មាន​ពេល​មួយ ខ្ញុំ​ជួប​រឿង​ក្រៀម​ក្រំ ពេញ​មួយ​សប្ដាហ៍។ ខ្ញុំ​មាន​អារម្មណ៍​ល្វើយ មិន​ចង់​ធ្វើ​ការ​ងារ​អ្វី​ទាំង​អស់​ ហើយ​ខ្ញុំ​ក៏​មិន​ដឹង​ថា មក​ពី​មូល​ហេតុ​អ្វី​ដែរ។

ជិត​ដល់​ចុង​សប្តាហ៍ ខ្ញុំ​ក៏​បាន​ទទួល​ដំណឹង​ថា អ៊ុំ​ស្រី​របស់​ខ្ញុំ​ម្នាក់ មាន​ជំងឺ​ខូច​តម្រង​នោម។​ ខ្ញុំ​ដឹង​ថា ខ្ញុំ​ត្រូវ​តែ​ទៅ​សួរ​សុខ​ទុក្ខ​គាត់​ ផ្ទុយ​ទៅ​វិញ ខ្ញុំ​បែរ​ជា​មាន​អារម្មណ៍​ថា ចង់​ពន្យា​ពេល​ទៅ​សួរ​សុខ​ទុក្ខ​គាត់​ទៅ​វិញ។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ ខ្ញុំ​ក៏ ​បាន​ព្យាយាម​ទៅ​ផ្ទះ​គាត់​ឲ្យ​ខាន​តែ​បាន ដែល​នៅ​ទីនោះ យើង​ក៏​បាន​បរិភោគ​អាហារ ជជែក​គ្នា​លេង ហើយ​អធិស្ឋាន​ជា​មួយ​គ្នា។ មួយ​ម៉ោង​ក្រោយ​មក ខ្ញុំ​បាន​ធ្វើ​ដំណើរ​ចេញ​ពី​ផ្ទះ​គាត់ ដោយ​ទទួល​អាម្មណ៍​ស្រស់​ស្រាយ  ​ជា​លើក​ដំបូង ក្នុង​រយៈ​ពេល​មួយ​សប្តាហ៍​នោះ​។ តាម​ពិត ការ​ផ្តោត​ទៅ​លើ​សុខ​ទុក្ខ​របស់​អ្នក​ដទៃ ជា​ជាង​ផ្តោត​ទៅ​លើ​ខ្លួន​ឯង បាន​ជួយ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ប្រសើរ​ឡើង។

អ្នកជំនាញ​ផ្នែក​ចិត្ត​សាស្រ្ត​បាន​រក​ឃើញ​ថា ការ​ធ្វើ​ទាន ឬ​ការ​ឲ្យ អាច​បង្កើត​ឲ្យ​មាន​ការ​ស្កប់​ចិត្ត ពេល​ដែល​អ្នក​ឲ្យ បាន​មើល​ឃើញ​ថា អ្នក​ទទួល​មាន​ការ​ដឹង​គុណ​ចំពោះ​ការ​ឲ្យ​នោះ។ អ្នក​ជំនាញ​មួយ​ចំនួន ថែម​ទាំង​បាន​ជឿ​ថា​ មនុស្ស​មាន ចិត្ត​សប្បុរស តាំង​ពី​កំណើត​មក!

ប្រហែល​មក​ពី​ហេតុ​នេះ​ហើយ នៅ​ពេល​ដែល​សាវ័ក​ប៉ុល​លើក​ទឹក​ចិត្ត​ដល់​ពួក​ជំនុំ នៅ​ទីក្រុង​ថែស្សាឡូនីច ឲ្យ​កសាង​សហគមន៍​នៃ​សេចក្តី​ជំនឿ គាត់​ក៏​បាន​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​ជួយ​អ្នក​ដែល​ទន់​ខ្សោយ(១ថែស្សាឡូនីច ៥:១៤)។ មុន​នោះ គាត់​បាន​ដក​ស្រង់​ព្រះ​បន្ទូល​របស់​ព្រះ​យេស៊ូវ​ ដែល​បាន​មាន​បន្ទូល​ថា “​ដែល​ឲ្យ នោះ​បាន​ពរ​ជា​ជាង​ទទួល” (កិច្ចការ ២០:៣៥)។ ទោះ​បី​ក្នុង​បរិបទ​នេះ សាវ័ក​ប៉ុល​កំពុង​តែ​និយាយ​សំដៅ​ទៅ​លើ​ការ​ធ្វើ​ទាន ជា​លុយ​កាក់​ក៏​ដោយ  ក៏​ការ​នោះ​អាច​រាប់​បញ្ចូល​ការ​ផ្តល់​ឲ្យ​ជា​ពេល​វេលា ហើយ​និង​កម្លាំង​ផង​ដែរ។

ការ​ធ្វើ​ទាន អាច​ធ្វើ​ឲ្យ​យើង​យល់​កាន់​តែ​ច្បាស់ អំពី​ព្រះ​ហឫ​ទ័យ​របស់​ព្រះ​ជា​ម្ចាស់។ យើង​នឹង​បាន​យល់​ អំពី​មូល​ហេតុ ដែល​ព្រះ​ជា​ម្ចាស់​សប្បាយ​ព្រះ​ទ័យ​ នៅ​ក្នុង​ការ​ប្រទាន​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ដល់​យើង។ ហើយ​យើង​ក៏​អាច​មាន​សេចក្តី​អំណរ​ផង​ដែរ នៅ​ពេល​ដែល​យើង​ចេះ​ចែក​ចាយ​សេចក្តី​ស្រឡាញ់ និង​ព្រះ​ពរ​ទាំង​ប៉ុន្មាន​ដល់​អ្នក​ដទៃ។ ខ្ញុំ​គិត​ថា ខ្ញុំ​នឹង​ទៅ​លេង​អ៊ុំ​របស់​ខ្ញុំ​ម្តង​ទៀត ក្នុង​ពេល​ឆាប់​ៗ​នេះ។—Leslie Koh