មានពេលមួយខ្ញុំបានធ្វើឲ្យខ្លួនឯងធ្លាក់ចូល ទៅក្នុងភាពរញេរញ៉ៃ ដូចនេះ យកល្អ ខ្ញុំត្រូវដកខ្លួនចេញពីភាពរញេរញ៉ៃនេះ។ មានពេលខ្លះ ខ្ញុំគិតថា ទោះខ្ញុំបានជឿលើព្រះដែលមានព្រះគុណជាបរិបូរក៏ដោយ ក៏ពេលខ្លះខ្ញុំនៅតែប្រព្រឹត្ត តាមរបៀបដែលហាក់ដូចជាជឿថា ទ្រង់ប្រទានជំនួយ តែនៅពេលដែលខ្ញុំសក្តិសមនឹងទទួលជំនួយទ្រង់ប៉ុណ្ណោះ។
ការគិតដូចនេះ គឺមិនត្រឹមត្រូវទេ គឺដូចដែលព្រះទ្រង់បានប្រទានព្រះគុណទ្រង់ នៅពេលដែលទ្រង់បង្ហាញព្រះអង្គទ្រង់ដល់លោកយ៉ាកុបជាលើកទីមួយ។ លោកយ៉ាកុបចំណាយពេលពេញមួយជីវិត ដើម្បីព្យាយាមកែប្រែជោគវាសនារបស់គាត់។ គាត់បានកើតមកជាកូនទីពីរ នៅសម័យដែលកូនប្រុសច្បងមានសិទ្ធិទទួលពរពីឪពុករបស់ខ្លួន ជាពិសេស។ គេជឿថា ពរនោះនឹងនាំឲ្យកូនច្បងមានភាពសម្បូរសប្បាយនៅពេលអនាគត។ ដូចនេះ យ៉ាកុបក៏បានសម្រេចចិត្តធ្វើអ្វីក៏ដោយ ឲ្យតែបានពរនោះពីឪពុកគាត់។ ទីបំផុត គាត់ក៏បានជោគជ័យ ដោយប្រើវិធីបោកបញ្ឆោត ដើម្បីឲ្យបានពរ ដែលឪពុកគាត់បានត្រៀមទុកសម្រាប់បងប្រុសគាត់(លោកុប្បត្តិ ២៧:១៩-២៩)។
ប៉ុន្តែ ជាលទ្ធផលគ្រួសារគាត់ត្រូវបែកបាក់ ដោយគាត់ត្រូវរត់គេចពីបងប្រុសគាត់ ដែលខឹងសម្បានឹងគាត់(ខ.៤១-៤៣)។ នៅពេលយប់មកដល់(២៨:១១) លោកយ៉ាកុបប្រាកដជាមានអារម្មណ៍ថា ជីវិតគាត់ពិបាក គឺខុសឆ្ងាយពីជីវិតដែលមានព្រះពរ។
ប៉ុន្តែ នៅយប់នោះគាត់ក៏បានជួបព្រះជាម្ចាស់ ដែលនោះជាព្រះពរដ៏ពិត ទោះពីមុនគាត់ធ្លាប់បោកបញ្ឆោតគេក៏ដោយ។ ព្រះទ្រង់ក៏បានបង្ហាញគាត់ថា គាត់មិនចាំបាច់ត្រូវប្រើផែនការអាក្រក់ ដើម្បីទទួលព្រះពរឡើយ ដ្បិតគាត់ជាមនុស្សមានពរស្រាប់ហើយ។ ជោគវាសនារបស់គាត់ គឺលើសពីការមានភាពសម្បូរសប្បាយផ្នែកសម្ភារៈ(ខ.១៤) គឺជោគវាសនាដែលបានជាប់នៅក្នុងព្រះ ដែលទ្រង់នឹងមិនដែលយាងចោលគាត់ឡើយ(ខ.១៥)។
នេះជាមេរៀនដែលលោកយ៉ាកុប ត្រូវចំណាយពេលរៀនសូត្រពេញមួយជីវិត។
ហើយយើងក៏ដូច្នោះដែរ។ ទោះយើងមានវិបដិសារីច្រើន ឬមានអារម្មណ៍ថា ព្រះគង់នៅឆ្ងាយពីយើងយ៉ាងណាក៏ដោយ ក៏ទ្រង់នៅតែគង់នៅជាមួយយើងជានិច្ច ដោយការដឹកនាំយើង ដោយសុភាព ចេញពីភាពរញេរញ៉ៃរបស់យើង ចូលទៅក្នុងព្រះពរទ្រង់។ —MONICA BRANDS