កាល​ដែល​យើង​នៅ​ទីក្រុង​ឡុងដ៍ មិត្ត​ភក្ដិ​របស់​យើង​ម្នាក់​បាន​រៀប​ចំ​ឲ្យ​ខ្ញុំ និង​ម៉ាលីន ភរិយា​របស់​ខ្ញុំ​ទៅ​ទស្សនា​សួន​អាកាស​។ សួន​អាកាស​នោះ​ស្ថិត​នៅ​ជាន់​លើ​បំផុត នៃ​អគារ​កម្ពស់​៣៥​ជាន់ នៅ​សង្កាត់​ពាណិជ្ជ​កម្ម​នៃ​ទីក្រុង​ឡុង។ គេ​បាន​ដាំ​រុក្ខ​ជាតិ​តូច​ៗ និង​ដើម​ឈើ ព្រម​ទាំង​ផ្កា​ស្រស់​បំព្រង នៅ​ក្នុង​សួន​ច្បារ​នោះ ដែល​មាន​កញ្ចក់​ហុម​ព័ទ្ធ​ជុំវិញ។ ប៉ុន្តែ អ្វី​ដែល​​យើង​ចាប់​អារម្មណ៍​បំផុត​នោះ គឺ​យើង​អាច​គយ​គន់​ពី​ខាង​លើ​អគារ ដែល​មាន​កម្ពស់​១៥២ ម៉ែត្រ ដោយ​ស្ងើច​សរសើរ ព្រះ​វិហារ​ធំ​សន្តប៉ុល ព្រម​ទាំង​ប៉ម​ទីក្រុង​ឡុងដ៍ និង​អ្វី​ៗ​ជា​ច្រើន​ទៀត។ ទេសភាព​នៃ​រាជ​ធានី​ទាំង​មូល ពិត​ជា​គួរ​ឲ្យ​ពិច​ពិល​រមិល​មើល​ណាស់ ហើយ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​ដែល​ព្រះ​ទ្រង់​ទត​មើល​មក​យើង​រាល់​គ្នា។

ព្រះ​នៃ​យើង​ទ្រង់​ទត​ឃើញ​ការ​ទាំង​អស់​ ដែល​យើង​ជួប​ប្រទះ។ គឺ​ដូច​ដែល​អ្នក​និពន្ធ​ព្រះ​គម្ពីរ​ទំនុក​ដំកើង បាន​ថ្លែង​ថា “ដ្បិត​ទ្រង់​បាន​ក្រឡេក​ទត​ពី​ជាន់​ខ្ពស់​នៃ​ទី​បរិសុទ្ធ​ទ្រង់ គឺ​ព្រះយេហូវ៉ា​បាន​ទត​ពី​ស្ថានសួគ៌​មក ពិចារណា​មើល​ផែនដី ដើម្បី​នឹង​ស្តាប់​ដំងូរ​របស់​ពួក​ឈ្លើយ ហើយ​នឹង​ស្រាយ​លែង​អស់​អ្នក ​ដែល​បាន​តម្រូវ​ឲ្យ​ត្រូវ​ស្លាប់” (ទំនុក​ដំកើង ១០២:១៩-២០)។

ជា​រឿយ​ៗ ​យើង​រាល់​គ្នា​ជាប់​ខ្លួន ក្នុង​ពេល​បច្ចុប្បន្ន​កាល​ ដែល​ពេញ​ទៅ​ដោយ​ការ​ពិបាក ធ្វើ​ឲ្យ​យើង​មាន “ដំងូរ” ដោយ​ភាព​អស់​សង្ឃឹម គឺ​មិន​ខុស​ពី​មនុស្ស ដែល​កំពុង​ឈឺ​ចាប់ ដែល​មាន​ចែង​ក្នុង​បទ​គម្ពីរ ទំនុក​ដំកើង ជំពូក ១០២ ប៉ុន្មាន​ទេ។ ប៉ុន្តែ ព្រះ​ទ្រង់​ទត​ឃើញ និង​ជ្រាប​ អំពី​ជីវិត​របស់​យើង តាំង​ពី​ដើម​ រហូត​ដល់​ចប់។ មាន​បញ្ហា​ខ្លះ​ធ្វើ​ឲ្យ​យើង​ងងឹត​រក​មើល​អ្វី​មិន​យល់ តែ​ព្រះ​ទ្រង់​នៅ​តែ​យល់​អារម្មណ៍​របស់​យើង​ជា​និច្ច។ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​ជឿ​ជាក់​ថា ដោយ​សារ​ព្រះ​ទ្រង់​ទត​ឃើញ​យើង​គ្មាន​កន្លែង​ចន្លោះ នោះ​ទ្រង់​នឹង​ជួយ​សង្រ្គោះ​យើង​ ឲ្យ​រួច​ពី​ “សេចក្តី​ស្លាប់​” ផង (ខ.២០,២៧-២៨)។​​

ពេល​ណា​យើង​ជួប​ការ​ពិបាក យើង​ប្រហែល​មិន​ដឹង​ថា​ មាន​អ្វី​កើត​ឡើង​បន្ទាប់​ទៀត ប៉ុន្តែ ចូរ​យើង​ចាំ​ថា​ ព្រះ​អម្ចាស់​ទ្រង់​ជ្រាប​ទាំង​អស់។ យើង​អាច​ទុក​ចិត្ត​ទ្រង់​ ក្នុង​គ្រប់​កាលៈ​ទេសៈ​ទាំង​អស់ ដែល​នៅ​ខា​ង​មុខ​យើង។​—Bill Crowder