មាន​ពេល​មួយ ខ្ញុំ​បាន​ដើរ​ចូល​ទៅ​ក្នុង​ការិយាល័យ​ប្រៃសណីយ៍ យ៉ាង​ប្រញាប់​ប្រញាល់។ ខ្ញុំ​មាន​កិច្ចការ​ជា​ច្រើន​ ដែល​ត្រូវ​ធ្វើ ប៉ុន្តែ ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​តែ​ដើរ​ចូល​ទៅ ខ្ញុំ​មាន​អារម្មណ៍​នឿយ​ណាយ​យ៉ាង​ខ្លំាង ដោយ​ឃើញ​​មាន​មនុស្ស​ឈរ​តម្រង់​ជួរ​រង់​ចាំ តកន្ទុយ​គ្នា​រហូត​ដល់​មាត់​ទ្វារ​ចូល។ ខ្ញុំ​មើល​នាឡិការ​បណ្ដើរ រអ៊ូរទាំ​បណ្ដើរ​ថា “ប្រញាប់​ឡើង  មិន​អី​ទេ ខ្ញុំ​រង់​ចាំ​បន្ដិច​សិន​ចុះ”។

ពេល​ដែល​ខ្ញុំ​កំពុង​ឈរ​បន្ត​ពីក្រោយ​គេ នៅ​មាត់​ទ្វារ​នៅ​ឡើយ ស្រាប់​តែ​មាន​បុរស​ចំណាស់​ម្នាក់​ ដែល​ខ្ញុំ​មិន​ធ្លាប់​ស្គាល់​ពី​មុន បាន​ដើរ​មក​រក​ខ្ញុំ។ គាត់​បាន​ចង្អុល​ទៅ​កាន់​ម៉ាស៊ីន​ថត​ចម្លង ដែល​នៅ​ពី​ក្រោយ​យើង រួច​មាន​ប្រាប់​ថា គាត់​មិន​ចេះ​ប្រើ​ម៉ាស៊ីន​ថត​ចម្លង​ឯកសារ​នោះ​ទេ។ គាត់​បាន​ដាក់​លុយ​ចូល​ក្នុង​ម៉ាស៊ីន​នោះ​ហើយ តែ​មិន​ដឹង​ថា ត្រូវ​ធ្វើ​ដូច​ម្តេច​ទៀត។ រំពេច​នោះ ខ្ញុំ​ក៏​បាន​ដឹង​ថា ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​ ឲ្យ​ខ្ញុំ ធ្វើ​ដូចម្ដេច។ ពេល​នោះ ខ្ញុំ​បាន​ដើរ​ចេញ​ពី​ជួរ​សិន ហើយ​ក៏​អាច​ដោះ​ស្រាយ​បញ្ហា​ឲ្យ​គាត់​រួច​រាល់ តែ​ក្នុង​រយៈ​ពេល​ដប់​នាទី​ប៉ុណ្ណោះ។

បុរស​នោះ​បាន​អរគុណ​ខ្ញុំ រួច​ក៏​បាន​ចាក​ចេញ​ទៅ។ ហើយ​ខណៈ​ពេល​ដែល​ខ្ញុំត្រឡប់​មក​តម្រង់​ជួរ​វិញ ស្រាប់​តែ​ឃើញ​គេ​ទៅ​អស់​រលីង។ ដូច្នេះ ខ្ញុំ​ក៏​ដើរ​ទៅ​ផ្ញើ​ឥវ៉ាន់ និង​បង់​ប្រាក់​តែ​ម្ដង ដោយ​មិន​បាច់​តម្រង់​ជួរ។

បទ​ពិសោធន៍​ដែល​ខ្ញុំ​ទទួល​បាន នៅ​ថ្ងៃ​នោះ​ ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ ​ព្រះ​បន្ទូល​របស់​ព្រះយេស៊ូវ ដែល​បាន​មាន​បន្ទូល​ថា “ចូរ​ឲ្យ​ទៅ​គេ នោះ​នឹង​បាន​មក​អ្នក​ដែរ គេ​នឹង​វាល់​ឲ្យ​អ្នក​យ៉ាង​ល្អ ទាំង​ញាត់ ទាំង​រលាក់ ហើយ​ដាក់​ឲ្យ​ហៀរ នឹង​យក​មក​ដាក់​បំពេញ​ចិត្ត​អ្នក​ផង ដ្បិត​គេ​នឹង​វាល់​ឲ្យ​អ្នក តាម​រង្វាល់​ណា​ដែល​អ្នក​វាល់​ឲ្យ​គេ” (លូកា ៦:៣៨)។

ការ​រង់​ចាំ​របស់​ខ្ញុំ​ នៅ​ថ្ងៃ​នោះ ហាក់​ដូច​ជា​មាន​រយៈ​ពេល​ខ្លី​ជាង​ការ​គិត​របស់​ខ្ញុំ ព្រោះ​ព្រះ​ទ្រង់​បង្វែរ​អារម្មណ៍​ខ្ញុំ ឲ្យ​ងាក​ចេញ​ពី​ពី​ភាព​ប្រញាប់​ប្រញាល់។ ទ្រង់​បាន​ឲ្យ​ខ្ញុំ​បែរ​ទៅ​រក​ការ​បំពេញ​តម្រូវ​ការ​របស់​អ្នក​ដទៃ ហើយ​ក៏​បាន​ជួយ​ខ្ញុំ ឲ្យ​ចែក​រំលែក​ពេល​វេលា​របស់​ខ្ញុំ ដល់​អ្នក​ដទៃ ដែល​នោះ​ជា​អំណោយ​មក​ពី​ទ្រង់។ ខ្ញុំ​សង្ឃឹម​ថា នឹង​នឹក​ឃើញ​មេរៀន​នេះ នៅ​ពេល​ណា​ខ្ញុំ​ស្ថិត​ក្នុង​ការ​រង់​ចាំ ដ៏​ប្រញាប់​ប្រញាល់។—James Banks