មាន​ពេល​មួយ ខ្ញុំ​បាន​ទៅ​អធិប្បាយ​ព្រះ​បន្ទូល​ព្រះ នៅ​ព្រះ​វិហារ​ប្រចាំ​តំបន់​មួយ​កន្លែង ហើយ​ប្រធាន​បទ​របស់​ខ្ញុំ និយាយ​អំពី​រឿង​ដ៏​ស្មោះ​ត្រង់​មួយ ដែល​បង្រៀន​ឲ្យ​យើង​បើក​បង្ហាញ​ភាព​ប្រេះ​បែក​របស់​យើង នៅ​ចំពោះ​ព្រះ​ជា​ម្ចាស់ ហើយ​ទទួល​ការ​ប្រោស​ឲ្យ​ជា ដែល​ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​ប្រទាន។ មុន​ពេល​បិទ​ភ្នែក អធិស្ឋាន លោក​គ្រូ​គង្វាល​ក៏​បានឈរ​នៅ​លើ​ផ្លូវ​ដើរ​នៅ​ចន្លោះ​ជួរ​កៅអី ក្នុង​ព្រះ​វិហារ ហើយ​ក៏​បាន​មើល​មុខ​ពួក​ជំនុំ​របស់​គាត់ ដែល​កំពុង​ជួប​ជុំ​គ្នា នៅ​ថ្ងៃនោះ ហើយ​ក៏​បាន​មាន​ប្រសាសន៍​ថា “ក្នុង​នាម​ជា​គ្រូ​គង្វាល​របស់​អ្នក​ទាំង​អស់​គ្នា ខ្ញុំ​មាន​ឯក​សិទ្ធិ ដែល​បាន​ឃើញ​អ្នកទំាង​អស់​គ្នា មាន​វត្ត​មាន​នៅ​ព្រះ​វិហារ នៅ​ពេល​ពាក់​កណ្តាល​នៃ​សប្តាហ៍ ហើយ​បាន​ស្តាប់​ទី​បន្ទាល់​នៃ​ភាព​ប្រេះ​បែក​របស់​អ្នក​ទាំង​អស់​គ្នា ដែល​ធ្វើ​ឲ្យ​មាន​ការ​ប៉ះ​ពាល់​ចិត្ត​យ៉ាង​ខ្លាំង។ បន្ទាប់​មក នៅ​ក្នុង​កម្ម​វិធី​ថ្វាយ​បង្គំ នៅ​ចុង​សប្តាហ៍ ខ្ញុំ​មាន​ចិត្ត​ឈឺ​ចាប់ ដែល​បាន​ឃើញ​អ្នក​រាល់​គ្នា​លាក់​បាំង​ការ​ឈឺ​ចាប់​របស់​ខ្លួន​ឯង”។

ខ្ញុំ​ឈឺ​ចិត្ត​ ចំពោះ​ការ​ឈឺ​ចាប់​ដែល​គេ​បាន​លាក់​ទុក ខណៈ​ពេល​ដែល​ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​យាង​មក​ប្រោស​ឲ្យ​ជា។ អ្នក​និពន្ធ​កណ្ឌ​គម្ពីរ​ហេព្រើរ បាន​ពិពណ៌នា​ថា ព្រះ​បន្ទូល​ព្រះ ជា​ព្រះ​បន្ទូល​ដ៏​រស់ និង​សកម្ម។ មនុស្ស​ជា​ច្រើន​យល់​ថា ព្រះ​បន្ទូល​ព្រះ គឺ​ជា​ព្រះ​គម្ពីរ​ប៊ីប ប៉ុន្តែ ព្រះ​បន្ទូល​ព្រះ គឺ​មិន​គ្រាន់​តែ​ជា​ពាក្យ​ដែល​មាន​ចែង​ក្នុង​ព្រះ​គម្ពីរ​ទៀត។ ព្រះ​យេស៊ូវ​ជា​ព្រះ​បន្ទូល​ដ៏​រស់ របស់​ព្រះ។ ទ្រង់​ពិនិត្យ​មើល​ចិត្ត​គំនិត និង​អាកប្ប​ករិយ៉ា​របស់​យើង ហើយ​ក៏​ស្រឡាញ់​យើង​ជា​និច្ច។

ព្រះ​យេស៊ូវ​បាន​សុគត ដើម្បី​បើក​ផ្លូវ​ឲ្យ​យើង​ចូល​ទៅ​រក​ព្រះ​វត្ត​មាន​របស់​ព្រះ​ជា​ម្ចាស់ បាន​គ្រប់​ពេល។ យើង​រាល់​គ្នាសុទ្ធ​តែ​ដឹង​ថា យើង​មិន​អាច​ប្រាប់​អ្វី​ៗ​ទាំង​អស់ ដល់​មនុស្ស​រាល់​គ្នា​បាន​ទេ ប៉ុន្តែ យើង​ក៏​ដឹង​ផង​ដែរ​ថា ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​ឲ្យ​ពួក​ជំនុំ​ទ្រង់ ធ្វើ​ជា​កន្លែង ដែល​យើង​អាច​រស់​នៅ ដោយ​ជីវិត​ស្អាត​បរិសុទ្ធ ក្នុង​នាម​ជា​អ្នក​ដើរ​តាម​ព្រះ​គ្រីស្ទ ដែល​មាន​ជីវិត​ប្រេះ​បែក តែ​បាន​ទទួល​ការ​អត់​ទោស​ពី​ទ្រង់។ ពួក​ជំនុំ​របស់​ទ្រង់ ត្រូវ​ធ្វើ​ជា​កន្លែង ដែល​យើង​ “ជួយ​ចែក​រំលែក​បន្ទុក​គ្នា”(កាឡាទី ៦:២)។

តើ​មាន​ការ​អ្វី​ខ្លះ ដែល​អ្នក​កំពុង​តែ​លាក់​បាំង​ពី​អ្នក​ដទៃ? ហើយ​តើ​អ្នក​កំពុង​តែ​ព្យាយាម​លាក់​បាំង​អ្វី​មួយ ពី​ព្រះ​ជាម្ចាស់​ឬ​ទេ? ព្រះ​ទ្រង់​ជ្រាប​ច្បាស់ និង​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​អ្នក តាម​រយៈ​ព្រះ​យេស៊ូវ។ ហើយ​ទ្រង់​នៅ​តែស្រឡាញ់​យើង។ យើង​នឹង​អនុញ្ញាត​ឲ្យ​ទ្រង់​ជួយ​យើង​ឬ​ទេ? —ELISA MORGAN