ផ្ទាំងគំនូរ ដែលមានចំណងជើងថា ពន្លឺរបស់លោកិយ ជាស្នាដៃសីល្បៈរបស់វិចិត្រករអង់គ្លេស ឈ្មោះ វីលៀម ហូលមែន ហាន់(William Holman Hunt) ដែលក្នុងផ្ទាំងគំនូរនោះ គាត់បានគូររូបព្រះយេស៊ូវ កំពុងឈរកាន់ចង្កៀង ហើយគោះទ្វារផ្ទះមួយខ្នង។ ផ្ទាំងគំនូរនេះស្ថិតក្នុងចំណោមស្នាដៃសីល្បៈដែលខ្ញុំចូលចិត្តជាងគេ ដែលគេដាក់តាំង នៅក្នុងព្រះវិហារតូច នៃមហាវិទ្យាល័យ ខេប៊ល នៅទីក្រុងអុកស្វឺត ប្រទេសអង់គ្លេស។
ក្នុងផ្ទាំងគំនូរនោះ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺទ្វារមិនមានដៃសម្រាប់កាន់។ ពេលដែលគេសួរគាត់ថា ហេតុអ្វីបានជាទ្វារនោះគ្មានដៃសម្រាប់កាន់បើក គាត់ក៏បានពន្យល់ថា គាត់ចង់គូររូបនេះ តាមបទគម្ពីរវិវរណៈ ៣:២០ ដែលបានចែងថា “មើល អញឈរនៅមាត់ទ្វារទាំងគោះ បើអ្នកណាឮសំឡេងអញ ហើយបើកទ្វារឲ្យ នោះអញនឹងចូលទៅឯអ្នកនោ…”។
យ៉ាងណាមិញ ផ្ទាំងគំនូរនោះបានពិពណ៌នា អំពីព្រះទ័យសប្បុររបស់ព្រះយេស៊ូវ គឺស្របតាមការពិពណ៌នារបស់លោកយ៉ូហាន ក្នុងកណ្ឌវិវរណៈ។ ទ្រង់បានគោះទ្វារនៃវិញ្ញាណយើង ដោយសុភាព ដើម្បីប្រទានសន្តិភាពដល់យើង។ ព្រះយេស៊ូវទ្រង់ក៏បានឈរ ដោយអត់ធ្មត់ នៅរង់ចាំយើងបើកទ្វារថ្វាយទ្រង់។ ទ្រង់មិនបើកទ្វារដោយខ្លួនឯង ហើយយាងចូលក្នុងជីវិតយើង ទាំងបង្ខំនោះឡើយ។ ទ្រង់មិនបង្ខំឲ្យយើងធ្វើតាមព្រះទ័យទ្រង់។ ផ្ទុយទៅវិញ ទ្រង់ប្រទានអំណោយនៃសេចក្តីសង្រ្គោះដល់មនុស្សទាំងអស់ ហើយប្រទានពន្លឺ ដើម្បីដឹកនាំយើង។
ទ្រង់បានសន្យាថា នឹងយាងចូលក្នុង ទៅរកអ្នកណា ដែលបើកទ្វារថ្វាយទ្រង់។ គឺគ្មានការតម្រូវ ឬការទាមទាផ្សេងទៀតឡើយ។
បើអ្នកបានឮសម្លេងព្រះយេស៊ូវ ហើយឮទ្រង់គោះទ្វារចិត្តអ្នក នោះចូរមានសង្ឃឹមឡើង ដ្បិតទ្រង់កំពុងតែរង់ចាំអ្នក ដោយព្រះទ័យអត់ធ្មត់ ហើយនឹងយាងចូលគង់ខាងក្នុង បើសិនជាអ្នកស្វាគមន៍ទ្រង់។—LISA SAMRA