បុគ្គ​លិក​ធនាគារ​ម្នាក់​បាន​បិទ​រូប​ឡានសេលប៊ី ខូប្រា(Shelby Cobra) នៅ​លើ​បង្អួច​បន្ទប់​ធ្វើ​ការ​របស់​គាត់។(ឡានម៉ាកខូប្រា ជា​រថយន្ត​ដែល​បំពេញ​មុខ​ងារ​ខ្ពស់ ដែល​ក្រុមហ៊ុន ហ្វ៊ត ម៉ូតូ បាន​ផលិត)។

ថ្ងៃ​មួយ ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​បំពេញ​មុខ​ជំនួញ នៅ​ធនាគារ​នោះ ខ្ញុំ​ក៏​បាន​សួរ​គាត់​ថា តើ​ឡាន​នៅ​ក្នុង​រូប​ថត​នោះ ជា​ឡាន​របស់​គាត់​ឬ? គាត់​ក៏​បាន​ប្រាប់​ខ្ញុំ​ថា វា​មិន​មែន​ជា​ឡាន​របស់​គាត់​ទេ។ វា​ជា​សេចក្តី​ប្រាថ្នា​របស់​គាត។ វា​ជា​មូល​ហេតុ​ដែល​គាត់​ក្រោក​ពី​គេង ទៅ​ធ្វើ​ការ​ជា​រៀង​រាល់​ពេល​ព្រឹក។ គាត់​នឹង​មាន​លុយ​ទិញ​ឡាន​ខូប្រា​មួយ​គ្រឿង នៅ​ថ្ងៃ​ណា​មួយ។

ខ្ញុំ​យល់​អំពី​សេចក្តី​ប្រាថ្នា​របស់​គាត់។ មិត្ត​ភក្តិ​របស់​ខ្ញុំ​ម្នាក់ មាន​ឡាន​ខូប្រា​មួយ​គ្រឿង ហើយ​ខ្ញុំ​ក៏​ធ្លាប់​បាន​បើក​វា​ម្តង​ដែរ​។ វា​មាន​ម៉ាស៊ីន​ខ្លាំង! ប៉ុន្តែ វា​មិន​សក្តិ​សម​នឹង​ឲ្យ​យើង​រស់​នៅ​ដើម្បី​វា​ឡើយ។ និយាយ​រួម របស់​អ្វី​ផ្សេង​ទៀត ក្នុង​ពិភ​ពលោក​នេះ ក៏​អញ្ចឹង​ដែរ។ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​បាន​មាន​ប្រសាសន៍​ថា “អ្នក​ដែល​ទុក​ចិត្ត​លើ​របស់​អ្វី ក្រៅ​ពីព្រះ​ជា​ម្ចាស់ នឹង​ត្រូវ​ឱន ហើយ​ដួល​ចុះ”(ទំនុកដំកើង ២០:៨)។

ពីព្រោះ​ព្រះ​ទ្រង់​បាន​បង្កើត​យើង​មក សម្រាប់​ព្រះ​អង្គ​ទ្រង់ គឺ​មិន​មែន​សម្រាប់​ការ​អ្វី​ផ្សេង​ទៀត​ឡើយ។ នេះ​ជា​សេចក្តី​ពិត ដែល​យើង​ត្រូវ​ប្រកាន់​ខ្ជាប់ ដើម្បី​ឆែក​ពិនិត្យ​មើល​អ្វី​ដែល​យើង​ធ្វើ​ជា​រៀង​រាល់​ថ្ងៃ។ យើង​ប្រហែល​ជា​ទិញ​របស់​អ្វីមួយ ដោយ​សារ​យើង​គិត​ថា វា​នឹង​ធ្វើ​ឲ្យ​យើង​សប្បាយ​ចិត្ត ប៉ុន្តែ ដូច​ក្មេង​តូច​ម្នាក់ ដែល​បាន​ទទួល​អំណោយ​បុណ្យណូអែល​មួយ​ឡូ យើង​ចាំ​បាច់​ត្រូវ​សួរ​ខ្លួន​ឯង​ថា “តើ​យើង​មាន​ហេតុ​ផល​តែ​ប៉ុណ្ណេះ​ទេ​ឬ?” យើង​បាន​មើល​រំលង​ចំណុច​មួយ​នេះ។

គ្មាន​របស់​អ្វី​មួយ ដែល​លោកិយ​នេះ​អាច​ផ្តល់​ឲ្យ​យើង ដែល​ធ្វើ​ឲ្យ​យើង​ស្កប់​ចិត្ត​បាន​ឡើយ សូម្បី​តែ​របស់​ល្អ​ទាំង​អស់​ក្នុង​លោកិយ​នេះ នៅ​តែ​មិន​អាច​ធ្វើ​ឲ្យ​យើង​ស្កប់​ចិត្ត។ របស់​ទាំង​អស់​នោះ ផ្តល់​ឲ្យ​យើង​នូវ​ភាព​សប្បាយ​រីក​រាយ តែ​មួយ​រយៈ​ពេល​(១យ៉ូហាន ២:១៧)។ លោក​ស៊ី អេស លូអ៊ីស(C. S. Lewis)​បាន​សន្និ​ដ្ឋាន​ថា ជា​ការ​ពិត​ណាស់ “ព្រះ​ទ្រង់​មិន​ប្រទាន​ឲ្យ​យើង នូវ​សុភមង្គល និង​សន្តិ​ភាព ដែល​នៅ​ក្រៅ​ព្រះ​អង្គ​ទ្រង់​ឡើយ”។ និយាយ​រួម សុភ​មង្គល និង​សន្តិ​ភាព​ដ៏​ពិត មិន​មាន​ក្នុង​លោកិយ​នេះទេ​ គឺ​អាច​រក​បាន​តែ​នៅ​ក្នុង​ទ្រង់​ប៉ុណ្ណោះ។—DAVID H. ROPER