ខ្ញុំ​ចូល​ចិត្ត​ការ​តែង​និពន្ធ​របស់​លោក​ជី ឃេ ឆេសធ័រធិន(G. K. Chesterton) ដែល​ជា​អ្នក​និពន្ធ​ជន​ជាតិ​អង់​គ្លេស អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ការ​សរសេរ​បែប​កំប្លែង និង​ទស្សនៈ​របស់​គាត់ ច្រើន​តែ​ធ្វើ​ឲ្យ​ខ្ញុំ​សើច ហើយ​បន្ទាប់​មក ខ្ញុំ​ក៏​បាន​ឈប់​បង្អង់​សិន ដើម្បី​ធ្វើ​ការ​ពិចារ​ណា ឲ្យ​បាន​ដឹត​ដល់ ចំពោះ​អ្វី​ដែល​គាត់​បាន​សរសេរ។ ឧទាហរណ៍ គាត់​សរសេរ​ថា “អ្នក​អធិ​ស្ឋាន​អរ​ព្រះ​គុណ​ព្រះ មុន​ពេល​ញាំ​អាហារ។ ជា​ការ​ល្អ​ណាស់។ ប៉ុន្តែ ខ្ញុំ​អរ​ព្រះគុណ​ព្រះ​អង្គ មុន​ពេល​ការ​សម្តែង​ល្ខោន និង​ចម្រៀង ខ្ញុំ​អរ​ព្រះ​គុណ​ព្រះ​អង្គ​មុន​ពេល​ការ​ប្រគុំ​តន្រ្តី និង​ការ​សម្តែង​ល្ខោន​សម្រាប់​កុមារ ហើយ​ខ្ញុំ​អរ​ព្រះ​គុណ​ព្រះ​អង្គ មុន​ពេល​ខ្ញុំ​បើក​សៀវ​ភៅ ហើយ​ខ្ញុំ​អរ​ព្រះ​គុណ​ព្រះ​អង្គ មុន​ពេល​គូររូប ផាត់​ពណ៌​ពី​លើ​រូប ហែល​ទឹក ការ​ប្រកួត​គុណ​ដាវ ការ​ប្រកួត​ប្រដាល់ ការ​ដើរ ការ​លេង ការ​រាំ ហើយ​ខ្ញុំ​អរ​ព្រះ​គុណ​ព្រះ​អង្គ មុន​ពេល​ខ្ញុំ​ជ្រលក់​ស្លាប​ប៉ាកា ចូល​ទៅ​ក្នុង​ទឹក​ខ្មៅ”។

វា​ជា​ការ​ល្អ ដែល​យើង​អរ​ព្រះ​គុណ​ព្រះ​អម្ចាស់ មុន​ពេល​ញាំ​អាហារ ប៉ុន្តែ យើង​មិន​គួរ​មាន​ការ​អរ​ព្រះ​គុណ តែ​ប៉ុណ្ណេះ​ឡើយ។ សាវ័កប៉ុល​បាន​មើល​ឃើញ​សកម្ម​ភាព និង​ការ​ប្រឹង​ប្រែង​នីមួយ​ៗ​ ជា​អ្វី​ដែល​យើង​គួរ​តែ​អរ​ព្រះគុណ​ព្រះ​អង្គ ហើយ​ត្រូ​វធ្វើ ដើម្បី​ថ្វាយ​សិរីល្អ​ដល់​ទ្រង់។ គឺ​ដូច​ដែល​គាត់​បាន​បង្រៀន​យើង​ថា “​ក្នុង​គ្រប់​ទាំង​អស់ ទោះ​បើ​ការ​អ្វី​ដែល​អ្នក​រាល់​គ្នា​នឹង​ធ្វើ ដោយ​ពាក្យ​សំដី ឬ​កិរិយា​ក៏​ដោយ ចូរ​ធ្វើ​ទាំង​អស់ ដោយ​ព្រះនាម​នៃ​ព្រះអម្ចាស់យេស៊ូវ ទាំង​អរ​ព្រះគុណ​ដល់​ព្រះ​ដ៏​ជា​ព្រះវរបិតា ដោយសារ​ទ្រង់​ផង”(កូល៉ុស ៣:១៧)។ ការ​កម្សាន្ត ការ​ងារ និង​ការ​អប់​រំ គឺ​សុទ្ធ​តែ​ជា​សកម្ម​ភាព ដែល​យើង​អាច​ថ្វាយ​ការ​គោរព​ដល់​ព្រះ​អម្ចាស់ ហើយ​បង្ហាញ​ចេញ​នូវ​ការ​អរ​ព្រះ​គុណ​ដល់​ទ្រង់។

សាវ័ក​ប៉ុល​ក៏​បាន​លើក​ទឹក​ចិត្ត​ពួក​ជំនុំ​នៅ​ក្រុង​កូល៉ុស​ផង​ដែរ​ថា “ចូរ​ឲ្យ​សេចក្តី​មេត្រី​របស់​ព្រះគ្រីស្ទ​ត្រួត​ត្រា​នៅ​ក្នុង​ចិត្ត ដែល​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​មក​ក្នុង​សេចក្តី​នោះ​ឯង ឲ្យ​មាន​រូបកាយ​តែ​១ ហើយ​ត្រូវ​ដឹង​គុណ​ផង”(ខ.១៥)។

កន្លែង​ណាក៏​ជា​កន្លែង​ដ៏​ល្អ​បំផុត ហើយ​ពេល​ណា​ក៏​ជា​ពេល​ល្អ​បំផុត សម្រាប់ “ពោល​ពាក្យ​អរ​ព្រះ​គុណ​ព្រះ” ហើយ​ដែល​សំខាន់​គឺ​យើង​ត្រូវ​មាន​ចិត្ត​ចង់​ថ្វាយ​ការ​អរ​ព្រះ​គុណ​ដល់​ព្រះ​អម្ចាស់​ ហើយ​ថ្វាយ​ការ​គោរព​ដល់​ទ្រង់។—DAVID C. MCCASLAND