ដើម្បីអបអរឱកាសដ៏ពិសេសមួយ ស្វាមីខ្ញុំបាននាំខ្ញុំ ទៅកន្លែងដាក់តាំងស្នាដៃសិល្បៈ ហើយក៏បានប្រាប់ខ្ញុំថា ខ្ញុំអាចជ្រើសរើសយកផ្ទាំងគំនូរមួយផ្ទាំង ធ្វើជាអំណោយ។ ខ្ញុំក៏បានរើសយកផ្ទាំងគំនូរដ៏តូចមួយ ដែលមានរូបទឹកអូរហូរកាត់ព្រៃ។ ភាគច្រើននៃផ្ទៃរូបរបស់ផ្ទាំងគំនូរនោះ ត្រូវបានគ្របដណ្តប់ដោយរូបទឹកអូរនោះ ធ្វើឲ្យរូបផ្ទៃមេឃមួយផ្នែកធំ មិនបានរាប់បញ្ចូលនៅក្នុងរូបគំនូរនេះទេ។ ទោះជាយ៉ាងណាក៏ដោយ រូបដែលបានចាំងឆ្លុះនៅលើផ្ទៃទឹក បានបង្ហាញឲ្យយើងដឹង អំពីទីតាំងរបស់ព្រះអាទិត្យ ចុងឈើ និងបរិយ៉ាកាសដែលព្រាលៗ។ វិធីតែមួយ ដើម្បីឲ្យយើងអាច “មើលឃើញ” ផ្ទៃមេឃ នៅក្នុងផ្ទាំងគំនូរនោះ គឺត្រូវមើលទៅផ្ទៃទឹក។
ក្នុងន័យប្រៀបធៀបខាងវិញ្ញាណ ព្រះយេស៊ូវប្រៀបបានទៅនឹងទឹកអូរ ក្នុងផ្ទំាងគំនូរនោះ។ ពេលដែលយើងចង់ដឹងថា ព្រះទ្រង់មានលក្ខណៈយ៉ាងដូចម្តេច យើងត្រូវមើលទៅព្រះយេស៊ូវ។ អ្នកនិពន្ធព្រះគម្ពីរហេព្រើរ បានមានប្រសាសន៍ថា ព្រះយេស៊ូវ “ជារូបភាពនៃអង្គព្រះ”(១:៣)។ យើងអាចរៀនសូត្រអំពីភាពពិតរបស់ព្រះជាម្ចាស់ តាមរយៈសេចក្តីដែលបានចែងដោយផ្ទាល់ នៅក្នុងព្រះគម្ពីរ ដែលមានដូចជាបទគម្ពីរ ដែលចែងថា “ព្រះទ្រង់ជាសេចក្តីស្រឡាញ់” ជាដើម។ ទោះជាយ៉ាងណាក៏ដោយ យើងនៅតែអាចមានការយល់ដឹងកាន់តែស៊ីជម្រៅ ដោយស្វែងយល់អំពីរបៀបដែលទ្រង់ធ្វើការ ពេលដែលទ្រង់បានជួបបញ្ហា ដូចយើងដែលជាមនុស្ស កាលទ្រង់គង់នៅផែនដី ក្នុងសាច់ឈាមជាមនុស្ស។
ព្រះយេស៊ូវបានបង្ហាញសេចក្តីបរិសុទ្ធរបស់ព្រះ កាលទ្រង់ជួបការល្បួង។ ទ្រង់ក៏បានបង្ហាញអំណាចគ្រប់គ្រងរបស់ព្រះ ដោយប្រឈមមុខដាក់ភាពងងឹត ខាងវិញ្ញាណ។ ទ្រង់ក៏បានបង្ហាញប្រាជ្ញារបស់ព្រះ ដោយដោះស្រាយបញ្ហា ឲ្យមនុស្សជាច្រើន។ ហើយទ្រង់ក៏បានបង្ហាញសេចក្តីស្រឡាញ់របស់ព្រះ តាមរយៈការសុគតរបស់ទ្រង់។
យើងមិនអាចយល់អំពីព្រះជាម្ចាស់ ឲ្យបានមួយរយភាគរយឡើយ ដ្បិតទ្រង់គ្មានដែនកំណត់ តែយើងមានដែនកំណត់នៅក្នុងការយល់ដឹង។ ទោះជាយ៉ាងណាក៏ដោយ យើងអាចស្គាល់ចរិយាសម្បត្តិរបស់ព្រះជាម្ចាស់យ៉ាងច្បាស់ ពេលដែលយើងមើលទៅព្រះគ្រីស្ទ។—JENNIFER BENSON SCHULDT