ពេល​ដែល​ខ្ញុំ​កំពុង​រៀប​ចំ​ឥវ៉ាន់ ដើម្បី​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ នៅ​ទីក្រុង​ឡុង ម្តាយ​របស់​ខ្ញុំ​ក៏​បាន​ដើរ​មក​រក​ខ្ញុំ ដោយ​នាំ​យក​អំណោយ​មួយ​មក​ជា​មួយ​ផង គឺ​ចិញ្ជៀន​មួយ​វង្ស ក្នុង​ចំណោយ​ចិញ្ជៀន​ទាំង​ប៉ុន្មាន​របស់​គាត់ ដែល​ខ្ញុំបាន​ស្ងើច​សរសើរ​ជា​យូរ​មក​ហើយ។ ពេល​នោះ ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​ណាស់ បាន​ជា​ខ្ញុំ​សួរ​គាត់​ថា “ម៉ាក់​ឲ្យ​កូន​ធ្វើ​អី?” គាត់​ក៏​បាន​ឆ្លើយ​ថា “ម៉ាក់​ចង់​ឲ្យ​កូន​សប្បាយ​ចិត្ត ​នៅ​ពេល​ឥឡូវ​នេះ។ ម៉ាក់​មិន​ចង់​រង់​ចាំ ដល់​ពេល​ម៉ាក់​ស្លាប់​ទេ។ ម្យ៉ាង​ទៀត ចិញ្ជៀន​នេះ​លែង​ល្មម​ម្រាម​ដៃ​ម៉ាក់​ហើយ”។ ខ្ញុំ​ក៏​បាន​ទទួល​អំណោយ​ដែល​មិន​បាន​រំពឹង​ទុក​នោះ ដោយ​ទឹក​មុខ​ញញឹម ជា​កេរ​មរតក ដែល​គាត់​បាន​ប្រគល់​ឲ្យ​មុន​ពេល​កំណត់ ដែល​បាន​នាំ​ឲ្យ​ខ្ញុំ​នូវ​ក្តី​អំណរ។

ម្តាយ​ខ្ញុំ​បាន​ឲ្យ​អំណោយ​ជា​សម្ភារៈ​មក​ខ្ញុំ ប៉ុន្តែ ព្រះ​យេស៊ូវ​បាន​សន្យា​ថា ព្រះ​វរបិតា​ទ្រង់​នឹង​ប្រទាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដល់​អ្នក​ដែល​ទូល​សូម​(លូកា ១១:១៣)។ បើ​សិន​ជា​ឪពុក​ម្តាយ​ដែល​ជាប់​មាន​បាប អាច​ផ្តល់​ឲ្យ​នូវ​របស់​ដែល​ចាំ​បាច់(ដូច​ជា​ត្រី ឬ​បាយ) ដល់​កូន​ខ្លួន​ទៅ​ហើយ នោះ​ចំណង​បើ​ព្រះ​វរបិតា នៃ​យើង​ដែល​គង់​នៅ​ស្ថានសួ​គ៌ ទ្រង់​នឹង​ប្រទាន​របស់​ល្អ​ដល់​កូន​ទ្រង់ ជាង​អម្បាល​ម៉ាន​ទៅ​ទៀត។ តាម​រយៈ​អំណោយ​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​(យ៉ូហាន ១៦១:៣) យើង​អាច​ពិសោធន៍​នឹង​សេចក្តី​សង្ឃឹម សេចក្តី​ស្រឡាញ់ ក្តី​អំណរ និង​សន្តិ​ភាព សូម្បី​តែ​នៅ​ពេល​ដែល​យើង​មាន​ទុក្ខ ហើយ​យើង​អាច​ចែក​រំលែក​អំណោយ​ទាំង​នេះ ជា​មួយ​អ្នក​ដទៃ។

នៅ​ក្នុង​ការ​ចម្រើន​វ័យ​ធំ​ឡើង យើង​ប្រហែល​ជា​មាន​ឪពុក​ម្តាយ ដែល​មិន​អាច​ស្រឡាញ់ និង​ថែរ​ទាំ​យើង​បាន​ល្អ។ ពុំ​នោះ​ទេ យើង​ប្រហែល​ជា​មាន​ឪពុក​ម្តាយ ដែល​បាន​ធ្វើ​ជា​គំរូ​ដ៏​ចែង​ចាំង នៃ​សេចក្តី​ស្រឡាញ់ ។ បើ​មិន​ដូច្នោះ​ទេ យើង ​ស្ថិត​នៅ​ចន្លោះ​បទ​ពិសោធន៍​ទាំង​ពីរ​ប្រភេទ​ខាង​លើ។ ទោះ​ឪពុក​ម្តាយ​នៅ​ផែន​ដី​មាន​លក្ខណៈ​យ៉ាង​ដូច​ម្តេច​ក៏​ដោយ ក៏​យើង​នៅ​តែ​អាច​ប្រកាន់​ខ្ជាប់​តាម​ព្រះ​បន្ទូល ដែល​បាន​សន្យា​ថា​ព្រះ​វរ​បិតា​ដែល​គង់​នៅ​ស្ថាន​សួគ៌ ទ្រង់​ស្រឡាញ់យើង​គ្មាន​ទី​បញ្ចប់។ ទ្រង់​បាន​ប្រទាន​កូន​ៗ​របស់​ទ្រង់ នូវ​អំណោយ​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ។ —AMY BOUCHER PYE