ការ​អ្វី​ដែល​សាវ័ក​យ៉ូហាន បាន​ធ្វើ សម្រាប់​សំឡាញ់​របស់​គាត់ គឺ​លោក​កៃយុស នៅ​សតវត្សរ៍​ទី​១​ គឺ​ជា​សិល្បៈ​នៃ​ការ​ទំ​នាក់​ទំនង ដែល​កំពុង​សាប​រលាប នៅ​ក្នុង​សតវត្ស​ទី​២១​នេះ។ កាល​នោះ​លោក​យ៉ូហាន​បាន​ទំនាក់​ទំនង​ដោយ​សរ​សេរ​សំបុត្រ​ ផ្ញើ​ទៅ​លោក​កៃ​យុស។

អ្នកស្រី ខែតធើរីន ហ្វៀល (Catherine Field)​ ដែល​ជា​អ្នក​និពន្ធ នៃ​កាសែត New York Timesបានមានប្រសាសន៍ថា “ការសរសេរសំបុត្រ ស្ថិត​ក្នុង​ចំណោម​សិល្បៈដ៏ចំណាស់ជាងគេ”។​ ឧទាហរណ៍ យើងអាចមើលគំរូសំបុត្រ និងការគិតរបស់សាវ័កប៉ុល​ ដែល​ជា​អ្នក​ស្រុក​តើសុស។​ ហើយយើងក៏អាចរាប់បញ្ចូលសាវ័កយ៉ូហាន​ផង​ដែរ។

នៅ​ក្នុង​សំបុត្រ​ដែល​លោក​យ៉ូហាន​បាន​សរសេរ​ផ្ញើ លោក​កៃយុស គាត់​បាន​ទូល​សូម​ឲ្យ លោក​កៃយ៉ូស​មាន​សុខ​ភាព​ល្អ ខាង​សាច់​ឈាម និង​ខាង​ព្រលឹង​វិញ្ញាណ ព្រម​ទាំង​ប្រើ​ពាក្យ​លើក​ទឹក​ចិត្ត អំពី​ភាព​ស្មោះ​ត្រង់​របស់​លោក​កៃយុស និង​ការ​កត់​សំគាល់ អំពី​សេចក្តី​ស្រឡាញ់​ដែល​គាត់​មាន ចំពោះ​ពួក​ជំនុំ។ លោក​យ៉ូហាន ក៏​បាន​និយាយ អំពី​បញ្ហា​នៅ​ក្នុង​ពួក​ជំនុំ ​ដែល​គាត់​សន្យា​ថា នឹង​លើក​មក​និយាយ ដោយ​ឡែក​ពី​គ្នា នៅ​ពេល​ក្រោយ។ គាត់​ក៏​បាន​សរសេរ អំពី​តម្លៃ​នៃ​ការ​ប្រព្រឹត្ត​ការ​ល្អ ថ្វាយ​សិរីល្អ​ដល់​ព្រះ​ជា​ម្ចាស់។ និយាយ​រួម សំបុត្រ​របស់​លោក​យ៉ូហាន​ គឺ​ជា​ការ​លើក​ទឹក​ចិត្ត​ផង​ និង​ការ​ជំរុញ​ចិត្ត​ដល់​មិត្ត​សំឡាញ់​របស់​គាត់​។

ការ​ទំនាក់​ទំនង​តាម​ប្រព័ន្ធ​ឌីជីធល ក្នុង​សម័យ​បច្ចុប្បន្ន អាច​មាន​ន័យ​ថា ការ​ទំនាក់​ទំនង​ដោយ​សរសេរ​សំបុត្រ កំពុង​តែ​សាប​រលាស​។ ប៉ុន្តែ ការ​នេះ​មិន​បាន​ធ្វើ​ឲ្យ​យើង​ឈប់​លើក​ទឹក​ចិត្ត​អ្នក​ដទៃ​ឡើយ។ កាល​​ពី​មុន សាវ័ក​ប៉ុល​បាន​សរសេរ​សំបុត្រ​លើក​ទឹក​ចិត្ត ដោយ​ប្រើ​ផ្ទាំង​ស្បែក​សត្វ ជា​ក្រដាស់​សម្រាប់​សរសេរ ក៏​ប៉ុន្តែ​ នៅ​សម័យ​នេះ យើង​មាន​របៀប​ជា​ច្រើន​ទៀត នៅ​ក្នុង​ការ​លើក​ទឹក​ចិត្ត​អ្នក​ដទៃ។ យើង​អាច​លើក​ទឹក​ចិត្ត​គ្នា ដោយរបៀបណា ក៏​បាន។ ប៉ុន្តែ មធ្យោ​បាយ​ទំនាក់​ទំនង ដែល​យើង​ប្រើ​ក្នុង​ការ​លើក​ទឹក​ចិត្ត​គេ គឺ​មិន​មែន​ជា​កត្តា​សំខាន់​បំផុត​ឡើយ។ អ្វី​ដែល​សំខាន់​បំផុត​នោះ គឺ​យើង​ចំណាយ​ពេល បង្ហាញ​ឲ្យ​អ្នក​ដទៃ​ដឹង​ថា យើង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពួក​គេ ដោយ​នូវ​ព្រះ​នាម​ព្រះ​យេស៊ូវ!

ចូរ​គិត​​ស្រមៃ ថា​តើ​លោក​កៃ​យុស ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ច្រើន​ប៉ុណ្ណា នៅ​ពេល​ដែល​គាត់​បាន​បើក​មើល​សំ​បុត្រ​របស់​លោក​យ៉ូហាន។ តើ​យើង​អាច​ផ្ញើ​សារ ឬ​ទូរស័ព្ទ​ទៅ​កាន់​មិត្ត​ភក្តិ​របស់​យើង ដើម្បី​បញ្ចេញ​នូវ​ពន្លឺ​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​ជា​ម្ចាស់ ទៅ​កាន់​ពួក​គេ តាម​គំរូ​របស់​សាវ័ក​យ៉ូហាន​ដែរ​ឬ​ទេ​? —Dave Branon