មានពេលមួយ យើងបាននាំគ្នាជិះទូកកម្សាន្ត តាមទឹកទន្លេ។ អ្នកនាំជិះទូកបាននាំផ្លូវយើង ទៅរកមាត់ទន្លេ ហើយបានឲ្យយើងទាំងអស់គ្នា ពាក់អាវពោងសុវត្ថិភាព រួចឲ្យចាប់កាន់ចង្វារៀងៗខ្លួន។ ខណៈពេលដែលយើងចូលទៅក្នុងទូក គាត់បានកំណត់កន្លែងឲ្យយើងអង្គុយ ដើម្បីធ្វើឲ្យទូកមានលំនឹង និងមិនឃ្លីងឃ្លោង នៅពេលដែលយើងជិះទៅដល់ខ្សែទឹកដែលហូរលឿននៅត្រង់ល្បាក់ទឹក។ គាត់បានរៀបរាប់ អំពីអារម្មណ៍រំភើបរីករាយ ដែលយើងនឹងទទួលបាន នៅពេលដែលធ្វើដំណើរតាមផ្លូវទឹក ទៅមុខទៀត។ បន្ទាប់មក គាត់ក៏បាននិយាយលម្អិត អំពីការបញ្ជាទិសដៅជាបន្តបន្ទាប់ ដែលយើងត្រូវស្ដាប់ ហើយត្រូវធ្វើតាម ដើម្បីឲ្យទូកអាចបទបានត្រឹមត្រូវ កាត់តាមខ្សែទឹកដែលហូរយ៉ាងគំហុក។ ទីបំផុត គាត់ក៏បានធានាយើងថា ទោះបីជាពេលខ្លះ យើងអាចជួបភាពតានតឹង នៅតាមផ្លូវទឹកដែលយើងធ្វើដំណើរនោះក៏ដោយ ក៏ការធ្វើដំណើររបស់យើង នឹងមានភាពរំភើបរីករាយ ហើយមានសុវត្ថិភាព។
ជួនកាល យើងមានអារម្មណ៍ថា ជីវិតរបស់យើង ប្រៀបដូចជាការធ្វើដំណើរតាមទូក កាត់ផ្លូវទឹកដែលហូរលឿន ដែលត្រូវឆ្លងកាត់ខ្សែទឹកហូរយ៉ាងគំហុក ជាញឹកញាប់ពេក។ ស្ថិតក្នុងពេលបែបនេះ ចូរយើងនឹកចាំ អំពីសេចក្តីសន្យា ដែលព្រះជាម្ចាស់ ប្រទានឲ្យពួកអ៊ីស្រាអែល តាមរយៈហោរាអេសាយ ដែលអាចជួយរម្ងាប់អារម្មណ៍របស់យើង នៅពេលដែលយើងមានអារម្មណ៍ភ័យខ្លាច រឿងកាន់តែការអាក្រក់ជាមុន នឹងកើតឡើង នៅពេលខាងមុខ។ គឺដូចដែលទ្រង់មានបន្ទូលថា “កាលណាដើរកាត់ទន្លេ នោះទឹកនឹងមិនលិចឯងឡើយ” (អេសាយ ៤៣:២)។ នៅសម័យនោះ ពួកកូនចៅអ៊ីស្រាអែលមានការភ័យខ្លាចដ៏ហួសប្រមាណ គឺខ្លាចព្រះទ្រង់បោះបង់ចោលពួកគេ ខណៈពេលដែលពួកគេត្រូវនិទេសខ្លួនចេញពីស្រុកកំណើត ដែលជាលទ្ធផលនៃការធ្វើបាបទាស់នឹងទ្រង់។ តែផ្ទុយទៅវិញ ព្រះទ្រង់បានធានាដល់ពួកគេ ព្រមទាំងបានសន្យាថា ទ្រង់នឹងគង់នៅជាមួយពួកគេ ពីព្រោះព្រះអង្គស្រឡាញ់ពួកគេ (ខ.២,៤)។
ព្រះជាម្ចាស់នឹងមិនបោះបង់យើងរាល់គ្នាចោល ឲ្យត្រូវលិចលង់នៅក្នុងទឹកដែលហូរយ៉ាងគំហុក គ្មានកោះត្រើយនោះឡើយ។ យើងរាល់គ្នាអាចទុកចិត្តថា ទ្រង់នឹងនាំផ្លូវយើង ឆ្លងកាត់ដំណើរដ៏ពិបាក ដែលមានការភ័យខ្លាច និងបញ្ហាដ៏ឈឺចាប់បំផុត ព្រោះទ្រង់ស្រឡាញ់យើង ហើយក៏សន្យាថា នឹងគង់នៅជាមួយយើងជានិច្ច។—Kirsten Holmberg