ខ្ញុំ​មាន​ការងារ​ដំបូង​បំផុត នៅ​ភោជនីយ​ដ្ឋាន​អាហារ​រហ័ស។ នៅ​ពេល​ល្ងាច​ថ្ងៃ​សៅរ៍ មាន​បុរស​ម្នាក់​បាន​នៅ​ក្នុង​ភោជនីដ្ឋាន​នោះ​មិន​ឃើញ​ទៅ​ណា ហើយ​ក៏​បាន​សួរ​ខ្ញុំ​ថា ខ្ញុំ​ចេញ​ពី​ធ្វើការ​នៅ​ម៉ោង​ប៉ុន្មាន។ ពេល​នោះ ខ្ញុំ​មាន​អារម្មណ៍​មិន​ស្រួល។ ប៉ុន្មាន​ម៉ោង​ក្រោយ​មក គាត់​ក៏​បាន​ហៅ​ដំឡូង​ចៀន​មួយ​ចាន បន្ទាប់​មក គាត់​ក៏​បាន​ហៅ​ភេស​ជ្ជះ​មួយ​កំប៉ុង ដូច​នេះ អ្នក​គ្រប់​គ្រង​ភោជ្ជនីយ​ដ្ឋាន​ក៏​មិន​បាន​បណ្តេញ​គាត់​ទេ។ ទោះ​បី​ជា​ខ្ញុំ​មិន​រស់​នៅ​ឆ្ងាយ​ពី​ភោជនីដ្ឋាន ក៏​ខ្ញុំ​នៅ​តែ​មិន​ហ៊ាន​ដើរ​ទៅ​ផ្ទះ​តែ​ម្នាក់​ឯង កាត់​តាម​កន្លែង​ចត​រថ​យន្ត ហើយ​កាត់​តាម​វាល​ខ្សាច់។ ទី​បំផុត ដល់​ពេល​ពាក់​កណ្តាល​អាធ្រាត ខ្ញុំ​ក៏​បាន​ចូល​ទៅ​ក្នុង​ការិយ៉ាល័យ ដើម្បី​ទូរ​ស័ព្ទ។

ហើយ​ប៉ា​របស់​ខ្ញុំ​ក៏​បាន​លើក​ទូរស័ព្ទ ហើយ​ក៏​បាន​ងើប​ចេញ​ពី​ដំណេក​ដ៏​កក់​ក្តៅ​របស់​គាត់ ដោយ​គ្មាន​ការ​ស្ទាក់​ស្ទើរ ។​ ៥​នាទី​ក្រោយ​មក គាត់​ក៏​បាន​មក​ដល់ ហើយ​ក៏​បាន​ជូន​ខ្ញុំ​ទៅ​ផ្ទះ។

កាល​នោះ​ខ្ញុំ​ដឹង​ច្បាស់​ថា ប៉ា​ខ្ញុំ​នឹង​មក​ជួយ​ខ្ញុំ នៅ​ពេល​យប់​នោះ ហើយ​ការ​នេះ​ក៏​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​ធានា ​ដែល​មាន​ចែង នៅ​ក្នុង​បទ​គម្ពីរ ទំនុក​ដំកើង ជំពូក​៩១។ ព្រះ​វរបិតា​នៃ​យើង​ដែល​គង់​នៅ​ស្ថាន​សួគ៌ តែង​តែ​គង់​នៅជា​មួយ​យើង​ជា​និច្ច ដោយ​ការពារ និង​ថែរក្សា​យើង ពេល​ដែល​យើង​មាន​ការ​ច្របូក​ច្របល់ ឬ​មាន​ការ​ភ័យ​ខ្លាច ឬ​ក៏​មាន​ការ​ខ្វះ​ខាត។

ទ្រង់​បាន​ប្រកាស​ថា ពេល​ដែល​ពួក​គេ​អំពាវ​រក​ទ្រង់ ទ្រង់​នឹង​ឆ្លើយ​តប(ទំនុកដំកើង ៩១:១៥)។ ទ្រង់​មិន​គ្រាន់​តែ​ជាកន្លែង ដែល​យើង​អាច​រត់​ទៅ​រក ដើម្បី​ទទួល​បាន​នូវ​ភាព​សុខ​សាន្ត​ប៉ុណ្ណោះ​ទេ។ ទ្រង់ ជា ជម្រក​របស់​យើង(ខ.១)។ ទ្រង់​ជា​ថ្មដា​ដែល​យើង​អាច​យក​ជា​ទីពំនាក់​(ខ.២)។

ពេល​ដែល​យើង​មាន​ការ​ភ័យ​ខ្លាច គ្រោះ​ថ្នាក់ ឬ​ភាព​មិន​ច្បាស់​លាស់ យើង​អាច​ទុក​ចិត្ត​លើ​ព្រះ​បន្ទូល​ទ្រង់ ដែល​បាន​សន្យា​ថា ពេល​យើង​ស្រែក​រក​ទ្រង់ ទ្រង់​នឹង​ឮ​យើង ហើយ​នឹង​គង់​នៅ​ជា​មួយ​យើង ពេល​យើង​មាន​បញ្ហា(ខ.១៤-១៥)។ ព្រះ​ទ្រង់​ជា​កន្លែង​ជ្រក​កោន​ដ៏​សុខ​សាន្ត​របស់​យើង។—CINDY HESS KASPER