មានពេលមួយ ខ្ញុំបានដើរចូលទៅក្នុងការិយាល័យប្រៃសណីយ៍ យ៉ាងប្រញាប់ប្រញាល់។ ខ្ញុំមានកិច្ចការជាច្រើន ដែលត្រូវធ្វើ ប៉ុន្តែ ខណៈពេលដែលខ្ញុំកំពុងតែដើរចូលទៅ ខ្ញុំមានអារម្មណ៍នឿយណាយយ៉ាងខ្លំាង ដោយឃើញមានមនុស្សឈរតម្រង់ជួររង់ចាំ តកន្ទុយគ្នារហូតដល់មាត់ទ្វារចូល។ ខ្ញុំមើលនាឡិការបណ្ដើរ រអ៊ូរទាំបណ្ដើរថា “ប្រញាប់ឡើង មិនអីទេ ខ្ញុំរង់ចាំបន្ដិចសិនចុះ”។
ពេលដែលខ្ញុំកំពុងឈរបន្តពីក្រោយគេ នៅមាត់ទ្វារនៅឡើយ ស្រាប់តែមានបុរសចំណាស់ម្នាក់ ដែលខ្ញុំមិនធ្លាប់ស្គាល់ពីមុន បានដើរមករកខ្ញុំ។ គាត់បានចង្អុលទៅកាន់ម៉ាស៊ីនថតចម្លង ដែលនៅពីក្រោយយើង រួចមានប្រាប់ថា គាត់មិនចេះប្រើម៉ាស៊ីនថតចម្លងឯកសារនោះទេ។ គាត់បានដាក់លុយចូលក្នុងម៉ាស៊ីននោះហើយ តែមិនដឹងថា ត្រូវធ្វើដូចម្តេចទៀត។ រំពេចនោះ ខ្ញុំក៏បានដឹងថា ព្រះទ្រង់សព្វព្រះទ័យ ឲ្យខ្ញុំ ធ្វើដូចម្ដេច។ ពេលនោះ ខ្ញុំបានដើរចេញពីជួរសិន ហើយក៏អាចដោះស្រាយបញ្ហាឲ្យគាត់រួចរាល់ តែក្នុងរយៈពេលដប់នាទីប៉ុណ្ណោះ។
បុរសនោះបានអរគុណខ្ញុំ រួចក៏បានចាកចេញទៅ។ ហើយខណៈពេលដែលខ្ញុំត្រឡប់មកតម្រង់ជួរវិញ ស្រាប់តែឃើញគេទៅអស់រលីង។ ដូច្នេះ ខ្ញុំក៏ដើរទៅផ្ញើឥវ៉ាន់ និងបង់ប្រាក់តែម្ដង ដោយមិនបាច់តម្រង់ជួរ។
បទពិសោធន៍ដែលខ្ញុំទទួលបាន នៅថ្ងៃនោះ ធ្វើឲ្យខ្ញុំនឹកចាំ ព្រះបន្ទូលរបស់ព្រះយេស៊ូវ ដែលបានមានបន្ទូលថា “ចូរឲ្យទៅគេ នោះនឹងបានមកអ្នកដែរ គេនឹងវាល់ឲ្យអ្នកយ៉ាងល្អ ទាំងញាត់ ទាំងរលាក់ ហើយដាក់ឲ្យហៀរ នឹងយកមកដាក់បំពេញចិត្តអ្នកផង ដ្បិតគេនឹងវាល់ឲ្យអ្នក តាមរង្វាល់ណាដែលអ្នកវាល់ឲ្យគេ” (លូកា ៦:៣៨)។
ការរង់ចាំរបស់ខ្ញុំ នៅថ្ងៃនោះ ហាក់ដូចជាមានរយៈពេលខ្លីជាងការគិតរបស់ខ្ញុំ ព្រោះព្រះទ្រង់បង្វែរអារម្មណ៍ខ្ញុំ ឲ្យងាកចេញពីពីភាពប្រញាប់ប្រញាល់។ ទ្រង់បានឲ្យខ្ញុំបែរទៅរកការបំពេញតម្រូវការរបស់អ្នកដទៃ ហើយក៏បានជួយខ្ញុំ ឲ្យចែករំលែកពេលវេលារបស់ខ្ញុំ ដល់អ្នកដទៃ ដែលនោះជាអំណោយមកពីទ្រង់។ ខ្ញុំសង្ឃឹមថា នឹងនឹកឃើញមេរៀននេះ នៅពេលណាខ្ញុំស្ថិតក្នុងការរង់ចាំ ដ៏ប្រញាប់ប្រញាល់។—James Banks