មានពេលមួយ ខ្ញុំបានទៅអធិប្បាយព្រះបន្ទូលព្រះ នៅព្រះវិហារប្រចាំតំបន់មួយកន្លែង ហើយប្រធានបទរបស់ខ្ញុំ និយាយអំពីរឿងដ៏ស្មោះត្រង់មួយ ដែលបង្រៀនឲ្យយើងបើកបង្ហាញភាពប្រេះបែករបស់យើង នៅចំពោះព្រះជាម្ចាស់ ហើយទទួលការប្រោសឲ្យជា ដែលទ្រង់សព្វព្រះទ័យនឹងប្រទាន។ មុនពេលបិទភ្នែក អធិស្ឋាន លោកគ្រូគង្វាលក៏បានឈរនៅលើផ្លូវដើរនៅចន្លោះជួរកៅអី ក្នុងព្រះវិហារ ហើយក៏បានមើលមុខពួកជំនុំរបស់គាត់ ដែលកំពុងជួបជុំគ្នា នៅថ្ងៃនោះ ហើយក៏បានមានប្រសាសន៍ថា “ក្នុងនាមជាគ្រូគង្វាលរបស់អ្នកទាំងអស់គ្នា ខ្ញុំមានឯកសិទ្ធិ ដែលបានឃើញអ្នកទំាងអស់គ្នា មានវត្តមាននៅព្រះវិហារ នៅពេលពាក់កណ្តាលនៃសប្តាហ៍ ហើយបានស្តាប់ទីបន្ទាល់នៃភាពប្រេះបែករបស់អ្នកទាំងអស់គ្នា ដែលធ្វើឲ្យមានការប៉ះពាល់ចិត្តយ៉ាងខ្លាំង។ បន្ទាប់មក នៅក្នុងកម្មវិធីថ្វាយបង្គំ នៅចុងសប្តាហ៍ ខ្ញុំមានចិត្តឈឺចាប់ ដែលបានឃើញអ្នករាល់គ្នាលាក់បាំងការឈឺចាប់របស់ខ្លួនឯង”។
ខ្ញុំឈឺចិត្ត ចំពោះការឈឺចាប់ដែលគេបានលាក់ទុក ខណៈពេលដែលព្រះទ្រង់សព្វព្រះទ័យនឹងយាងមកប្រោសឲ្យជា។ អ្នកនិពន្ធកណ្ឌគម្ពីរហេព្រើរ បានពិពណ៌នាថា ព្រះបន្ទូលព្រះ ជាព្រះបន្ទូលដ៏រស់ និងសកម្ម។ មនុស្សជាច្រើនយល់ថា ព្រះបន្ទូលព្រះ គឺជាព្រះគម្ពីរប៊ីប ប៉ុន្តែ ព្រះបន្ទូលព្រះ គឺមិនគ្រាន់តែជាពាក្យដែលមានចែងក្នុងព្រះគម្ពីរទៀត។ ព្រះយេស៊ូវជាព្រះបន្ទូលដ៏រស់ របស់ព្រះ។ ទ្រង់ពិនិត្យមើលចិត្តគំនិត និងអាកប្បករិយ៉ារបស់យើង ហើយក៏ស្រឡាញ់យើងជានិច្ច។
ព្រះយេស៊ូវបានសុគត ដើម្បីបើកផ្លូវឲ្យយើងចូលទៅរកព្រះវត្តមានរបស់ព្រះជាម្ចាស់ បានគ្រប់ពេល។ យើងរាល់គ្នាសុទ្ធតែដឹងថា យើងមិនអាចប្រាប់អ្វីៗទាំងអស់ ដល់មនុស្សរាល់គ្នាបានទេ ប៉ុន្តែ យើងក៏ដឹងផងដែរថា ព្រះទ្រង់សព្វព្រះទ័យនឹងឲ្យពួកជំនុំទ្រង់ ធ្វើជាកន្លែង ដែលយើងអាចរស់នៅ ដោយជីវិតស្អាតបរិសុទ្ធ ក្នុងនាមជាអ្នកដើរតាមព្រះគ្រីស្ទ ដែលមានជីវិតប្រេះបែក តែបានទទួលការអត់ទោសពីទ្រង់។ ពួកជំនុំរបស់ទ្រង់ ត្រូវធ្វើជាកន្លែង ដែលយើង “ជួយចែករំលែកបន្ទុកគ្នា”(កាឡាទី ៦:២)។
តើមានការអ្វីខ្លះ ដែលអ្នកកំពុងតែលាក់បាំងពីអ្នកដទៃ? ហើយតើអ្នកកំពុងតែព្យាយាមលាក់បាំងអ្វីមួយ ពីព្រះជាម្ចាស់ឬទេ? ព្រះទ្រង់ជ្រាបច្បាស់ និងយកព្រះទ័យទុកដាក់ចំពោះអ្នក តាមរយៈព្រះយេស៊ូវ។ ហើយទ្រង់នៅតែស្រឡាញ់យើង។ យើងនឹងអនុញ្ញាតឲ្យទ្រង់ជួយយើងឬទេ? —ELISA MORGAN