយាយ​ថា “បើ​គ្រាន់​តែ​មាន​ចចក​មួយ​ឡើង​ទៅ​លើ​កំផែង​ថ្ម ដែល​គេ​កំពុង​តែ​ធ្វើ​នោះ​ឲ្យ​រលំ​ទៅ​ហើយ”(នេហេមា ៤:៣)។ ពេល​ដែល​ខ្ញុំ​បាន​រៀន​សូត្រ​អំពី​របៀប​ដែល​គាត់​ឆ្លើយ​តប ចំពោះ​អ្នក​រិះ​គន់ ខ្ញុំ​ក៏​ចេះ​ឆ្លើយ​តប ចំពោះ​អ្នក​រិះ​គន់​របស់​ខ្ញុំ។ គឺគាត់​បាន​ឆ្លើយ​តប​ ដោយ​ងាក​បែរ​ទៅ​រក​ព្រះ ដើម្បី​ទទួល​ជំនួយ​ពី​ទ្រង់ ជា​ជាង​មាន​អារម្មណ៍​ពិបាក​ចិត្ត ឬ​ខំ​តបត​ចំពោះ​ពាក្យ​សម្តី​របស់​គេ។ គាត់​មិន​បាន​ឆ្លើយ​តប ដោយ​ត្រង់​ៗ​តែ​ម្តង​ទេ ផ្ទុយ​ទៅ​វិញ គាត់​បាន​ទូល​ដល់​ព្រះ​ថា គេកំពុង​តែ​ប្រព្រឹត្ត​មក​លើ​រាស្រ្ត​របស់​ទ្រង់ យ៉ាង​ដូច​ម្តេច​ខ្លះ​(ខ.៤)។​ បន្ទាប់​ពី​គាត់​បាន​ថ្វាយ​ក្តី​កង្វល់​ទាំង​អស់​នោះ​ដាច់ដល់​ព្រះ​ហើយ គាត់ និង​ក្រុម​ការងារ​របស់​គាត់ ក៏​បាន​បន្ត​ការងារ​ជួស​ជុល​កំផែង​ទី​ក្រុង អស់​ពី​ចិត្ត​ (ខ.៦)។

យើង​អាច​រៀន​ពី​លោក​នេហេមា ដោយ​នៅ​តែ​បន្ត​ធ្វើ​ការ ដោយ​អំណរ ដោយ​គ្មាន​អារម្មណ៍​រំខាន ដោយ​សារ​ការ​រិះ​គន់ មក​លើ​ការងារ​របស់​យើង។ ពេល​ដែល​គេ​រិះ​គន់ ឬ​សើច​ចម្អក​ឲ្យ​យើង  យើង​មិន​ត្រូវ​ឆ្លើយ​តប​ ដោយ​ចិត្ត​ឈឺ​ចាប់ ឬកំហឹង​ឡើង ផ្ទុយ​ទៅ​វិញ យើង​អាច​ទូល​សូម​ឲ្យ​ព្រះ​ទ្រង់ ការពារ​យើង ឲ្យ​រួច​ពី​ការ​បាក់​ទឹក​ចិត្ត ដើម្បី​ឲ្យ​យើង​អាច​បន្ត​ការងារ​យើង ដោយ​ចិត្ត​ជ្រះ​ស្អាត។—KIRSTEN HOLMBERG