ក្នុងនាមខ្ញុំជាអ្នកថតរូបជាលក្ខណៈកម្សាន្ត ខ្ញុំចូលចិត្តផ្ដិតយករូបភាពនៃស្នាព្រះហស្ត ដែលព្រះទ្រង់បានបង្កើត ដោយភាពប៉ិនប្រសប់។ ខ្ញុំដឹងថា ស្នាមអង្គុលីរបស់ទ្រង់ បានជាប់នៅត្របកផ្កានីមួយៗ ហើយនៅលើកាំរស្មីនៃព្រះអាទិត្យរះ និងលិច ព្រមទាំងនៅលើផ្ទាំងទស្សនីយភាពនៃផ្ទៃមេឃ ដែលមានពពក និងពន្លឺផ្កាយភ្លឺផ្លេក។
ម៉ាស៊ីនថតរបស់ខ្ញុំអាចពង្រីករូបភាពបានច្បាស់ល្អ ដូច្នេះហើយ ខ្ញុំក៏អាចថតរូបសត្វ ដែលទ្រង់បានបង្កើតផងដែរ។ ខ្ញុំថតបានសត្វកំប្រុកជាច្រើនប៉ុស្ទ ពេលពួកវាកំពុងប្រលែងគ្នាចចេចចាច នៅលើដើមសារី ដែលមានផ្ការីកស្គុះស្គាយ។ ខ្ញុំក៏បានថតរូបសត្វមេអំបៅ ដែលកំពុងបើកបិទស្លាបចុះឡើងៗ ហើយនិងសត្វកន្ធាយសមុទ្រ ដែលកំពុងសំដិលខ្លួន នៅលើឆ្នេរខ្សាច់ពណ៌ខ្មៅ ដែលមានថ្មច្រើន។ រូបថតដ៏ល្អឯកនីមួយៗ ជំរុញឲ្យខ្ញុំមានចិត្តចង់ថ្វាយបង្គំព្រះនៃខ្ញុំ ដែលជាអ្នកបង្កើតដ៏អស្ចារ្យ។
មិនមែនមានតែខ្ញុំទេ ដែលសរសើរតម្កើងព្រះជាម្ចាស់ ខណៈពេលដែលខ្ញុំស្ងើចសរសើរស្នាព្រះហស្តដ៏វិសេសវិសាលរបស់ទ្រង់ទាំងប៉ុន្មាន។ អ្នកនិពន្ធព្រះគម្ពីរ ទំនុកដំកើង ជំពូក ១០៤ បានច្រៀងសរសើរ អំពីស្នាព្រះហស្តដ៏ប្រណិតរបស់ព្រះជាម្ចាស់ ដែលមាននៅក្នុងធម្មជាតិ(ខ.២៤)។ គាត់បានពណ៌នាថា “សមុទ្រដ៏ធំ ហើយទូលាយ នៅក្នុងទឹកនោះ មានរបស់រវើកឥតគណនា (ខ.២៥)។ ហើយគាត់ក៏មានអំណរជាខ្លាំង ចំពោះព្រះជាម្ចាស់ ដោយសារទ្រង់បានយកព្រះទ័យទុកដាក់ទាំងស្រុង ជានិច្ច ចំពោះស្នាព្រះហស្តទ្រង់(ខ.២៧-៣១)។ អ្នកនិពន្ធទំនុកដំកើងក៏បានពិចារណា អំពីភាពអស្ចារ្យនៃជីវិតដែលព្រះទ្រង់ប្រទាន បានជាគាត់ក្រាបថ្វាយបង្គំទ្រង់ ដោយទូលថ្វាយទ្រង់ថា “កាលនៅមានជីវិតនៅឡើយ នោះទូលបង្គំនឹងច្រៀងថ្វាយព្រះយេហូវ៉ាជាដរាប កាលទូលបង្គំមាននៅៗឡើយ នោះនឹងច្រៀងសរសើរដល់ព្រះនៃទូលបង្គំ (ខ.៣៣)។
ខណៈពេលដែលយើងជញ្ជឹងគិត អំពីស្នាព្រះហស្តដ៏ល្អប្រណិត និងធំសម្បើម ដែលព្រះទ្រង់បានបង្កើត យើងអាចមើលឃើញឲ្យកាន់តែជិត ចំពោះភាពប៉ិនប្រសប់ និងភាពលម្អិត ដែលទ្រង់មាននៅក្នុងការបង្កើត។ ពេលនោះ យើងក៏អាចយកគំរូតាមអ្នកនិពន្ធបទគម្ពីរទំនុកដំកើង ដោយច្រៀងថ្វាយព្រះអាទិករនៃយើង ដោយការសរសើរ ដោយការដឹងគុណ ដ្បិតទ្រង់អស្ចារ្យ ពេញដោយព្រះចេស្ដា និងសេចក្តីស្រឡាញ់ ជារៀងដរាប។ ហាលេលូយ៉ា! —Xochitl Dixon