នៅ​ពេល​ដែល​ខ្ញុំ និង​មិត្ត​ភក្តិ​របស់​ខ្ញុំ​ចេញ​ដើរ​លេង យើង​ក៏​បាន​ជជែក​គ្នា អំពី​ការ​ស្រឡាញ់​ព្រះ​គម្ពីរ។ មិត្ត​របស់​ខ្ញុំ បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល នៅ​ពេល​ដែល​គាត់​បាន​និយាយ​ថា គាត់​មិន​សូវ​ចូល​ចិត្ត​អាន​ព្រះ​គម្ពីរ​សញ្ញា​ចាស់​ប៉ុន្មាន​ទេ ព្រោះ​ព្រះគម្ពីរ​សញ្ញា​ចាស់​បាន​ចែង​អំពី​រឿង​ដែល​ពិបាក​អាន និង​និយាយ​អំពី​ការ​សង​សឹក។ គាត់​ចង់​អាន តែ​រឿង​ព្រះ​យេស៊ូវ​ប៉ុណ្ណោះ។

យើង​ប្រហែល​ជា​យល់​ស្រប​នឹង​ពាក្យ​ដែល​នាង​បាន​និយាយ ពេល​ដែល​យើង​បាន​អាន​ ព្រះគម្ពីរ​ណាហ៊ុម គឺដែល​បាន​ចែង​ថា “ព្រះយេហូវ៉ា​ទ្រង់​សង​សឹក ហើយ​ទ្រង់​រក្សា​នូវ​សេចក្តី​ក្រោធ” (ណាហ៊ុម ១:២)។ ប៉ុន្តែ ​យើង​ក៏​មាន​សង្ឃឹម​ឡើង ពេល​ដែល​បាន​អាន​ខបន្ទាប់ ដែល​បាន​ចែង​ថា​ “ព្រះយេហូវ៉ា​ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​ព្រះ​ចេស្តា​យ៉ាង​ធំ” (ខ.៣)។

នៅ​ពេល​ដែល​យើង​ស្វែង​យល់​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ អំពី​សេចក្តី​ក្រោធ​របស់​ព្រះ នោះ​យើង​នឹង​បាន​ដឹង​ថា ​ពេល​ដែល​ទ្រង់​មាន​សេចក្តី​ក្រោធ​ម្ដង​ៗ នោះ​ច្រើន​តែ​ដោយសារ​ទ្រង់​ការពារ​រាស្រ្ត​របស់​ទ្រង់ ឬ​ការពារ​ព្រះ​នាម​របស់​ទ្រង់​ផ្ទាល់។ ដោយ​សារ​តែ​ព្រះ​ទ្រង់​មាន​សេចក្តី​ស្រឡាញ់​ហូរ​ហៀរ ព្រះ​អង្គ​ត្រូវ​តែ​ស្វែង​រក​យុត្តិ​ធម៌ ហើយ​កាត់​ទោស​រាល់​ទាំង​សេចក្តី​កំហុស ប៉ុន្តែ ទ្រង់​នឹង​សង្រ្គោះ​ដល់​អស់​អ្នក​ណា ដែល​ត្រឡប់​មក​រក​ទ្រង់​វិញ។ យើង​ឃើញ​ថា​ទ្រង់​មិន​គ្រាន់​តែ​បាន​បង្ហាញ​ចេញ​នូវ​សេចក្តី​ស្រឡាញ់ នៅ​ក្នុង​គ្រា​សញ្ញា​ចាស់ ដោយ​ត្រាស់​ហៅ​រាស្រ្ត​របស់​ទ្រង់​ ឲ្យ​វិល​មក​រក​ទ្រង់​វិញ​ប៉ុណ្ណោះ​ឡើយ ប៉ុន្តែ ទ្រង់​ថែម​ទាំង​បាន​បង្ហាញ​សេចក្តី​ស្រឡាញ់​ទ្រង់ នៅ​ក្នុង​គ្រា​សញ្ញា​ថ្មី​ផង​ដែរ ដោយ​ចាត់​ព្រះ​រាជ​បុត្រា​តែ​១ របស់​ទ្រង់ ឲ្យ​សុគត​នៅ​លើ​ឈើ​ឆ្កាង ជំនួស​បាប​យើង​រាល់​គ្នា។

យើង​មិន​អាច​យល់​បាន​ទាំង​ស្រុង អំពី​អាថ៌​កំបាំង នៃ​បុគ្គលិក​លក្ខណៈ​របស់​ព្រះ​ជា​ម្ចាស់​ ប៉ុន្តែ យើង​អាច​ជឿ​ទុក​ចិត្ត​ថា ទ្រង់​មិន​ត្រឹម​តែ​សម្រេច​នូវ​យុត្តិធម៌​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​បាន​ធ្វើ​ជា​ប្រភព​នៃ​សេចក្តី​ស្រឡាញ់​យ៉ាង​បរិបូរ​ផង​ដែរ។​ យើង​មិន​ចាំ​បាច់​ត្រូវ​មាន​ការ​ភ័យ​ខ្លាច ចំពោះ​ព្រះ​ជា​ម្ចាស់​នោះ​ឡើយ ពីព្រោះ​ព្រះ​ទ្រង់ “ល្អ ទ្រង់​ជា​ទីពឹង​មាំ​មួន​នៅ​គ្រា​លំបាក ក៏​ស្គាល់​អស់​អ្នក​ដែល​យក​ទ្រង់​ ជា​ទីពឹង​ផ្អែក”(ខ.៧)។​—Amy Boucher Pye