នៅ​ក្នុង​សៀវ​ភៅ​ដែល​លោក​អូស ហ្គីនណេស(Os Guniness) បាន​និពន្ធ មាន​ចំណង​ជើង​ថា មនុស្ស​ដែល​មិន​អាច​ធ្វើ​បាន គាត់​បាន​ដក​ស្រង់​សុភាសិត​អាហ្រ្វិក ដែល​ចែង​ថា​ “ពួក​បច្ចិម​ប្រទេស​មាន​នាឡិការ។ ជន​ជាតិ​អាហ្វ្រិក​មាន​ពេល​វេលា”។  សុភាសិត​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ពិចារណា អំពី​ពេល​ជា​ច្រើន​ដង ដែល​ខ្ញុំ​បាន​ឆ្លើយ​តប ទៅ​កាន់​ការ​ស្នើរ​សុំ​របស់​អ្នក​ដទៃ ដោយ​ពាក្យ​ថា “ខ្ញុំ​គ្មាន​ពេល​ទេ”។ ខ្ញុំ​ក៏​បាន​គិត​អំពី​ការ​បន្ទាន់​ជា​ច្រើន ដែល​មិន​អាច​ជៀស​រួច និង​អំពី​កាល​វិភាគ និង​ការ​កំណត់​ពេល ដែល​បាន​គ្រប់​គ្រង​ជីវិត​ខ្ញុំ។

យ៉ាង​ណា​មិញ លោក​ម៉ូសេ​បាន​អធិ​ស្ឋាន ក្នុង​បទ​គម្ពីរ ទំនុក​ដំកើង ជំពូក ៩០ ថា “ដូច្នេះ សូម​បង្រៀន​ឲ្យ​យើង​ខ្ញុំ​ចេះ​កំណត់​រាប់​ថ្ងៃ​អាយុ នៃ​យើង​ខ្ញុំ ដើម្បី​ឲ្យ​យើង​ខ្ញុំ​មាន​ចិត្ត​ខ្មីឃ្មាត ឲ្យ​បាន​សតិបញ្ញា”(ខ.១២)។ ហើយសាវ័កប៉ុលក៏បានបង្រៀនផងដែរថា “ត្រូវ​ប្រយ័ត្ន​ដោយ​មធ្យ័ត ដែល​អ្នក​រាល់​គ្នា​ដើរ​យ៉ាង​ណា …ទាំង​លៃ​យក​ឱកាស​ឲ្យ​ទាន់​ពេល​ផង ពី​ព្រោះ​សម័យ​នេះ​អាក្រក់​ណាស់”(អេភេសូរ ៥:១៥-១៦)។

សាវ័ក​ប៉ុល និង​លោក​ម៉ូសេ​ប្រាកដ​ជា​ជឿ​ថា ការ​ប្រើ​ពេល​វេលា​ឲ្យ​បាន​ឆ្លាត​វ័យ គឺ​មិន​អាស្រ័យ​ទៅ​លើ​ការ​មើល​នាឡិការ​តែ​ម្យ៉ាង​នោះ​ឡើយ។  ស្ថាន​ភាព​របស់​យើង ប្រហែល​ជា​តម្រូវ​ឲ្យ​យើង​ធ្វើ​កាល​វិភាគ​ដ៏​មមា​ញឹក ឬ​ជំរុញ​ឲ្យ​យើង​ផ្តល់​ឲ្យ​នូវ​អំណោយ​នៃ​ពេល​វេលា​របស់​យើង​ជា​បន្ថែម ដល់​នរណា​ម្នាក់។

យើង​មាន​ពេល​ខ្លី​ណាស់ ដើម្បី​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ថ្វាយ​ព្រះ​គ្រីស្ទ ក្នុង​ជីវិត​យើង ហើយ​យើង​ចាំ​បាច់​ត្រូវ​ឆក់​ឱកាសឲ្យ​បាន​ជា​អតិ​បរមា។ ការ​នេះ​អាច​មាន​ន័យ​ថា យើង​ចាំ​បាច់​ត្រូវ​ឈប់​ខ្វល់​អំពី នាឡិការ និង​ផែនការ​យើង​មួយ​រយៈសិន ខណៈ​ពេល​ដែល​យើង​ត្រូវ​បង្ហាញ​សេចក្តី​ស្រឡាញ់​ដ៏​អត់​ធ្មត់​របស់​ព្រះ​គ្រីស្ទ ចំពោះ​អ្នក​ដែល​ទ្រង់​បាន​នាំ​ចូល​ក្នុង​ជីវិត​យើង។

ខណៈ​ពេល​ដែល​យើង​រស់​នៅ ក្នុង​កម្លាំង និង​ព្រះគុណ នៃ​ព្រះ​គ្រីស្ទ ដែល​គង់​នៅ​គ្រប់​ពេល​វេលា យើង​កំពុង​តែ​ធ្វើ​ឲ្យ​ពេល​វេលា​យើង​មាន​តម្លៃ​អស់​កល្ប​ជា​និច្ច។—BILL CROWDER