ពេល​ខ្លះ ជីវិត​របស់​ខ្ញុំ​មាន​ភាព​មមា​ញឹក​ណាស់។ ការ​សិក្សា​មាន​ការ​ពិបាក ការ​ងារ​ក៏​មាន​ភាព​នឿយ​ហត់ ​ខ្ញុំ​ត្រូវ​សម្អាត​បន្ទប់​គេង​ជា​ប្រចាំ ហើយ​ការ​ណាត់​ជួប​នៅ​ហាង​កាហ្វេ ក៏​មាន​នៅ​ក្នុង​កាល​វិភាគ​ទៀត។ ខ្ញុំ​រវល់​ខ្លាំង​ពេក រហូត​ដល់​ថ្នាក់​ ខ្ញុំ​ត្រូវ​តែ​បង្ខំ​ខ្លួន​ឯង ឲ្យ​រំលែក​ពេល​អាន​ព្រះ​គម្ពីរ ឲ្យ​បាន​ពីរ​បី​នាទី ក្នុង​មួយ​ថ្ងៃ ហើយ​ប្រាប់​ខ្លួន​ឯង​ថា សប្ដាហ៍​ក្រោយ ខ្ញុំ​នឹង​ចំណាយ​ពេល​បន្ថែម​ទៀត​ជា​មួយ​ព្រះ​ជាម្ចាស់។ ប៉ុន្តែ មិន​យូរ​ប៉ុន្មាន ខ្ញុំ​បន្ត​ជាប់​រវល់​ជា​មួយ​ភារៈ​កិច្ច​ប្រចាំ​ថ្ងៃ ហើយ​ថែម​ទាំង​ភ្លេច ទូល​សូម​ជំនួយ​មក​ពី​ទ្រង់ នៅ​ក្នុង​រឿង​ដ៏​ចាំ​បាច់​មួយ​ចំនួន។

នៅ​ពេល​ដែល​លោក​ពេត្រុស​កំពុង​ដើរ​លើ​ទឹក ឆ្ពោះ​ទៅ​រក​ព្រះយេស៊ូវ ​គាត់​ក៏​បាន​បែក​អារម្មណ៍​ចេញ​ពី​ទ្រង់ ដោយ​សារ​ខ្យល់ និង​ទឹក​រលក។ គាត់​ក៏​ចាប់​ផ្ដើម​លិច​ចូល​ទៅ​ក្នុង​ទឹក(ម៉ាថាយ ១៤:២៩-៣០)។ ក៏​ប៉ុន្តែ នៅ​ពេល​ដែល​លោក​ពេត្រុស​ស្រែក​សូម​ឲ្យ​ព្រះយេស៊ូវ​ជួយ “​ទ្រង់​ក៏​លូក​ព្រះហស្ត​ទៅ​ចាប់​គាត់​ភ្លាម” (ខ.៣០-៣១)។

ជាញឹក​ញាប់ ខ្ញុំ​ហាក់​ដូច​ជា​មាន​អារម្មណ៍​ថា ខ្ញុំ​មាន​ការ​រវល់​ខ្លាំង​ពេក ហើយ​ចេះ​តែ​មាន​អ្វី​នាំ​ឲ្យ​ខ្ញុំ​បែក​អារម្មណ៍​ចេញ​ពី​ទ្រង់ បាន​ជា​ខ្ញុំ​ត្រូវ​អនុញ្ញាត​ឲ្យ​ទ្រង់​ជួយ​ខ្ញុំ។ នៅ​ពេល​ណា​ ដែល​យើង​វិល​មក​រក​ព្រះយេស៊ូវ ដើម្បី​សុំ​ជំនួយ ​ទ្រង់​នឹង​លូក​ព្រះ​ហស្ត​ ដើម្បី​ជួយ​ភ្លាម​ៗ ដោយ​ឥត​រារែក​ឡើយ។​

នៅ​ពេល​ណា ដែល​ភាព​ចលាចល​នៅ​ក្នុង​ជីវិត ធ្វើ​ឲ្យ​យើង​បាត់​បង់​លំនឹង ​យើង​ងាយ​នឹង​ភ្លេច​ថា ព្រះ​ទ្រង់​កំពុង​តែ​គង់​នៅ​ក្នុង​ព្យុះ​នោះ​ ជា​មួយ​នឹង​យើង​ដែរ។ ព្រះ​យេស៊ូវ​បាន​សួរ​ពេត្រុស​ថា “ហេតុ​អ្វី​បាន​ជា​អ្នក​សង្ស័យ?” (ខ.៣១)។ ទោះ​បីជា​យើង​កំពុង​តែ​ឆ្លង​កាត់​រឿង​អ្វី​ក៏​ដោយ ព្រះ​ទ្រង់​គង់​នៅ​ជា​មួយ​យើង​ជា​និច្ច។ ទ្រង់​កំពុង​តែ​គង់​នៅ​ជា​មួយ​យើង នៅ​ពេល​ឥឡូវ​នេះ ហើយ​​តែង​តែ​ប្រុង​ជា​ស្រេច ដើម្បី​លូក​ព្រះហស្ត​ជួយ​សង្រ្គោះ​យើង។​—Julie Schwab