ផ្ទាំង​គំនូរ ដែល​មាន​ចំណង​ជើង​ថា ពន្លឺ​របស់​លោកិយ  ជា​ស្នា​ដៃ​សីល្បៈ​របស់​វិចិត្រ​ករ​អង់​គ្លេស ឈ្មោះ វីលៀម ហូលមែន ហាន់(William Holman Hunt) ដែល​ក្នុង​ផ្ទាំង​គំនូរ​នោះ គាត់​បាន​គូរ​រូប​ព្រះ​យេស៊ូវ កំពុង​ឈរ​កាន់​ចង្កៀង ហើយ​គោះ​ទ្វារ​ផ្ទះ​មួយ​ខ្នង។ ផ្ទាំង​គំនូរ​នេះ​ស្ថិត​ក្នុង​ចំណោម​ស្នាដៃ​សីល្បៈ​ដែល​ខ្ញុំ​ចូល​ចិត្ត​ជាង​គេ ដែលគេ​ដាក់​តាំង នៅ​ក្នុងព្រះវិហារ​​តូច នៃ​មហា​វិទ្យាល័យ ខេប៊ល នៅ​ទីក្រុង​អុកស្វឺត ប្រទេស​អង់​គ្លេស។

ក្នុង​ផ្ទាំង​គំនូរ​នោះ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ គឺ​ទ្វារ​មិន​មាន​ដៃ​សម្រាប់​កាន់។ ពេល​ដែល​គេ​សួរ​គាត់​ថា ហេតុ​អ្វីបាន​ជា​ទ្វារ​នោះ​គ្មាន​ដៃ​សម្រាប់​កាន់​បើក គាត់​ក៏​បាន​ពន្យល់​ថា គាត់​ចង់​គូរ​រូប​នេះ តាម​បទ​គម្ពីរ​វិវរណៈ ៣:២០ ដែលបានចែង​ថា “មើល អញ​ឈរ​នៅ​មាត់​ទ្វារ​ទាំង​គោះ បើ​អ្នក​ណា​ឮ​សំឡេង​អញ ហើយ​បើក​ទ្វារ​ឲ្យ នោះ​អញ​នឹង​ចូល​ទៅ​ឯ​អ្នក​នោ…”។

យ៉ាង​ណា​មិញ ផ្ទាំង​គំនូរ​នោះ​បាន​ពិពណ៌​នា អំពី​ព្រះ​ទ័យ​សប្បុរ​របស់​ព្រះ​យេស៊ូវ គឺស្រប​តាម​ការ​ពិពណ៌​នារបស់​លោក​យ៉ូហាន ក្នុង​កណ្ឌ​វិវរណៈ។ ទ្រង់​បាន​គោះ​ទ្វារ​នៃ​វិញ្ញាណ​យើង ដោយ​សុភាព ដើម្បី​ប្រទាន​សន្តិភាព​ដល់​យើង។  ព្រះយេស៊ូវ​ទ្រង់​ក៏​បាន​ឈរ ដោយ​អត់​ធ្មត់ នៅ​រង់​ចាំ​យើង​បើក​ទ្វារ​ថ្វាយ​ទ្រង់។ ទ្រង់​មិន​បើក​ទ្វារ​ដោយ​ខ្លួន​ឯង ហើយយាង​ចូល​ក្នុង​ជីវិត​យើង ទាំង​បង្ខំ​នោះ​ឡើយ។ ទ្រង់​មិន​បង្ខំ​ឲ្យ​យើង​ធ្វើ​តាម​ព្រះ​ទ័យ​ទ្រង់​។ ផ្ទុយ​ទៅ​វិញ ទ្រង់​ប្រទាន​អំណោយ​នៃ​សេចក្តី​សង្រ្គោះ​ដល់​មនុស្ស​ទាំង​អស់ ហើយ​ប្រទាន​ពន្លឺ ដើម្បី​ដឹក​នាំ​យើង។

ទ្រង់​បាន​សន្យា​ថា នឹង​យាង​ចូល​ក្នុង ទៅ​រក​អ្នក​ណា ដែល​បើក​ទ្វារ​ថ្វាយ​ទ្រង់។ គឺ​គ្មាន​ការ​តម្រូវ ឬ​ការ​ទាម​ទា​ផ្សេងទៀត​ឡើយ។

បើ​អ្នក​បាន​ឮ​សម្លេង​ព្រះ​យេស៊ូវ ហើយ​ឮ​ទ្រង់​គោះ​ទ្វារ​ចិត្ត​អ្នក​ នោះ​ចូរ​មាន​សង្ឃឹម​ឡើង ដ្បិត​ទ្រង់​កំពុង​តែ​រង់​ចាំ​អ្នក ដោយ​ព្រះ​ទ័យ​អត់​ធ្មត់ ហើយ​នឹង​យាង​ចូល​គង់​ខាង​ក្នុង បើ​សិន​ជា​អ្នក​ស្វាគមន៍​ទ្រង់។—LISA SAMRA